ការធ្វើឲ្យប្រសើរវិញនូវការគោរពសិទ្ធិកម្មករ និងការផ្តល់ឲ្យសហជីពឯករាជ្យ នូវសិទ្ធិសេរីភាពដើម្បីការពារប្រយោជន៍កម្មករជាចំណុចស្នូលសម្រាប់កម្ពុជាក្នុងការទទួលបានត្រឡប់មកវិញនូវឋានៈអនុគ្រោះពន្ធពេញលេញរបស់សហភាពអឺរ៉ុបគឺ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ហៅកាត់ថា EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកហៅកាត់ថា GSP។ នេះជាការបកស្រាយរបស់អ្នកតស៊ូមតិក្នុងវិស័យការងារតាមអត្ថបទបញ្ចេញមតិមួយដែលវីអូអបានទទួល។
កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានដកមួយផ្នែកនៃឋានៈអនុគ្រោះពន្ធ EBA របស់ខ្លួនស្មើនឹង ២០ ភាគរយ ដោយសារការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា ហើយរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់បញ្ជាក់ថា កម្ពុជាអាចនឹងទទួលបានឋានៈអនុគ្រោះពន្ធ GSP ជាថ្មីទៀត ឬយ៉ាងណានោះទេ។
នៅក្នុងការផ្សព្វផ្សាយអត្ថបទបញ្ចេញមតិមួយ មុនពេលចាប់ផ្តើមដំណើរការពិនិត្យជាសាកលតាមកាលកំណត់ទៅលើប្រវត្តិសិទ្ធិមនុស្ស (Universal Periodic Review ឬ UPR) នៅអង្គការសហប្រជាជាតិនាខែកុម្ភៈនេះ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ បានបកស្រាយថា ស្ថានភាពនៃការគោរពសិទ្ធិកម្មករនៅមិនទាន់មានភាពប្រសើរឡើងនៅឡើយ ហើយសហជីពឯករាជ្យដែលការពារប្រយោជន៍កម្មករជារឿយៗរងការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង និងបានកំពុងបាត់បង់សិទ្ធិជួយកម្មករ ព្រោះតែចំណុចសំខាន់មួយគឺ«ភាពជាតំណាងបំផុតរបស់កម្មករ»ដែលនៅមិនទាន់ត្រូវបានកែសម្រួល។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សិទ្ធិជាមូលដ្ឋានមួយចំនួនរបស់ពលរដ្ឋកំពុងបន្តសិ្ថតក្រោមការរឹតត្បិត ដែលទាមទារឲ្យមានកែទម្រង់ច្បាប់ពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិពលរដ្ឋគ្រប់រូប រួមទាំងកម្មករ ថ្នាក់ដឹកនាំសហជីព ឬសកម្មជនសង្គមឯទៀតៗ ក៏ដូចជាអ្នកការពារសិទ្ធិមនុស្សត្រូវបានគេគោរព និងមិនរងការបំពារបំពាន។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ នៅពេលដែលសកម្មជន ថ្នាក់ដឹកនាំសហជីព ឬក៏សកម្មជនសង្គម ឬក៏អង្គការសង្គមស៊ីវិលដែលធ្វើការងារ ក្នុងការលើកកម្ពស់សិទ្ធិមនុស្សត្រូវបានបន្តទទួលរងនូវការគំរាមកំហែង ដូចយើងដឹងហើយថ្មីៗនេះ លោកស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យរបស់សមាគមអាដហុក គាត់ក៏ត្រូវបានខាងគណបក្សប្រជាជនហ្នឹងធ្វើការប្តឹងទាក់ទងទៅនឹងការលើកឡើងរបស់គាត់ជាមួយនឹងសារព័ត៌មានឌឹ ខេមបូឌាដេលី ជាដើមអីចឹង។ អានេះវាឆ្លុះបញ្ចាំងអំពីសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងការលើកឡើងអំពីកង្វះខាត ឬក៏នៅពេលដែលយើងក្នុងនាមអង្គការសង្គមស៊ីវិលហ្នឹង ដែលធ្វើកិច្ចការងារលើវិស័យហ្នឹងមើលឃើញថា សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនេះ វាមានការធ្លាក់ចុះអ៊ីចឹងអានេះវាជាទឡ្ហីករណ៍ជាសូចនាករមួយ»។
