ក្រោយគណបក្សឆន្ទៈខ្មែរប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀន អ្នកនយោបាយជើងចាស់ម្នាក់ លោក គង់ គាំ បានប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀនដែរ និងប្តេជ្ញាឱ្យមានចម្រុះគណបក្សនៅក្នុងរដ្ឋសភានៅឆ្នាំខាងមុខ។
កាលពីថ្ងៃចន្ទ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ បានប្រកាសពីការរួបរួមគ្នាជាមួយគណបក្សភ្លើងទៀន ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខ។
ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ដែលជាអតីតប្រធានគណបក្សសម រង្ស៊ី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចូលរួមរបស់លោកជាមួយគណបក្សភ្លើងទៀន ដោយហេតុថា លោកឃើញពីសន្ទុះនៃការគាំទ្រគណបក្សភ្លើងទៀន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០២២នេះ។ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះបន្ថែមថា ការរួបរួមគ្នាគឺជាវិថីឆ្ពោះទៅមុខសម្រាប់អ្នកប្រជាធិបតេយ្យ។
លោក គង់ គាំ ប្តេជ្ញាធ្វើឱ្យមានពហុបក្សសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ និងសំឡេងចម្រុះនៅក្នុងរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអស់រយៈពេលជិត៥ឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំហើយនឹងគណបក្សភ្លើងទៀន មានការប្តេជ្ញាថា នឹងធ្វើឱ្យមានពហុបក្សនៅថ្នាក់ជាតិ ក្នុងសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ហើយនឹងបម្រើទឹកចិត្តរបស់ប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរ»។
បើតាមលោក គង់ គាំ លោកនឹងមិនឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះឡើយ ដោយសារតែលោកបានចូលនិវត្តន៍រួចទៅហើយ។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សនេះបានតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។
លោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការចូលរួមជាមួយគណបក្សភ្លើងទៀនជាជម្រើសមួយដើម្បីអាចយកឈ្នះគណបក្សកាន់អំណាចបាន ហើយវាក៏ជាបំណងរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកថ្លែងថា៖ «សំខាន់យើងយល់ថា មានតែការរួមគ្នានៃអ្នកស្រឡាញ់ប្រជាធិបតេយ្យ អ្នកដែលស្រឡាញ់សេរីភាពទេ ទើបអាចឈានទៅយកជ័យជម្នះលើគណបក្សកាន់អំណាចសព្វថ្ងៃបាន»។
ប្រធានគណបក្សរូបនេះបញ្ជាក់ថា គណបក្សរបស់លោកនឹងមិនដាក់មនុស្សឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំខាងមុខឡើយ។ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សមួយចំនួននឹងឈរឈ្មោះនៅតាមមណ្ឌលដោយជ្រកក្រោមស្លាកគណបក្សភ្លើងទៀន។
ប្រធានស្តីទីរបស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេថា គណបក្សភ្លើងទៀនទទួលស្វាគមន៍ការចូលរួមរបស់គណបក្សដទៃទៀតដើម្បីជាកម្លាំងចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យនៅក្នុងការប្រកួតប្រជែងនយោបាយ។ លោកបន្ថែមថា គណបក្សរបស់លោកកំពុងតែរង់ចាំទទួលស្វាគមន៍គណបក្សផ្សេងទៀត ព្រមទាំងកំពុងពង្រឹងរចនាសម្ព័ន្ធក្នុងគណបក្សរបស់ខ្លួននៅតាមមូលដ្ឋាន ដើម្បីបានការគាំទ្រពីប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «សម្រាប់គណបក្សភ្លើងទៀន យើងបើកទ្វារចំហដើម្បីស្វាគមន៍គ្រប់និន្នាការនយោបាយ។ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យដើម្បីមកចូលរួមជាកម្លាំងមួយនៅក្នុងការបន្តការតស៊ូរបស់យើងឱ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត២០២៣ខាងមុខនេះ»។
បើតាមប្រធានគណបក្សរូបនេះ មកទល់ពេលនេះមានតែគណបក្សឆន្ទៈខ្មែរតែមួយទេដែលព្រមចូលរួមជាមួយគណបក្សភ្លើងទៀនដោយគ្មានលក្ខណ្ឌ ខណៈមិនទាន់មានតម្រុយអ្វីបន្ថែមទៀតឡើយពាក់ព័ន្ធជាមួយការចូលរួមរបស់គណបក្សដទៃជាមួយគណបក្សភ្លើងទៀន។
អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា គណបក្សក្រៅរដ្ឋាភិបាលសព្វថ្ងៃកំពុងពើបប្រទះនឹងវិបត្តិពីរគឺមិនមានការឯកភាពជាតិ និងផ្ទៃក្នុងគណបក្ស និងការវាយប្រហារគ្នាតាមពាក្យសម្តីតែចេះបន្តកើតមានក្នុងចំណោមពួកគេ។ លោកបន្តថា លោកសាទរចំពោះការចងសម្ព័ន្ធភាពរបស់ពួកគេ ខណៈជំរុញឱ្យគណបក្សភ្លើងទៀនរៀបចំយុទ្ធសាស្ត្រនយោបាយប្រកបដោយប្រសិទ្ធភាព និងល្អិតល្អន់ដើម្បីបញ្ចៀសនូវការធ្លាក់ចូលទៅក្នុងអន្ទាក់នយោបាយរបស់គូបដិបក្ខរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ពេលគេឡើងមកជិះទូកជាមួយយើង ហើយយើងកាន់តែក្រអឺតក្រទមដោយមិនមានផែនការ យុទ្ធសាស្ត្រអីច្បាស់លាស់នោះទេ អាហ្នឹងនឹងនាំចូលទៅក្នុងគ្រោះមួយធំទៀត ដូចសង្គ្រោះជាតិកាលពីឆ្នាំ២០១៨»។
លោកបណ្ឌិត មាស នី យល់ឃើញថា ការផ្តល់ទំនុកចិត្តនិងតម្លៃឱ្យគ្នាជាការសំខាន់ដើម្បីសម្ព័ន្ធភាពយូរអង្វែង ជាពិសេសត្រូវកៀរគរកម្លាំងអ្នកប្រជាធិបតេយ្យ និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការដឹកនាំប្រទេស។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀនបានអំពាវនាវឱ្យអ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ចូលរួមជាមួយគណបក្សភ្លើងទៀនដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ»៕