ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​​បង្ហាញ​ពី​ការ​វិវត្ត​នៃ​នីតិវិធី​របស់​ខ្លួន​ និង​សំណង​ក្នុង​សំណុំ​រឿង​០០២/០២


អ្នកស្រី សៅ ឈឿន ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រាប់ VOA ពី​ការចង់​បាន​សំណង​ពី​មេដឹកនាំ​ជាន់​ខ្ពស់ និង​ទទួល​ខុស​ត្រូវ​បំផុត​នា​សម័យ​ខ្មែរ​ក្រហម ក្នុង​ពិធី​ជួបជុំ​ជន​រងគ្រោះ និង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​​ រៀបចំ​ឡើង​ដោយ​សលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ ទី ២៤ ខែ មិថុនា​ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
អ្នកស្រី សៅ ឈឿន ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រាប់ VOA ពី​ការចង់​បាន​សំណង​ពី​មេដឹកនាំ​ជាន់​ខ្ពស់ និង​ទទួល​ខុស​ត្រូវ​បំផុត​នា​សម័យ​ខ្មែរ​ក្រហម ក្នុង​ពិធី​ជួបជុំ​ជន​រងគ្រោះ និង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​​ រៀបចំ​ឡើង​ដោយ​សលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ ទី ២៤ ខែ មិថុនា​ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

សាលា​ក្តី​ខ្មែរក្រហម​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​ធ្វើការ​បង្ហាញ​ពី​ការ​វិវត្ត​នៃ​នីតិវិធី​របស់​ខ្លួន​ និង​សំណង​ក្នុង​សំណុំ​រឿង​០០២/០២។ តែ​ក្រុម​ជន​រងគ្រោះ​ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​សូវ​យល់​ពី​ការ​វិវត្ត​នេះ​ទេ​ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​ជន​ជាប់​ចោទ​ ហើយទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ការ​ដឹក​នាំ​ដ៏​មហន្តរាយ​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​

ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​ពី​របប​វាល​ពិឃាដ​ខ្មែរក្រហម​បាន​បន្ត​សុំ​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ទៅលើជន​ជាប់​ចោទ​ ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ដើម្បី​តប​ស្នង​នឹង​ការ​ឈឺចាប់​ដែល​ពួកគេ​បានទទួល​រង​ក្នុង​សម័យ​ខ្មៅ​ងងឹត​នោះ។​

ជាមួយគ្នា​នេះ​ដែរ​ ​ពល​រដ្ឋ​ខ្មែរ​ដែល​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​សម្ដែងភាព​ស្រពិចស្រពិល​ចំពោះ​ការ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​របស់​ខ្លួន​ ដោយសារ​ខ្វះ​ការ​យល់​ដឹង​អំពី​នីតិ​វិធី​នៃ​ការ​ទាមទារ​សំណង​ពី​ជន​ជាប់​ចោទ​ ដែល​ជា​អតីត​មេដឹកនាំ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ហៅ​ម៉្យាង​ទៀត​ថា​ ​របប​ប៉ុល ពត។​

ក្រុម​ជន​រងគ្រោះ​ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ នា​ថ្ងៃ​សុក្រ​នេះ​ ​បាន​មក​ជួបជុំគ្នា​នៅ​ក្នុង​វេទិកា​ស្ដី​ពី​ការ​វិវត្ត​នៃ​នីតិវិធី​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាហៅ​កាត់​ថា អ.វ.ត.ក. ​ឬ​សាលា​ក្តី​ខ្មែរក្រហម​ និង​អំពី​សំណង​ក្នុង​សំណុំ​រឿង​០០២/២។ វេទិកា​នេះ​រៀបចំ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។​