លោកបន្ថែមថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ការគំរាមកំហែងលើសហជីពឯករាជ្យត្រូវបានធ្វើឡើងជាលក្ខណៈប្រព័ន្ធ ខណៈមិនមានការកែប្រែច្បាប់ស្តីពីការងារ និងច្បាប់សហជីពដែលអាចយកជាការបានក្នុងការលើកកម្ពស់សិទ្ធិការងារ។
លោកថ្លែងថា៖ «កន្លងមក យើងសង្កេតឃើញថា មានការស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីពដែលត្រូវរដ្ឋសភាបានអនុម័ត ប្រកាសឲ្យប្រើប្រាស់ ក៏ប៉ុន្តែការធ្វើវិសោធនកម្ម ក៏ដូចជាការកែប្រែនូវមាត្រាមួយចំនួន ហើយភាគច្រើននោះ វាគ្រាន់តែជាការកែប្រែ ការធ្វើវិសោធនកម្ម គ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ»។
យោងតាមអត្ថបទបញ្ចេញមតិរបស់អ្នកតស៊ូមតិក្នុងវិស័យការងារ ដែលបានផ្ញើជូនអង្គភាពសារព័ត៌មានកាលពីសប្តាហ៍មុន គណៈកម្មាការសហភាពអឺរ៉ុបបានកត់សម្គាល់ក្នុងរបាយការណ៍ចុងក្រោយស្តីពីឋានៈអនុគ្រោះពន្ធ EBA របស់ខ្លួនមួយថាកម្ពុជានៅបណ្តោយឲ្យកើតមានការរំលោភលើសិទ្ធិជួបជុំ និងការចរចារួមគ្នា។
អត្ថបទដដែលរៀបរាប់ទៀតថា មានបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនបានកើតឡើងទៅលើការចុះបញ្ជីសហជីព និងការចរចារួមគ្នា ហើយក៏មានការបន្តប្រើប្រាស់កិច្ចសន្យាមានថេរវេលាកំណត់ជាឧបករណ៍ប្រឆាំងនឹងការបង្កើតសហជីព។
ផ្អែកតាមទិន្នន័យដែលប្រមូលបានពីសហជីព និងសហព័ន្ធឯករាជ្យ យ៉ាងហោចណាស់មានកម្មករ ចំនួនជិត ៣ម៉ឺន ៤ពាន់នាក់ មកពីរោងចក្រចំនួន ៤៩ នៅបន្តធ្វើការក្រោមកិច្ចសន្យាដែលមានថេរវេលាកំណត់ បើទោះបីតាមធាតុពិតជាក់ស្តែង ពួកគេត្រូវទទួលបានកិច្ចសន្យាការងារដែលគ្មានថេរវេលាកំណត់ ហើយមានកម្មករចំនួន ៦៣០ នាក់ មិនត្រូវបានជួលឲ្យធ្វើការងារវិញ បន្ទាប់ពីមានការបង្កើតសហជីព។
នៅក្នុងការផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា អ្នកតស៊ូមតិក្នុងវិស័យការងារ លើកឡើងចំណុចសំខាន់ៗមួយចំនួនថា រដ្ឋាភិបាលត្រូវធ្វើឲ្យមានភាពសាមញ្ញជាងមុននៃការកំណត់ភាពជាតំណាងបំផុតរបស់កម្មករ ដើម្បីដោះស្រាយវិវាទកម្មករឲ្យបានត្រឹមត្រូវតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាលឯករាជ្យ កែប្រែបទប្បញ្ញត្តិដែលរឹតត្បតិសិទ្ធិប្រមូលផ្តុំ និងសិទ្ធិធ្វើកូដកម្ម និងការពារមេដឹកនាំសហជីពពីអំពើហិង្សា ការរើសអើង និងការធ្វើឲ្យមានទោសទណ្ឌ។
