រដ្ឋាភិបាលខ្មែរនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលសន្និសីទព័ត៌មានស្តីអំពីការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការយកពន្ធគយលើការនាំចេញអង្ករកម្ពុជា ដោយត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យឯកសាររាប់សិបទំព័រទាក់ទិននឹងការយកពន្ធនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ឈរនៅចំពោះមុខម៉ាស៊ីនកាម៉េរា និងក្រុមអ្នកកាសែត លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានស្រែកសួរសហការីលោកអំពីចំនួនទំព័រឯកសារ ដែល នាំដល់ការលុបចោលសន្និសីទព័ត៌មានភ្លាមៗនោះ។
«ឯកសារផ្លូវការហ្នឹងគឺវាមានកម្រាស់៦០មិញហ្នឹងវា ប៉ុន្មានទំព័រតារា? ៦៤ទំព័រលាយគ្នាជាមួយនឹងបញ្ហាផ្សេងៗ ដូច្នេះទៅក្រសួងមានការសុំអភ័យ អធ្យាស្រ័យ យើងពិនិត្យមើលឯកសារផ្លូវការហ្នឹងបន្តិច ដើម្បីយើងធ្វើសន្និសីទកាសែតទៅឲ្យវាត្រូវទៅតាមអត្ថន័យរបស់ឯកសារផ្លូវការរបស់គេ»។
លោក សៀង ថៃ បានប្រាប់អ្នកកាសែតថា ក្រសួងនឹងធ្វើសន្និសីទដដែលនេះ នៅថ្ងៃសុក្រស្អែកនេះ វេលាម៉ោង២ និង៣០នាទីរសៀល។
កាលពីថ្ងៃពុធ គណៈកម្មការអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ពន្ធលើអង្ករពីកម្ពុជានិងមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃសុក្រដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។ ការសម្រេចនេះនឹងចូលជាធរមានរយៈពេល៣ឆ្នាំតាមវិធានការ«ការពារ» កាលពីខែមីនាឆ្នាំមុន បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលអ៊ីតាលី។
ចាប់តាំងពីថ្ងៃទី១៨ខែមករាទៅ សហភាពអឺរ៉ុបកំណត់ពន្ធប្រហែល ២០០ដុល្លារសម្រាប់អង្ករមួយតោនក្នុងឆ្នាំទី១ ហើយទម្លាក់ពន្ធមកនៅត្រឹម ១៣២ដុល្លារនៅឆ្នាំទី២និងនៅត្រឹម ១០៩ដុល្លារនៅឆ្នាំទី៣។
ប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាកំពុងប្រឈមការបាត់បង់ការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញទៅទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារពាណិជ្ជកម្មធំជាងគេក្នុងពិភពលោក ដោយសារតែមានការរំលោភសិទ្ធិមនុស្ស ប៉ុន្តែទណ្ឌកម្មដែលអាចនឹងកើតមាននេះគឺដាច់ដោយឡែកពីវិធានការការពារទីផ្សារអង្ករអឺរ៉ុប។
នៅអឺរ៉ុបស្រូវមានដាំនៅក្នុងប្រទេសចំនួនប្រាំបីនៅអឺរ៉ុបភាគខាងត្បូងពីប្រទេសព័រទុយហ្គាល់ទៅប៊ុលហ្គារី។
គណៈកម្មការដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅអឺរ៉ុបបានស្នើវិធានការយកពន្ធគយនេះកាលពីឆ្នាំមុនទៅតាមសំណើររបស់ប្រទេសអ៊ីតាលី ប៉ុន្តែមិនទទួលបានសំឡេងគាំទ្រភាគច្រើនទេក្នុងចំណោមរដ្ឋទាំង២៨របស់សហភាពអឺរ៉ុប កាលពីខែធ្នូ។ ដោយសារមិនមានមតិយោបល់ប្រឆាំងពីគណៈកម្មាធិការពាក់ព័ន្ធ គណៈកម្មការដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅអឺរ៉ុបបានធ្វើការសម្រេចចិត្តនេះជាចុងក្រោយកាលពីថ្ងៃពុធកន្លងទៅនេះ។
ប្រទេសកម្ពុជានិងភូមាឬមីយ៉ាន់ម៉ាទទួលបានផលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបឈ្មោះ«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុងពិភពលោក អាចនាំទំនិញភាគច្រើនទៅលក់នៅទីផ្សារសហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធគយ។
ប៉ុន្តែគណៈកម្មការដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅអឺរ៉ុបបាននិយាយថា ការស៊ើបអង្កេតបានបញ្ជាក់ថាការកើនឡើងយ៉ាងខ្លាំងនៃការនាំអង្ករពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាបានធ្វើឱ្យប៉ះពាល់កសិករសហភាពអឺរ៉ុប។
VOA បានព្យាយាមសួរបញ្ជាក់បន្ថែមពីលោក សៀង ថៃ ថាតើកម្ពុជាមានការសោកស្តាយចំពោះការសម្រេចនេះ ឬក៏ការសម្រេចនេះវាមិនយុត្តិធម៌ ចំពោះកម្ពុជាឬយ៉ាងណានោះ អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា៖
«អូ! អាហ្នឹងយើងអាច យើងអាចដឹងបាត់ហើយ ដឹងបាត់ហើយ ប្អូនក៏អាចដឹងដែរ ខ្ញុំអត់ឆ្លើយ ក៏យើងអាចដឹងដែរ រឿងយុត្តិធម៌ មិនយុត្តិធម៌ហ្នឹងណា ហើយស្អែកឆ្លើយជូនណា បាទអធ្យាស្រ័យ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអ្នកផលិតនិងនាំអង្ករចេញពីប្រទេសកម្ពុជា បានថ្លែងពីការបារម្ភធ្ងន់ធ្ងរចំពោះវិធានការទប់ស្កាត់របស់សហភាពអឺរ៉ុប មកលើអង្ករដែលមានប្រភពដើមចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយថា វិធានការទប់ស្កាត់ណាមួយអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើការធ្វើស្រែរបស់កសិករខ្មែររាប់លាននាក់។
ពួកគេបានបញ្ជាក់ឲ្យដឹងថាទៀតថា វិធានការទប់ស្កាត់នានានឹងក្លាយជាដំណើរថយក្រោយមួយទៅលើការខិតខំយ៉ាងសម្បើម ដែលបានកសាងឧស្សាហកម្មអង្ករនៅកម្ពុជា និងជួយកសិករកម្ពុជាឲ្យមានជីវភាពល្អប្រសើរ៕