ថ្វីបើមានសំឡេងនិងរូបថតបានលេញចេញពីជំនួបកំពូលលើកទី៣រវាងមេដឹកនាំកូរ៉េខាងត្បូងនិងខាងជើងក៏ដោយ សន្តិភាពនិងការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរស្ថិតនៅវែងឆ្ងាយទៀត នេះតាមការបញ្ជាក់របស់ពួកអ្នកជំនាញ។
លោក Douglas Paal អនុប្រធាននៃការសិក្សានៅអង្គការ Carnegie Endowment សម្រាប់សន្តិភាពអន្តរជាតិបាននិយាយថា «រូបភាពវីដេអូនៃការចាប់ដៃនិងឱបគ្នាបានផ្តល់ការចាប់អារម្មណ៍ថា អ្វីៗកំពុងឆ្ពោះទៅកាន់ដំណោះស្រាយជម្លោះប្រកបសន្តិវិធីរវាងកូរ៉េខាងជើងនិងខាងត្បូងជាងយើងដឹងអំពីការពិត»។
ជំនួបកំពូលរយៈពេល៣ថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយមានជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់បានតម្រង់ជួរនៅតាមផ្លូវនានានៅក្នុងរដ្ឋធានីព្យុងយ៉ាងដើម្បីស្វាគមន៍លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងដែលធ្វើដំណើរទស្សនកិច្ចលើកទី១ទៅកាន់កូរ៉េខាងជើង។
ជំនួបកំពូលនោះបានបញ្ចប់ដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននិងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon ហើយនិងភរិយារបស់អស់លោក បានធ្វើដំណើរបំពេញទស្សនកិច្ចជានិមិត្តរូបទៅកាន់ភ្នំ Baekdu ដែលជាភ្នំភ្លើងមួយនៅមានសកម្មភាពនៅជិតព្រំដែនរបស់កូរ៉េខាងជើងជាមួយប្រទេសចិនដែលជាទីកន្លែងកំណើតរបស់ពលរដ្ឋកូរ៉េទាំងអស់ហើយនិងជាទីកន្លែងដែលគេសន្មត់ថាជារបស់ឪពុកគីម ជុងអ៊ុន។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំង២កាលពីថ្ងៃពុធ មិនបានធ្វើឲ្យសម្រេចនូវការជឿនលឿនជាដុំកំភួនស្តីពីការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរដែលពួកអ្នកតាមមើលបញ្ហាកូរ៉េខាងជើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានសង្ឃឹមបន្ទាប់ពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងទំនងជាជួបបញ្ហាដោយការលុបចោលកាលពីចុងខែសីហានៃដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ទៅកាន់រដ្ឋធានីព្យុងយ៉ាង៕