កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា «មានដំណោះស្រាយតែមួយគត់ដែលនឹងទទួលជោគជ័យ» នៅក្នុងការដោះស្រាយជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិមុនៗមិនបានទទួលលទ្ធផលអ្វីនោះទេនៅក្នុងការចរចាជាមួយនឹងកូរ៉េខាងជើង។
លោក Trump បានបញ្ជាក់តាមប្រព័ន្ធ Twitter យ៉ាងដូច្នេះថា៖ «ប្រធានាធិបតី និងរដ្ឋបាលអាមេរិកអាណត្តិមុនៗបានចរចាជាមួយនឹងកូរ៉េខាងជើងអស់រយៈពេល ២៥ ឆ្នាំ មកហើយ កិច្ចព្រមព្រៀងមួយចំនួនត្រូវបានធ្វើឡើង ហើយសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាច្រើន ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ កិច្ចព្រមព្រៀងត្រូវបានរំលោភនៅពេលដែលកិច្ចព្រមព្រៀងនេះទើបតែបង្កើតឡើងថ្មីៗ ដោយធ្វើឲ្យអ្នកចរចារបស់រដ្ឋាភិបាលអាមេរិកមើលទៅដូចជាមនុស្សភ្លីភ្លើមិនដឹងអ្វីដូច្នេះដែរ។ សុំទោស! ប៉ុន្តែមានតែដំណោះស្រាយមួយគត់ដែលអាចទទួលបានជោគជ័យ»។
លោក Trump មិនបានបញ្ជាក់ឲ្យបានច្បាស់អំពីដំណោះស្រាយអ្វីដែលលោកចង់សំដៅលើនោះទេ ប៉ុន្តែ ការលើកឡើងរបស់លោកទំនងអាចជាជម្រើសយោធា។
កន្លងមក លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបំផ្លាញប្រទេសកូរ៉េខាងជើងឲ្យខ្ទេច ប្រសិនបើក្នុងករណីចាំបាច់ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតយ៉ាងច្បាស់ថា លោកមិនចូលចិត្តចរចាជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងនោះទេ ដោយនាពេលថ្មីៗនេះ លោកបានលើកឡើងថា ការចរចាជាមួយនឹងកូរ៉េខាងជើងគឺជាការខាតពេលវេលា៕