អ្នកនាំពាក្យយោធាអ៊ីរ៉ាក់និយាយថា កងទ័ពជនជាតិភាគតិចKurds និងកងទ័ពប្រឆាំងភេរវកម្មអ៊ីរ៉ាក់ បានកាន់កាប់ទំនប់ទឹកដ៏សំខាន់មួយឡើងវិញពីក្រុមសកម្មប្រយុទ្ធ Islamic State។
មន្ត្រីយោធានិយាយនៅថ្ងៃច័ន្ទនេះថា កងកម្លាំងបានវាយបណ្តេញពួកជនសកម្មប្រយុទ្ធចេញពីទំនប់ទឹក Mosul ដែលផ្តល់ថាមពលអគ្គីសនីនិងការផ្គត់ផ្គង់ទឹកដល់តំបន់ភាគច្រើននៅផ្នែកខាងជើងប្រទេសអ៊ីរ៉ាក់។
គ្មានការបញ្ជាក់ឯករាជ្យភ្លាមៗនោះទេ។
អ្នកនាំពាក្យនោះបាននិយាយទៀតថា កិច្ចប្រតិបត្តិការបានធ្វើឡើងដោយមានការជួយពីយន្តហោះ ក៏ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទេ។
កងទ័ពសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងពួកជនសកម្មប្រយុទ្ធ Islamic State នៅជិតទំនប់ទឹក Mosul ដែលជាផ្នែកមួយនៃបេសកម្មរបស់ខ្លួនដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធនិងបុគ្គលិកសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសលើកដំបូងនៅដើមខែនេះប្រឆាំងពួកបះបោរ ដើម្បីរារាំងការសម្លាប់ជនជាតិភាគតិច Yazidis រាប់ពាន់នាក់នៅលើភ្នំ Sinjar ខាងជើងប្រទេសអ៊ីរ៉ាក់៕