អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ប្រាប់តុលាការនៅព្រឹកថ្ងៃពុធនេះថា ការទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង នៅក្នុងព្រឹត្តិការណ៍បាតុកម្មដ៏ចម្រូងចម្រាសក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺជាទ្រង់ទ្រាយនៃការធ្វើបដិវត្តន៍។
ការអត្ថាធិប្បាយយ៉ាងដូច្នេះរបស់លោក គង់ គាំ ធ្វើឡើងនៅពេលលោកបង្ហាញខ្លួនក្នុងសវនាការលើកទី៥៩របស់លោក កឹម សុខា ក្រោមការឃ្លាំមើលរបស់ប្រព័ន្ធផ្សព្វផ្សាយ និងតំណាងស្ថានទូតមួយចំនួន។
អង្គុយនៅក្បែរអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា លោក គង់ គាំ វ័យ៨១ឆ្នាំ ក្នុងនាមជាសាក្សី បានឆ្លើយតបសំណួរជាច្រើនរបស់តំណាងអយ្យការ ជុំវិញប្រវត្តិនយោបាយរបស់លោក និងការដឹងឮរបស់លោកក្នុងព្រឹត្តិការណ៍បាតុកម្មផ្សេងៗ ដែលបានកើតឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣។
នៅពេលត្រូវបានសួរដោយភាគីតំណាងអយ្យការលោក ឆាយ ហុង អំពីសកម្មភាពតវ៉ានៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដូចយ៉ាងអ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ាងនោះ លោកគង់ គាំ បានលើកឡើងថា ទីមួយគោលបំណងរបស់ការប្រមូលផ្តុំ គិតថា រាប់សន្លឹកឆ្នោត ហើយហួសទៅ គឺមានការទាមទារឱ្យនាយករដ្ឋមន្ត្រីចុះពីតំណែង។
តំណាងអយ្យការ លោក ឆាយ ហុង បានបន្តសំណួរដោយភ្ជាប់ទៅនឹងជនជាប់ចោទលោក កឹម សុខា ថា ជនជាប់ចោទលើកឡើងថា ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យជាការទទួលខុសត្រូវរបស់បុគ្គល មិនមែនបក្សទេ? អយ្យការចង់ឱ្យសាក្សីជួយបញ្ជាក់ តើទាមទារនៅទីលានប្រជាធិបតេយ្យដើម្បីប្រយោជន៍បុគ្គល ឬបក្សទាំងមូល?
លោក គង់ គាំ ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះឱ្យពិចារណាលើសារសំឡេងអំពាវនាវរបស់លោក ហូរ វ៉ាន់ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអំពីការប្រមូលផ្តុំមនុស្សមកតវ៉ាជំនួសវិញ និងថា លោក ហូរ វ៉ាន់ ត្រូវទទួលខុសត្រូវចំពោះមុខគណបក្សសង្គ្រោះជាតិ។
បន្តិចក្រោយមកលោក ឆាយ ហុង បានបន្ថែមសំណួរមួយចំនួនទៀតទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃចន្ទពណ៌ខ្មៅ និងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ នៅក្នុងការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីនោះ លោក គង់ គាំ ថា លោកមិនដឹងជាមុនទេ ថា លោក កឹម សុខា មានការថ្លែងនៅប្រទេសអូស្ត្រាលី ព្រោះលោក កឹម សុខា មិនដែលបង្ហើបឱ្យដឹង។ ដូច្នេះលោកគ្រាន់តែមានការភ្ញាក់ផ្អើលតាមសំឡេងវីដេអូរបស់លោក កឹម សុខា។
តំណាងអយ្យការលោក ឆាយ ហុង ចោទសួរដោយសំដៅដល់លោក កឹម សុខាទៀត ថា៖ «ជនជាប់ចោទថា បើមិនប្រថុយ មិនមានការផ្លាស់ប្តូរ? តើជនជាប់ចោទមានបំណងអ្វី?»
