បារាំងមានបំណងនៅក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា ខណៈបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យនៅតែជាក្តីបារម្ភសម្រាប់បារាំង។ នេះបើតាមលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។
លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបារាំងលើកឡើងថា ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពប្រសើរឡើង ដោយសារតែប្រទេសទាំងពីរនេះមានប្រវត្តិសាស្ត្ររួមគ្នា។ លោកបន្ថែមថា ប្រទេសទាំងពីរបង្កើនសន្ទនាផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរជាច្រើនលើកច្រើនសា ដែលបង្កើនសន្ទុះដល់ទំនាក់ទំនងនេះ។
បើតាមឯកអគ្គរដ្ឋទូតរូបនេះ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង បង្ហាញពីសារៈសំខាន់នៃទំនាក់ទនងរវាងប្រទេសទាំងពីរ។
លោកថ្លែងជាភាសាបារាំងហើយត្រូវបានបកប្រែជាខ្មែរថា៖ «កន្លងមកហាក់ដូចជាមានភាពអាក់ខាននៅក្នុងការផ្តល់សន្ទុះនេះ។ មួយទៀតដោយសារកូវីដ១៩ ផងដែរ ហើយយើងបានជ្រាបច្បាស់ថា ប្រទេសបារាំងជាមួយអាស៊ានវិញ គឺយើងហាក់ដូចជាមានភាពយឺតយ៉ាវនៅក្នុងទំនាក់ទំនងជាមួយអាស៊ាន ហើយមួយទៀតភូមិសាស្ត្រនយោបាយ ដោយសារតែមានការប្រកួតប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក ហើយយើងបានក្រឡេកមកមើលខាងអាស៊ាន យើងមានឆន្ទៈមួយចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដោយសារតែកម្ពុជា គឺយើងមានទំនាក់ទំនងជាយូរមកហើយ»។
បើតាមលោក ហ្សង់ ប៉ឺឡេ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះគឺដើម្បីពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឯកអគ្គរដ្ឋទូតរូបនេះលើកឡើងថា បារាំងនៅតែព្រួយបារម្ភពាក់ព័ន្ធនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងថា បញ្ហាទាំងនេះត្រូវតែស្ថិតនៅក្នុងផ្នែកនៃការពិភាក្សាគ្នារវាងកម្ពុជា និងបារាំង។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសបារាំងនេះ គឺដើម្បីបញ្ជាក់ពីចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបារាំង និងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈពិសេស។
លោកថ្លែងថា៖ «សំដៅបានបញ្ជាក់ឱ្យឃើញថា បារាំងបានវាយតម្លៃ និងផ្តល់តម្លៃចំពោះទំនាក់ទំនងការទូត នយោបាយ ទាំងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង ហើយនេះគឺជាមោទនភាពរបស់យើង ហើយយើងក៏ផ្តល់នូវការឆ្លើយតបស្មើភាពគ្នា ទំនាក់ទំនងកម្ពុជា-បារាំង ដែលមានជាយូរមកហើយ ហើយជាទំនាក់ទំនងប្រវត្តិសាស្ត្រដែលយើងត្រូវបន្តពូនជ្រំ»។
បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីឆ្នាំ ២០២៣ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានជាង ២០០លានអឺរ៉ូ សម្រាប់គម្រោងនានានៅកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងថាមពល។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជា និងបារាំងមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ ដោយសារតែមានប្រវត្តិសាស្ត្ររួមគ្នា។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បង្ហាញពីសារៈសំខាន់របស់បារាំងនៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះប្រហែលជាមិនឃ្លាតឆ្ងាយចេញពីការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គម ហើយនឹងវប្បធម៌ ក៏ដូចជាទាក់ទាញបន្ថែមនូវក្រុមហ៊ុនវិនិយោគបន្ថែមរបស់បារាំងឱ្យមកវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាក្នុងវិស័យឧស្សាហកម្ម។ ហើយខ្ញុំគិតថា បារាំងគាត់មើលឃើញពីសារៈសំខាន់របស់កម្ពុជាដែរ។ យើងដឹងថា បារាំងគាត់មានតួនាទីសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍស្ទើរតែគ្រប់ផ្នែកហើយ»។
ទោះជាយ៉ាងណា លោកថា បារាំងក៏សកម្មដែរលើការអភិវឌ្ឍវិស័យនយោបាយនៅកម្ពុជា ដោយតែងតែជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
កាលពីខែកក្កដាឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញការសោកស្តាយ និងក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកម្ពុជាបានរៀបចំការបោះឆ្នោតមួយ ដោយអវត្តមានគណបក្សជំទាស់ គឺគណបក្សភ្លើងទៀន។ បារាំងបានជំរុញឱ្យកម្ពុជាស្តារស្ថានការណ៍ឡើងវិញ ឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ស្ថានទូតបារាំងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលនោះថា៖ «យើងអំពាវនាវឱ្យមានការដោះលែងសមាជិកគណបក្សជំទាស់ដែលឃុំខ្លួន និងជំរុញឱ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិជាមូលដ្ឋានចាំបាច់ដើម្បីស្តារប្រជាធិបតេយ្យ ស្របតាមគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា»។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបដែលបារាំងជាសមាជិកបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ចំនួន ២០% ពីកម្ពុជាដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម៕
វេទិកាបញ្ចេញមតិ