ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​កូរ៉េ​ខាងត្បូង​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ដោយសារ​កងទ័ព​កូរ៉េ​ខាងជើង​នៅ​រុស្ស៊ី


ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចូលរួមសម័យប្រជុំលើកទី៣ នៃកិច្ចប្រជុំមេដឹកនាំ G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចូលរួមសម័យប្រជុំលើកទី៣ នៃកិច្ចប្រជុំមេដឹកនាំ G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​អ៊ុយក្រែន​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ពុធ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង «ការ​គំរាមកំហែង» ដែល​បង្ក​ឡើង​ដោយ​ការ​ពង្រាយ​កងទ័ព​របស់​កូរ៉េ​ខាងជើង​នៅក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​ប្រកាស​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Rustem Umerov។ ជំនួប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ភាគ​ខាងលិច។

លោក Yoon បាន «បង្ហាញ​ក្ដី​សង្ឃឹម​ថា កូរ៉េ​ខាងត្បូង​និង​អ៊ុយក្រែន​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​កូរ៉េ​ខាងជើង​ជាមួយ​នឹង​រុស្ស៊ី»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។

ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​បន្ថែម​ថា៖ «ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បន្ត​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​កូរ៉េ​ខាងជើង​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​ការ​ផ្ទេរ​សព្វាវុធ​និង​បច្ចេកវិទ្យា​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង»។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េ​ខាងត្បូង​បាន​ផ្ដល់​សញ្ញា​ថា​ខ្លួន​អាច​កែប្រែ​គោល​នយោបាយ​ជា​យូរ​មក​ហើយ​អំពី​ការ​មិន​ផ្ដល់​សព្វាវុធ​ដល់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម ប៉ុន្តែ​មិន​មាន​ការ​លើកឡើង​ណាមួយ​អំពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះទេ៕

XS
SM
MD
LG