ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ជាប់​គាំង​ដ៏​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បន្ត​កើន​ឡើង​បន្តិច​ម្ដងៗ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

ស្រប​ពេល​ដែល​ភាព​ជាប់​គាំង​ដ៏​តានតឹង​ខាង​អាវុធ​នុយក្លេអ៊ែរ​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​បន្ត​រីក​សាយភាយ ហានិភ័យ​នៃ​ជម្លោះ​យោធា​មាន​ការ​កើន​ឡើង ដោយ​ក្ដី​សង្ឃឹម​សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅតែ​មិន​មាន​ពន្លឺ​អ្វី​ទាំង​អស់។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​និយាយ​ថា កិច្ច​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​លោក Kim Jong Un ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​នឹង​នៅតែ​បន្ត​រហូត​ទាល់តែ​ដល់​ពេល​ប្រើ​កម្លាំង​យោធា។

ប៉ុន្តែ លោក​ប្រធានាធិបតី Donald Trump មិន​មាន​សុទិដ្ឋិនិយម​ថា​នឹង​មាន​ដំណោះស្រាយ​បែប​ការ​ទូត​ណា​មួយ​កើត​ឡើង​នោះ​ទេ។ លោក​បាន​ហៅ​កិច្ច​ប្រឹងប្រែង​របស់​លោក Tillerson ថា​ជា «ការ​ខ្ជះខ្ជាយ​ពេលវេលា‍» និង​បាន​បង្ហាញ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ជា​មនុស្ស​មិន​អាច​ទុក​ចិត្តបាន​ថា​នឹង​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​ការទូត​ណា​មួយ​នោះ​ទេ ដោយសារតែ​កន្លង​មក​របប​ដឹកនាំ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​បាន​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​កិច្ច​ព្រមព្រៀង​បញ្ឈប់​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​អតីតកាល។

គោល​ជំហរ​តឹងតែង​របស់​រដ្ឋបាល​លោក Trump ក្នុង​ការ​ទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ជា​ឯកតោភាគី​នូវ​ការ​ផលិត​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​ដែន​ដី​របស់​សហរដ្ឋ​អាមេរិក​បាន អាច​ជា​យុទ្ធសាស្ត្រ​ចរចា​មួយ ប៉ុន្តែ​អ្នក​វិភាគ​នានា​ខ្លាច​ថា គោល​ជំហរ​នេះ​អាច​ជា​ចំណុច​ចាប់ផ្ដើម​នូវ​ការ​ប្រើ​កម្លាំង​យោធា។

លោក John Delury សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Yonsei ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «មិន​ត្រឹមតែ​លោក Trump នោះ​ទេ ប៉ុន្តែ​រដ្ឋបាល​របស់​លោក​តែ​ម្ដង កំពុង​ត្រៀម​ខ្លួន​ជា​ប្រព័ន្ធ​សម្រាប់​ពេលវេលា​ដ៏​ខ្លី​ខាង​មុខ​ឈាន​ចូល​មក​ដល់ ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​ដំណោះស្រាយ​បែប​ការទូត​បាន​ទទួល​បរាជ័យ​រួច​ទៅ​ហើយ‍»៕

XS
SM
MD
LG