អ្នកស្រី​សែម​ ហឿន​ វ័យ​៥៣​ឆ្នាំ​មកពី​ខេត្ត​កំពង់​ស្ពឺ។ ​អ្នកស្រី​នៅ​ក្នុង​កង​កុមារ​ដែលរែក​ដី​ និងជីរ​ផលិត​ចេញ​ពី​ឆ្អឹង​សាកសព​ នា​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រីបាន​ប្រាប់​ VOA​ ក្នុង​ម៉ោង​សម្រាក​នៃ​វេទិកា​នោះ​ថា​ អ្នកស្រី​ពុំ​មាន​ការ​ខឹង​សម្បារ​ ឬ​គុំ​កួន​អ្នក​ដែល​សាលា​ក្តីកំពុង​ធ្វើការ​កាត់​សេច​ក្តី​នោះ​ទេ។​

អ្នកស្រី សែម ហឿន ជា​ជនរងគ្រោះ និង​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏បាន​ទាមទារ​សំណង​សមូហភាព ប្រសិន​បើ​ជនជាប់​ចោទ​គ្មាន​លទ្ធភាព​ផ្តល់​សំណង​ជា​ទឹក​ប្រាក់​ដល់​បុគ្គល​ជនគ្រោះ​នីមួយៗ។ (ហ៊ុល រស្មី/VOA)
អ្នកស្រី សែម ហឿន ជា​ជនរងគ្រោះ និង​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏បាន​ទាមទារ​សំណង​សមូហភាព ប្រសិន​បើ​ជនជាប់​ចោទ​គ្មាន​លទ្ធភាព​ផ្តល់​សំណង​ជា​ទឹក​ប្រាក់​ដល់​បុគ្គល​ជនគ្រោះ​នីមួយៗ។ (ហ៊ុល រស្មី/VOA)

យ៉ាងណា​ក៏ដោយ​ អ្នកស្រី​និយាយ​ថា​ ការ​ឈឺ​ចាប់​ដែល​អ្នកស្រី​បាន​ទទួល​ពី​សម័យកាល​នោះ​ នៅ​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​ស្រី​ភ្លេច​នៅ​ឡើយ​ ហើយ​ថា​ ​តុលាការ​ត្រូវ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​កម្ម​នោះ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​មួយ​ជីវិត។​ អ្នកស្រី​បាន​ផ្តាំ​ផ្ញើរ​ដល់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ថា​ កុំ​យក​ត្រាប់​តាម​របៀប​ដឹកនាំ​ បែប​ឃោរឃៅ​ក្នុង​សម័យ​កាលខោ​អាវ​ខ្មៅ​នេះ​ត​ទៅ​ទៀត។​

«ចា៎​ ចង់​ផ្តាំ​ថា​ កុំ​ឲ្យ​ធ្វើ​អី​អីចឹង​ទៀត​ណ៎ា​ ដូច​ថា​ ធ្វើ​បាប​ខ្មែរ​គ្នា​ឯង​ ដូច​ជា​ឃោរឃៅ​ អាក្រក់​ជាង​សត្វ​ឆ្កែ​ទៅ​ទៀត​ហ្នឹង»។​

ក្នុង​នាម​ជា​ជន​រងគ្រោះ​ និង​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី ​អ្នក​ស្រី​សែម ហឿន​បាន​និយាយ​ថា អ្នក​ស្រី​មិន​ទាន់​ដឹង ​ថា​តើ​ត្រូវ​ទាម​ទារ​សំណងយ៉ាង​ណា​នៅ​ឡើយ​ទេ​ ដោយ​អ្នកស្រី​បាន​ត្រឹមតែ​បញ្ជាក់​ពី​ការ​ចង់​បាន​ការ​សង​ជំងឺ​ចិត្ត​ជា​លុយ​កាក់​ ឬ​ការ​ផ្តល់​សំណង​ជា​សមូហ​ភាព​បែប​មនុស្ស​ធម៌​ណា​មួយ ដូច​ជា​ការ​ធ្វើ​ស្តូប​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​ ឬ​ក៏​ជីកអណ្តូង​ទឹក​សម្រាប់​ប្រើ​ប្រាស់។​

អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ឪពុក​អ្នក​ស្រីជា​អតីត​ទាហាន​លន់ នល់​ និង​បងប្អូន​បួន​នាក់​ផ្សេង​ទៀត​បា​ន​ស្លាប់​នៅ​ក្នុង​របប​ដែល​អ្នក​ស្រី​ពណ៌នា​ថា​ ជា​របប​មាន​តែ​ការ​គំរាម​កំហែង​ និង​ការ​កាប់សម្លាប់ប៉ុណ្ណោះ។

របប​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ ដែល​ដឹកនាំប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១,៧​លាន​នាក់​បាត់​បង់​ជីវិត​ ដោយ​ការ​សម្លាប់​ កង្វះ​ម្ហូប​អាហារ និង​ការ​ធ្វើការ​ហួស​កម្លាំង​ រួម​ជាមួយ​ការ​ធ្វើ​ទារុណកម្ម​ផ្សេង​ទៀត។​

ជន​ជាប់​ចោទ​ចំនួន​ប្រាំ​រូប ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេដឹកនាំ​កំពូល​ និង​ជា​អ្នក​មាន​ការទទួលខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​នេះ​ រួម​មាន​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ នួន​ ជា​ អតីត​ប្រធាន​សភា​ប្រជាជនបដិវត្តន៍កម្ពុជា ​អៀង ​សារី ​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស ​និង​អៀង ​ធីរិទ្ធ​ ​អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ រួម​ទាំង​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​មជ្ឈឹម​ស-២១។ ពួកគេ​ត្រូវ​បាន​នាំ​មក​កាន់​សាលា​វិនិច្ឆ័យ​ក្ដី​ដើម្បី​ប្រឈម​មុខ​នឹង​ការណ៍​ពិត​ប្រវត្តិ​សាស្ត្រ​ និង​ដំណើរការ​យុត្តិធម៌។​

មក​ទល់​នឹង​ពេល​នេះ​ ឌុច​ ដែល​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០១​ កំពុង​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​អៀង​ ធីរិទ្ធ​ត្រូវ​ដក​ចេញ​ពី​ដំណើរការ​កាត់​ទោស​ដោយ​មូលហេតុ​សុខភាព​ផ្លូវ​ប្រាជ្ញា​ ស្មារតី​មិន​អំណោយ​ផល​ ហើយ​គាត់​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥ ​គឺ​ពីរ​ឆ្នាំ​ក្រោយ​ពី​មរណភាព​របស់​អៀង ​សារី ​ដែល​ជា​ស្វាមី​របស់​គាត់។

រីឯ​នួន​ ជា ​និង​ខៀវ ​សំផន​ត្រូវ​បាន​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២/០១​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​និង​កំពុង​រង់ចាំ​ការ​សម្រេច​អំពី​បណ្ដឹង​សារ​ទុក្ខ​នៅ​អង្គ​តុលាការ​កំពូល​របស់​អ.វ.ត.ក.។ ​អ្នក​ទាំង​ពីរ​ក៏​កំពុង​តស៊ូ​រឿងក្ដី​ក្នុង​សំណុំ​រឿង​០០២/០២​ ដែល​នឹងឈាន​ទៅ​រក​ការ​សន្និដ្ឋាន​បញ្ចប់​សេចក្ដី​ផង​ដែរ​នា​ពេល​ខាង​មុខ។​

លោក​ក្រាញ់​ តូនី​ ប្រធាន​រដ្ឋ​បាល​ស្តី​ទី​នៃ​អ.វ.ត.ក.​ ​ដែល​បាន​ចូលរួមវេទិកាស្តី​ពី​ការ​វិវត្ត​នៃ​នីតិ​វិធី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​សំណង​ក្នុង​សំណុំរឿង​០០២/២​ ថ្លែង​ថា​ ក្នុងគម្រោង​សំណង​ក្នុង​សំណុំ​រឿង​០០២​ដំណាក់​កាល​ទី២​នេះ​ អង្គ​ភាព​ជន​រង​គ្រោះ​សហការ​ជាមួយ​នឹង​ដៃ​គូ​ដែល​ពាក់​ព័ន្ធ​ មាន​ដូច​ជា​ សហ​មេធាវី​នាំ​មុខ​ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ បាន​កំណត់​ និង​លើក​ឡើង​នូវ​គម្រោង​ចំនួន១៧​ សម្រាប់​ផ្តល់​ជា​ផល​ប្រយោជន៍​ដល់​ជន​រង​គ្រោះ​ ជា​ពិសេស​ ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លម្អិតអំពី​គម្រោង​ទាំង​អស់​នោះ​ឡើយ។

