នៅក្នុងរយៈពេលភ្លាមៗបន្ទាប់ពីសេតវិមានបានចាត់ទុកដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោកប្រធានាធិបតី Donald Trump ថាជាជោគជ័យមក គេនឹកឃើញអំពីបញ្ហានានាពាក់ព័ន្ធនឹងលោក Donald Trump នៅក្នុងសហរដ្ឋអាមេរិក។
សេតវិមានបានការពារការចោទសួរណា ដែលពាក់ព័ន្ធនឹងលោក Jared Kushner ដែលត្រូវជាកូនប្រសា និងជាទីប្រឹក្សារបស់លោក Trump។ លោក Kushner ត្រូវគេរាយការណ៍ថា បានពិភាក្សាអំពីការបង្កើតបណ្ដាញទំនាក់ទំនងសម្ងាត់មួយ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី មុនពេលលោក Trump ចូលកាន់តំណែងជាប្រធានាធិបតី។
លោក Sean Spicer ប្រធានផ្នែកព័ត៌មាននៃសេតវិមាន បានបដិសេធមិនធ្វើការបញ្ជាក់អំពីភាពត្រឹមត្រូវរបស់សេចក្ដីរាយការណ៍ទាំងនោះ ប៉ុន្តែ បានស្នើថា សេចក្ដីរាយការណ៍ទាំងនោះជាសេចក្ដីរាយការណ៍ ដែលមិនអាចយកជាការបាននោះទេ។
លោក Sean Spicer បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលសំណួររបស់អ្នកសារព័ត៌មានចង់ផ្ដោតនោះ គឺអំពីការពិតជាច្រើន ដែលមិនមានការគាំទ្រពីប្រភពណាទាំងអស់ ប៉ុន្តែគ្រាន់តែជារឿងរ៉ាវដែលផ្អែកលើប្រភពមិនបញ្ចេញឈ្មោះមួយចំនួន ដែលបានលេចធ្លាយកន្លងមកតែប៉ុណ្ណោះ»។
រឿងរ៉ាវរបស់លោក Kushner បានបែកធ្លាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក Trump ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ លោក Trump បានទូន្មានបណ្ដាប្រទេសជាសមាជិកអង្គការអូតង់ថា បណ្ដាប្រទេសទាំងនោះមិនបានចំណាយថវិកាគ្រប់គ្រាន់លើផ្នែកការពារ។
មេដឹកនាំជាច្រើននៃបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប មានការព្រួយបារម្ភអំពីការលើកឡើងរបស់លោក Trump។ ក្នុងចំណោមមេដឹកនាំទាំងនោះ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយនៅក្នុងសប្ដាហ៍នេះថា៖ «ពេលវេលាដែលយើងអាចពឹងផ្អែកទាំងស្រុងលើអ្នកដទៃ គឺហួសពេលខ្លះហើយ»។
អ្នកខ្លះយល់ថា ការលើកឡើងរបស់លោកស្រី Merkel ដូចនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ឈប់ទុកចិត្តសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តតទៅទៀតហើយ។ ប៉ុន្តែ សេតវិមានបានបកស្រាយការលើកឡើងរបស់លោកស្រី Merkel ថាជាជោគជ័យទៅវិញ ដោយលោក Sean Spicer បានបញ្ជាក់ថា៖ «នេះគឺប្រសើរណាស់។ នេះជាអ្វីដែលលោកប្រធានាធិបតី Trump អំពាវនាវចង់បាន។ លោកបានអំពាវនាវឲ្យមានការចែករំលែកបន្ទុកនៃការចំណាយក្នុងចំណោមសមាជិកអង្គការអូតង់ទាំងអស់»។
លោក Spicer ក៏បានផ្ដល់យោបល់លើការរាយការណ៍ដែលថា លោក និងមន្ត្រីផ្នែកទំនាក់ទំនងផ្សេងទៀតនៃសេតវិមាន អាចត្រូវដកចេញពីតំណែង ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងសេតវិមាន។
តើនេះជាការផ្លាស់ប្ដូរមួយទៀតដែលអាចទៅរួចមែនទេ? ដោយសារការធ្វើសន្និសីទព័ត៌មាននៅពីមុខកាម៉េរ៉ាអ្នកសារព័ត៌មាននៅក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ លោកប្រធានាធិបតី Trump អាចលើកឡើងពីអ្វីដែលលោកចង់និយាយ ដោយខ្លួនលោកផ្ទាល់។
លោក Sean Spicer បានលើកឡើងដូចនេះថា៖ «នៅទីបំផុត អ្នកនាំសារដ៏ប្រសើរបំផុត គឺលោកប្រធានាធិបតី Trump ខ្លួនលោកផ្ទាល់។ លោក Trump តែងតែបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ»។
លោក Spicer មានទំនាក់ទំនងមិនល្អជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ។ រឿងនេះបានបង្ហាញយ៉ាងច្បាស់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលដែលលោកបន្ទោសអ្នកសារព័ត៌មាននានាអំពីការរាយការណ៍របស់ពួកគេអំពីលោក Trump មុនពេលដែលលោកចាកចេញពីបន្ទប់សន្និសីទសារព័ត៌មាន បន្ទាប់ពីចំណាយពេល ២០ នាទី តែប៉ុណ្ណោះ នៅក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាននានា។
លោក Spicer បាននិយាយដូចនេះថា៖ «មូលហេតុដែលលោកប្រធានាធិបតី Trump មានការអាក់អន់ស្រពន់ចិត្ត គឺដោយសារមានសេចក្ដីរាយការណ៍មិនត្រឹមត្រូវជាបន្តរហូត និងការប្រើប្រាស់ប្រភពមិនច្បាស់លាស់ម្ដងហើយម្ដងទៀតថា មានរឿងរ៉ាវនានាកំពុងតែកើតឡើង ដែលតាមការពិត មិនមានរឿងរ៉ាវដូចនោះ បានកើតឡើងនោះទេ។ ខ្ញុំគិតថា ចំណុចនេះគឺជាបញ្ហា»។
ការលើកឡើងដូចនេះរបស់លោក Spicer គឺជាសញ្ញានៃរឿងរ៉ាវនានា ដែលអាចនឹងចេញមកពីក្រុមមន្ត្រីផ្នែកទំនាក់ទំនងនៃសេតវិមាន ដែលកំពុងរងនឹងការចោទប្រកាន់៕
ប្រែសម្រួលដោយ ភី សុភាដា