លិខិតបញ្ចេញមតិរបស់អ្នកតស៊ូមតិលើកឡើងថា៖ «ការដោះស្រាយក្តីកង្វល់នានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែលកំពុងកើតមាន គឺជាកត្តាសំខាន់មួយសម្រាប់ការទទួលបានមកវិញពេញលេញ នូវឋានៈអនុគ្រោះពន្ធ EBA ក៏ដូចជាឲ្យកម្ពុជាបានត្រៀមខ្លួនទុកជាមុនសម្រាប់ការទទួលបានឋានៈអនុគ្រោះពន្ធសហរដ្ឋអាមេរិក GSP ដែលទាំងអស់នេះទាមទារការប្តេជ្ញាចិត្តដ៏គួរឲ្យទុកចិត្តបានរបស់រដ្ឋាភិបាលកម្ពុជា»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្តា អ៊ន ច្រានចោលការលើកឡើងរបស់សង្គមស៊ីវិល ដែលធ្វើការតស៊ូមតិក្នុងវិស័យការងារពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសហជីព ដោយថា កម្ពុជាជាទីដែលមានលម្ហសេរីភាពយ៉ាងទូលំទូលាយសម្រាប់សហជីពដែលត្រូវតែអនុវត្តសិទ្ធិអំណាចរបស់ខ្លួនទៅតាមច្បាប់ស្តីពីការងារ និងសហជីព។
លោកបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងសហជីព គឺដើម្បីធានាឲ្យមានការគោរពសិទ្ធិការងារឲ្យបានប្រសើរជាងមុន ខណៈមានសហជីព សហភាពសហជីព និងសហព័ន្ធសហជីពចំនួនជាង ៦០០០ ត្រូវបានបង្កើតឡើងនិងកំពុងធ្វើតាមសកម្មភាពនៅតាមរោងចក្រ និងសហគ្រាសនានា។
លោកប្រាប់វីអូអេថា៖ «រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មលើច្បាប់ការងារ ក៏ដូចជាច្បាប់សហជីពក្នុងគោលដៅធានាឲ្យមានការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការគោរពនូវវិធានដែលមានចែង ពាក់ព័ន្ធនឹងសហជីព ការបង្កើតសហជីព ការចុះបញ្ជីការសហជីព និងការប្រព្រឹត្តទៅនៃសហជីព ធ្វើយ៉ាងណាឲ្យបងប្អូនកម្មករនិយោជិតក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដែលជាសហជីពនេះត្រឹមត្រូវតាមច្បាប់ ហើយមានវិសាលភាពនៅក្នុងការការពារផលប្រយោជន៍របស់កម្មករនិយោជិតដ៏ពិតប្រាកដ»។
លោករៀបរាប់ទៀតថា៖ «មតិមួយចំនួនដែលលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ការងារក៏ដូចជាច្បាប់សហជីព មិនផ្តល់ប្រយោជន៍ដល់ភាគីសហជីពក៏ដូចជាកម្មករនិយោជិត គឺជាការមិនបានយល់ដឹងអំពីខ្លឹមសារច្បាស់លាស់ មិនបានអានច្បាប់ឲ្យបានស៊ីជម្រៅនូវមាត្រាច្បាប់ ដូច្នេះហើយការណ៍ដែលយើង មានការភាន់ច្រឡំ មានការមិនយល់ដឹងធ្វើឲ្យយើងមានការបកស្រាយ ឬការអនុវត្តមិន ត្រឹមត្រូវ។ ដូច្នេះអ្វីៗក៏ដោយត្រូវទាមទារឲ្យមានការពិនិត្យពិច័យឲ្យច្បាស់លាស់ ឲ្យមានការថ្លឹងថ្លែងឲ្យច្បាស់លាស់ឲ្យមានការ វិភាគយល់ដឹងអំពីខ្លឹមសារច្បាប់ឲ្យច្បាស់លាស់ទើបយើងអាចធ្វើការងារមួយបានត្រឹមត្រូវក្នុងក្របខណ្ឌច្បាប់ ដើម្បីធានាផលប្រយោជន៍ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសផលប្រយោជន៍បងប្អូនកម្មករនិយោជិតរបស់យើង»។
ដំណើរការពិនិត្យជាសាកលតាមកាលកំណត់ទៅលើប្រវត្តិសិទ្ធិមនុស្ស (Universal Periodic Review ឬ UPR) នៅអង្គការសហប្រជាជាតិលើកនេះ គឺជាការពិនិត្យជុំទី ៤ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកុម្ភៈនេះ។ ភាគីរដ្ឋាភិបាលកម្ពុជាក៏ត្រូវដាក់របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សទៅក្នុងដំណើរការពិនិត្យជាសាកលតាមកាលកំណត់នេះដែរ៕
វេទិកាបញ្ចេញមតិ