លោក​នេត ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ សាលា​ក្តី​នេះ​បានទទួលថវិកា​មួយ​ភាគ​ធំ​សម្រាប់​ការ​អនុវត្ត​គម្រោង​ទាំង​១៧​នោះ​ ​ហើយ​សាលា​ក្តី​បាន​បន្ត​គៀង​គរ​ថវិកា​បន្ថែម​ទៀត​សម្រាប់​អនុវត្ត​គម្រោង​ទាំង​នោះ។​

លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ បា្រប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ អំពី​ដំណើរ​វិវត្តន៍​របស់​សំណុំ​រឿង​០០២/០២ និង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​នេះ។ (ហ៊ុល រស្មី/VOA)
លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ បា្រប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ អំពី​ដំណើរ​វិវត្តន៍​របស់​សំណុំ​រឿង​០០២/០២ និង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​នេះ។ (ហ៊ុល រស្មី/VOA)

«យើង​កំពុង​តែ​បន្ត​ស្វែង​រក​ថវិកា​ទៀត​ ដើម្បី​ឲ្យ​គម្រោង​ទាំង​១៧​ហ្នឹងអាច​មាន​ថវិកា​គ្រប់​គ្រាន់ ហើយ​ដាក់​ទៅ​អង្គ​ជំនុំ​ជម្រះ​ គឺ​អង្គ​ជំនុំ​ជម្រះ​ពិនិត្យ​ថា ​មាន​លទ្ធភាព​ក្នុង​ការ​អនុវត្ត​ គឺ​គាត់​នឹង​ផ្តល់សំណង​ហ្នឹង​តែ​ម្តង​បាទ»។​

លោក​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ ​គម្រោង​ទាំង​១៧​នោះ​នឹង​ផ្តោត​លើ​ការ​ស្តារ​នីតិសម្បទា​ ការ​អប់រំ​ និង​ការ​បន្ធូរ​ភាព​តានតឹងតាម​ផ្លូវ​ចិត្ត។​

នៅ​ក្នុង​ការ​ជួបជុំ​គ្នា​ក្នុង​វេទិកា​ស្តី​ពី​ការ​វិវត្ត​នៃ​នីតិ​វិធី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​សំណង​ក្នុងសំណុំរឿង​០០២/២​នេះ​ អ្នក​រងគ្រោះ​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ផ្សេង​ទៀត បាន​បន្ត​ស្នើ​ឲ្យ​ដាក់​ទោស​ធ្ងន់ធ្ងរទៅ​លើ​ជន​ជាប់​ចោទ​ ​ដែល​ទទួល​ការ​កាត់​ក្តី​ពី​សាលា​ក្តី​ ដែល​មាន​ចំណាស់​១​ទស​វត្សរ៍មក​នេះ​ និង​ទាម​ទារ​ឲ្យ​មាន​ការផ្តល់​ជា​សំណង​ជំងឺ​ចិត្តសម​រម្យ​មួយ។​

លោក​សុះ តុញ​ វ័យ​៥៤​ឆ្នាំ​ ដែល​កាល​ពី​សម័យ​ខ្មែរក្រហម​ធ្វើការ​នៅ​ក្នុង​កង​ចល័ត​ បាន​ប្រាប់​ VOA​ ​ថា​ លោក​មិន​ដឹង​ថា ​ត្រូវទាម​ទារ​សំណង​យ៉ាង​ណា​ទេ​ ដោយ​ហេតុ​ថា​ ជន​ជាប់​ចោទ​ដែល​លោក​បានទាម​ទារ​ឲ្យ​ដាក់​ទោស​ធ្ងន់​ធ្ងរ​នោះ​ មិន​មាន​លទ្ធភាពសង​ជំងឺចិត្ត​ដល់​លោក​ និង​អ្នក​រងគ្រោះ​ដទៃ​ទៀតនោះ​ទេ។​