លោក គង់ គាំ ឆ្លើយភ្លាមថា៖ «ភ្ជាប់សំឡេង វីដេអូ ... ប្រមូលផ្តុំកាន់តែយូរ ធំ[ទៅ] និងទាមទារឱ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ខ្ញុំគិតថា នេះជាទ្រង់ទ្រាយបដិវត្តន៍ក្រៅសំឡេងឆ្នោត»។
ក្រៅពីព្រឹត្តិការណ៍បាតុកម្មលោក គង់ គាំ ក៏ត្រូវក្រុមប្រឹក្សាអង្គជំនុំជម្រះសួរឱ្យបញ្ជាក់ពីទំនាក់ទំនងរបស់អង្គការ IRI (វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក)ជាមួយគណបក្សសង្គ្រោះជាតិ។ លោក គង់ គាំ ថា អង្គការអាមេរិកាំងដែលជួយជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកនេះបានជួយក្នុងការបណ្តុះបណ្តាលអំពីប្រជាធិបតេយ្យ និងរៀបចំរចនាសម្ព័ន្ធមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ។
អ្នកនយោបាយជំទាស់រូបនេះក៏ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសួរឱ្យបញ្ជាក់ពីការទាក់ទងជាមួយនឹងអង្គការអាល្លឺម៉ង់ពីរទៀតក្នុងនោះ គឺអង្គការ Konrad ដែលផ្តល់តម្លៃដល់យុត្តិធម៌ និងសេរីភាពពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យមានការជួបគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១២ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ នៅក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ លោក កឹម សុខា បន្តការពារខ្លួននៅមុនការផ្តល់សក្ខីកម្មរបស់លោក គង់ គាំ ថា លោកមិនចាប់អារម្មណ៍នឹងការធ្វើបដិវត្តន៍ ហើយវិធីសាស្ត្រនៃការយកឈ្នះគូប្រជែងរបស់លោក គឺតាមរយៈការបោះឆ្នោត។
កន្លងមក លោក កឹម សុខា ក៏បានច្រានចោលការទទួលខុសត្រូវចំពោះបាតុកម្មហិង្សាបណ្តាលឱ្យស្លាប់មនុស្សនៅផ្លូវវេងស្រេង និងបាតុកម្មដែលក្លាយជាហិង្សានៅទីតាំងផ្សេងទៀត ក្រៅពីទីលានប្រជាធិបតេយ្យ។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានតាមដានសវនាការ ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការក្រុងភ្នំពេញថា ការជំនុំជម្រះនៅថ្ងៃពុធនេះជាការខ្ជះខ្ជាយពេលវេលា ដោយក្រុមប្រឹក្សាជំនុំជម្រះសួរដដែលអំពីការថ្លែងរបស់លោក កឹម សុខា នៅអូស្ត្រាលី ហើយមានសាក្សីតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៦នាក់ត្រូវបានសាកសួរបំភ្លឺបន្ថែម។
លោកថ្លែងថា៖ «វាជាការខ្ជះខ្ជាយពេលវេលាមួយដែលអង្គសវនាការទាំងមូល គឺថ្ងៃនេះ គឺសួរសាក្សី ហើយបានអញ្ជើញសាក្សី ដែលមានវត្តមាន៦នាក់ ប៉ុន្តែបែរជាសួរទៅលើជនជាប់ចោទបន្តអង្គហេតុធ្វើឱ្យប៉ះពាល់ដល់ពេលវេលា នៅពេលដែលសួរសាក្សី គឺបានតែម្នាក់រួចក៏អស់ពេល»។
លោកបន្ថែមថា៖ «ចំណុចនេះ យើង តាមការកត់សម្គាល់មានន័យថា ការសួរដេញដោលហាក់ដូចជាមិនមានពេលវេលាជាក់លាក់សម្រាប់កំណត់ថា តើម្នាក់ត្រូវសួរប៉ុន្មាននាទី ដើម្បីឱ្យបញ្ចប់ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសាក្សី ដែលធ្វើឱ្យពួកគាត់ចំណាយពេលវេលាហើយមិនបានឆ្លើយនៅពេលដែលសវនាការនេះបានបន្តបាទ»។
នៅក្នុងសវនាការព្រឹកថ្ងៃពុធនេះ តុលាការបានអញ្ជើញសាក្សីចំនួន៦នាក់ ក្នុងនោះគឺមានលោក គង់ គាំ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងអតីតសកម្មជនដីធ្លីមួយរូបនៅតំបន់បុរីកីឡា។
អំឡុងពេលនៃការសួរដេញដោលអង្គហេតុពាក់ព័ន្ធនឹងចលនាបដិវត្តន៍នៅប្រទេសស៊ែប៊ី (Serbia) និងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ បានព្រមានឃុំខ្លួនលោក កឹម សុខា ជាបណ្តោះអាសន្ន នៅពេលលោក កឹម សុខា ព្យាយាមនិយាយឌឺដងទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះទាក់ទងនឹងការឆ្លើយសំណួររបស់ចៅក្រមផងដែរ។ លោក កូយ សៅ ចាត់ទុកថា ទង្វើនេះ ជាការមាក់ងាយមកលើតុលាការ៕