នៅថ្ងៃចន្ទនេះ ទាហាន និងក្រុមអ្នកជំនាញនានាមកពីប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចាប់ផ្ដើមដោះមីនចេញពីព្រំដែនរវាងប្រទេសទាំងពីរ នៅក្រោមកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹង ដែលប្រទេសទាំងពីរសម្រេចបានកាលពីខែមុន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
គេមិនទាន់ឃើញមានការបញ្ជាក់អះអាងណាមួយភ្លាមៗពីខាងភាគីកូរ៉េខាងជើង ដែលថាទាហានរបស់ខ្លួនបានចាប់ផ្ដើមអនុវត្តនូវគម្រោងនេះនោះទេ ដែលនេះជាគម្រោងមួយសម្រេចឡើងរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងទីក្រុងព្យុងយ៉ាង។
បើយោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនេះ ប្រទេសទាំងពីរបានឯកភាពគ្នាដោះមីនទាំងអស់ចេញពីតំបន់សន្តិសុខរួម JSA នៅក្នុងរយៈពេល ២០ ថ្ងៃខាងមុខនេះ។
ការដោះមីននេះក៏ធ្វើឡើងនៅតាមផ្នែកមួយចំនួននៃស្រុក Cheorwon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូងផងដែរ ដែលជាកន្លែងមួយនៃការប្រយុទ្ធគ្នាសាហាវបំផុតរវាងទាហាននៃប្រទេសទាំងពីរនៅក្នុងសម័យសង្គ្រាមកូរ៉េ។
នៅឆ្នាំ ២០១៩ ខាងមុខនេះ ទាហាននៃប្រទេសទាំងពីរនឹងធ្វើការរុករកសាកសពទាហានរាប់រយនាក់ ដែលគេគិតថាបានកប់បាត់នៅក្នុងស្រុក Cheorwon នេះ។
កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងនេះ ក៏មានចែងផងដែរនូវការដកប៉ុស្តិ៍ត្រួតពិនិត្យ និងអាវុធចេញពីតំបន់សន្តិសុខរួម JSA បន្ទាប់ពីដោះមីនរួចរាល់ហើយ។ ហើយទាហានដែលនៅឈរជើងនៅតំបន់នោះ នឹងត្រូវដកអាវុធចេញ៕