ក្នុង​នាម​លោក​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត លោក​បាន​ទាមទារ​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណង​ជា​សមូហ​ភាព ដែល​អាច​មាន​ការ​សាងសង់​ជារោង​បុណ្យ​ធ្វើ​ពិធី​សាសនា​ និង​សាលារៀន​សម្រាប់​កុមារ​ជំនាន់​ក្រោយ​ជាដើម។​

លោក សុះ តុញ ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ចង់​បាន​សំណង​សមូហភាព។ (ហ៊ុល រស្មី/VOA)
លោក សុះ តុញ ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ចង់​បាន​សំណង​សមូហភាព។ (ហ៊ុល រស្មី/VOA)

«មិន​ចង់​បាន​អី​ទេ​ គ្រាន់​តែ​ថា​ ពាក្យ​គេ​ថា​ សំណង​ៗ​ សង សងម៉េច?​ ឥឡូវ​ចង់​និយាយ​ថា​ តាម​ជួប​ជុំ​គ្នា​រហូត​មក​ដល់​ពេលនេះគឺ​ថា​ ចង់​បាន​ទៅ​ជា​រោង​បុណ្យ​ ទៅ​ជា​សាលា​រៀន​កុមារ​ជំនាន់​ក្រោយ​ ​អូអីចឹង​ ​ទៅ​ណ៎ា»។​

លោក​និយាយ​ថា​ លោក​បាន​បាត់​បង់​ឪពុក​ និង​បង​ប្អូន​បីនាក់​ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​បាប​និង​សម្លាប់ចោល​ ​ដោយ​មិន​ដឹង​មូលហេតុ​នោះ​ឡើយ។

អ្នក​ស្រីសៅ ឈឿន​ វ័យ​៥៤​ឆ្នាំ​ មក​ពី​ខេត្ត​កំពង់​ចាម​ ដែល​បាន​បាត់​បង់​ សាច់​ញាតិ​ក្រុម​គ្រួសារ​១៥​នាក់​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ក៏​មិន​ទាន់​ប្រាកដ​ពី​សំណង​ជំងឺ​ចិត្ត​នោះ​ដែរ។ អ្នក​ស្រី​បន្ត​ថា​ សំណង​អាច​ធ្វើ​ទៅ​បាន​តាម​របៀប​ណា​នោះ គឺ​សម្រេច​ទៅ​តាម​មតិ​ភាគច្រើន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ ​០០២/២​នេះ។ អ្នកស្រីបាន​រំឭក​ដល់​ក្តី​លំបាក​ក្នុង​ការ​ទទួល​ទាន​អាហារ​នា​សម័យ​ខ្មែរក្រហម​យ៉ាង​ដូច្នេះ​ថា៖​

«ពិបាក​ដូច​ថា​ ហូបចុក​ បាយ​ទឹក​អី​អីចឹង​ គេ​បបរ​ចែក​គ្នា​ អី​អីចឹង​ទៅ​ណ៎ា​ ច៎ា។ បបរ​ចែក​គ្នា​ទៅ​ ម្នាក់​មួយ​វែក​ ពីរ​វែក​ទៅ​ ចេក​ស្ងោរ​ ចេក​អី​អីចឹង​ទៅ​ ពោត​ស្ងោរ​ជាគ្រាប់​ អី​អីចឹង​ទៅ​ ដាក់​ស្ងោរ​ចែក​គ្នា​ អី​អីចឹង​ទៅ»។​

សាលា​ក្តី​ខ្មែរក្រហម​ក៏​កំពុង​តែ​ចាត់​ការ​កាត់​ក្តី​សំណុំ​រឿង​០០៣​ និង​០០៤​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​រួម​មាន​យឹម ទិត្យ​ ​អោ អាន​ អ៊ឹម ចែម​ និង​មាស​ មុត​ផង​ដែរ៕

XS
SM
MD
LG