រដ្ឋាភិបាលអ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួន បានកាន់កាប់ស្ថានីយប៉ូលីសស្រុកក្នុងទីក្រុង Luhansk បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយពួកទាមទារបំបែករដ្ឋដែលលម្អៀងរុស្ស៊ី។
ទីក្រុង Luhansk ជាកន្លែងប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នៅក្នុងខណៈនោះដែរ រថពាសដែកមួយខ្សែដែលដឹកនាំដោយពួកឧទ្ទាមលម្អៀងទៅខាងរុស្ស៊ី បានត្រូវគេរាយការណ៍ថាបានប្រទះឃើញនៅជិតព្រំដែន ដោយមានដឹកកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាស។ ក្បួនរថពាសដែកនោះធ្វើដំណើរទៅទិសខាងលិចនៅក្នុងទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាម។
កាលពីព្រឹកថ្ងៃអាទិត្យ ពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះប្រយុទ្ធម៉ាក Mig-29 របស់អ៊ុយក្រែនមួយដែលហោះនៅជិតតំបន់នោះ។
នៅក្នុងព្រឹត្តិការណ៍មួយទៀត ជនស៊ីវិលយ៉ាងហោចណាស់ក៏១០នាក់ដែរ បានត្រូវសម្លាប់នៅក្នុងការប្រយុទ្ធកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Donetsk ដែលត្រួតត្រាដោយពួកឧទ្ទាម។
ក្នុងខណៈនោះដែរ ពួកមន្រ្តីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានស្ថិតក្នុងប្រទេសរុស្ស៊ីដើម្បីចាប់ផ្តើមពិនិត្យក្បួនកុងវ័រដឹកជំនួយរបស់រុស្ស៊ីដែលកំពុងរៀបចំចូលក្នុងប្រទេសអ៊ុយក្រែន៕