លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចាប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ដែលនៅទីនោះលោកបានប្រាប់ក្នុងជំនួបជាមួយពួកមេដឹកនាំឥស្លាមថា លោកមិនមែននៅទីនោះដើម្បីប្រដៅទេ។ លោកប្រធានាធិបតីត្រាំបានថ្លែងថា៖ «យើងមិនមែនមកទីនេះដើម្បីប្រាប់មនុស្សផ្សេងទៀតពីរបៀបរស់នៅ អ្វីដែលត្រូវធ្វើ អ្នកជានរណា ឬត្រូវធ្វើសក្ការៈបូជាយ៉ាងដូចម្តេចនោះទេ»។
ក៏ប៉ុន្តែ នៅពេលបញ្ចប់ដំណើរទស្សនកិច្ច សម្តីរបស់លោកត្រាំបានផ្លាស់ប្តូរយ៉ាងខ្លាំង។
នៅឯសន្និសីទកំពូលរបស់អង្គការអូតង់ក្នុងរដ្ឋធានីប្រ៊ុចសែល លោកប្រធានាធិបតីត្រាំ បានស្តីបន្ទោសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកចំពោះការមិនចំណាយប្រាក់ឲ្យបានគ្រប់គ្រាន់លើវិស័យការពារប្រទេស។ ប្រធានាធិបតីត្រាំបានថ្លែងថា៖ «ការណ៍នេះមិនត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងអ្នកបង់ពន្ធដាររបស់សហរដ្ឋអាមេរិកទេ។ ហើយប្រទេសទាំងនោះជាច្រើនបានជំពាក់ប្រាក់យ៉ាងច្រើនកាលពីអតីតកាល»។
គេឃើញមានប្រតិកម្មតបទៅវិញទៅមកមិនសូវស្រួលដែលធ្វើឲ្យមានការពិបាកកាន់តែខ្លាំងឡើងពីភាពបរាជ័យរបស់ប្រធានាធិបតីត្រាំដើម្បីតាំងចិត្តក្នុងការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមករបស់អង្គការអូតង់។ លោក Phillip T. Lohausនៃវិទ្យាស្ថាន American Enterprise បាននិយាយថា៖ «លោកប្រធានាធិបតីកំពុងបញ្ជូនអ្វីដែលជាសញ្ញាច្របូកច្របល់ដល់សម្ព័ន្ធមិត្តរបស់យើង។
ប្រសិនបើអ្នកមិនតាំងចិត្តឲ្យពេញលេញ ឬមានឆន្ទៈចេញមក ហើយនិយាយថា អ្នកតាំងចិត្តឲ្យបានពេញលេញទេដូច្នេះ ខ្ញុំមិនគិតថា អ្នកប្រាកដជាលើកទឹកចិត្តមនុស្សផ្សេងទៀតឲ្យជឿសម្ព័ន្ធមិត្តនោះទាំងស្រុងទេ»។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈឹមបូព៌ា លោកប្រធានាធិបតីត្រាំបានទៅធ្វើទស្សនកិច្ចប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ដោយបានសម្តែងនូវសុទិដ្ឋិនិយមអំពីដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ក៏ប៉ុន្តែ បានផ្តល់សេចក្តីលម្អិតបន្តិចបន្តួចអំពីថាតើលោកធ្វើផែនការនោះយ៉ាងដូចម្តេចឲ្យមានដំណើរការជឿនលឿនទៅមុខ។
មធ្យោបាយមួយគឺធ្វើឲ្យបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែលរួបរួមគ្នាដោយផ្អែកលើការមិនទុកចិត្តលើប្រទេសអ៊ីរ៉ង់។
ជាការពិត ការរិះគន់ប្រទេសអ៊ីរ៉ង់ជាសាច់រឿងដ៏សំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់បរទេស។
លោក Nagar Mortazavi ជាអ្នកកាសែតជនជាតិអាមេរិកាំងដើមកំណើតអ៊ីរ៉ង់បាននិយាយតាមប្រព័ន្ធ Skype ថា៖ «ការណ៍នេះហាក់ដូចជាលោកប្រធានាធិបតីត្រាំកំពុងព្យាយាមដាក់អ៊ីរ៉ង់លើគេក្នុងបញ្ជីសត្រូវ យ៉ាងហោចណាស់នៅពេលទាក់ទិនបញ្ហាមជ្ឈឹមបូព៌ាហើយបានបង្កើតសម្ព័ន្ធមិត្តថ្មីមួយដែលនឹងធ្វើឲ្យអ៊ីរ៉ង់ក្លាយជាសត្រូវរួម»។
ដំណើរទស្សនកិច្ចផ្សេងទៀតរបស់លោកត្រាំ រួមមានការជួបជាមួយសម្តេចប៉ាប Francis នៅឯវិមានវ៉ាទីកង់ ហើយនិងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី ភាគច្រើនដោយមិនមានការចាប់អារម្មណ៍។
លោកប្រធានាធិបតីត្រាំបានប្រកាសថា ដំណើរទស្សនកិច្ចលើកទីមួយរបស់លោកបានទទួលជោគជ័យ ដោយនិយាយនៅក្នុងប្រព័ន្ធសារតាមTwitterថា លោកបានជួយសន្សំប្រាក់រាប់ពាន់លានដុល្លារ និងការងាររាប់លានសម្រាប់សហរដ្ឋអាមេរិក។
ឥឡូវនេះ លោកប្រធានាធិបតីត្រាំ បានវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ ដែលនៅទីនោះរដ្ឋបាលរបស់លោកបានគំរាមកំហែងដោយធ្វើឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងជុំវិញបញ្ហាប្រទេសរុស្ស៊ី៕
ប្រែសម្រួលដោយជឹង ប៉ូជីន