ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ប្តេជ្ញា​ចូល​តុលាការ​ស្វែងរក​យុត្តិធម៌


រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦ ថា លោក​មិន​អាច​ទទួល​យក​ការកាត់​ទោស​ប្រឆាំង​រូប​លោក​របស់​តុលាការ​ខេត្តកោះកុង​ក្នុង​សំណុំរឿង​ព្រៃឈើ​បាន​ទេ។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦ ថា លោក​មិន​អាច​ទទួល​យក​ការកាត់​ទោស​ប្រឆាំង​រូប​លោក​របស់​តុលាការ​ខេត្តកោះកុង​ក្នុង​សំណុំរឿង​ព្រៃឈើ​បាន​ទេ។ (ហ៊ុល រស្មី/VOA)

«យើង​ប្រមូល​ផល​ និង​អនុផល​ព្រៃ​ឈើ​ មួយ​ចំនួន​យើង​យក​មក​ មិនមែន​ផលប្រយោជន៍​បុគ្គល​របស់​ខ្ញុំ​ ខ្ញុំ​មក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​បាទ»។

សកម្មជន​ការពារ​បរិស្ថាន​ក្នុង​តំបន់​អារ៉ែង​ លោក​ វ៉ែន វ៉ន ​ថ្លែង​នាពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅតុលាការ​កំពូល​ តាមការកោះហៅ​របស់​តុលាការ​ ដើម្បី​ទទួល​ការកាត់​សេចក្តី​ ក្នុង​សំណុំ​ប្រមូលផលអនុផល​ព្រៃ​ឈើ​ខុសច្បាប់។

តាម​ដីកាកោះ​ ​របស់​អគ្គ​ព្រះរាជអាជ្ញារង​ លោក​ ឈួន ចាន់​ថា​ ចុះថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ​បាន​សរសេរ​ថា​ លោក​ វ៉ែន វ៉ន​ ​ជាប់​ចោទ​ពីបទ​ ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ប្រព្រឹត្ត​នៅ​ច្រក​ឬស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ កាល​ពីថ្ងៃ​ទី​ ៩​ ខែមករា​ ឆ្នាំ​ ២០១៥។​ ​

អគ្គព្រះរាជ​អាជ្ញារង​ លោក​ ឈួន ចាន់ថា​ បង្គាប់​ឲ្យ​លោក​ វ៉ែន វ៉ន​ ចូលខ្លួន​ទៅតុលាការ​កំពូល​នៅថ្ងៃ​ទី ២១​ ខែ​មិថុនា​ ខាង​មុខ​ នៅវេលា​ម៉ោង​ ៨ព្រឹក ​ដើម្បី​ចូលរួម​សវនាការ។

លោក​ វ៉ែន វ៉ន​ បានប្រាប់​ VOA កាលពីថ្ងៃ​ពុធថា​ លោក​កំពុង​ស្វែង​រក​មេធាវី​ ដើម្បី​ការពារ​ក្តី ​និង​ជួយ​ឲ្យ​លោក​រួចផុត​ពី​ពិរុទ្ធភាព​ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ អាច​បាន​ឈរ​ឈ្មោះ​ជា ​បេក្ខជន​ក្រុម​ប្រឹក្សា​ ឃុំ-​សង្កាត់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​ថ្មបាំង។​

លោក​និយាយថា​ លោក​បាន​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ ឃុំ​-សង្កាត់​មួយ​អាណត្តិ​មក​ហើយ​ គឺ​ពី​ឆ្នាំ​ ២០១២​ មកដល់​ឆ្នាំ​ ២០១៧នេះ​ តែ​អាណត្តិ​នេះ​លោក​មិន​អាច​ឈរ​ឈ្មោះ​បាន​ទេ​ ដោយសារ​លោក​នៅ​មាន​ទោស។

«អាណត្តិ​ខ្ញុំ​អាច​បាន​ឈរ​ជា​បេក្ខជន ឈរ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​នោះ​ទេ​ ដោយសារ​ខ្ញុំ​មាន​ឈ្មោះ​ ជា​ពិរុទ្ធ​ ដែល​កំពុង​តែ​មាន​ការ​ប្តឹង​ផ្តល់​អញ្ចឹង​ មិន​ដឹង​ថា​ លទ្ធផល​ថ្ងៃ​ខាង​មុខ​ មិន​ដឹង​ថា​តុលាការ​អាច​នឹង​កាត់​ ឲ្យ​ខ្ញុំ​យ៉ាង​ម៉េច​ ប្រសិនបើ​ក្នុង​ករណី​ណាមួយ​ ដែល​តុលាការ​កាត់​ឲ្យ​ខ្ញុំ​នៅ​ទទួល​ទោស​ហ្នឹង​ អញ្ចឹង​វា​ធ្វើ​ឲ្យ​អសកម្ម​ការងារ​ និង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​»។

យ៉ាងណា​ក៏ដោយ​ អ្នកការពារ​បរិស្ថាន​រូបនេះ​ រំពឹង​ជា​មុន​ថា​ តុលាការ​កំពូល​ នឹង​ផ្តល់​យុត្តិធម៌ជូន​រូប​លោក​ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ល្មើស​ក្នុង​ការ​ប្រមូលផលអនុផល​ព្រៃ​ឈើ​ ដើម្បី​បម្រើ​ប្រយោជន៍​សហគមន៍​លោកនោះទេ។

«យើង​ប្រមូល​ផល​ និង​អនុផល​ព្រៃ​ឈើ​ មួយ​ចំនួន​យើង​យក​មក​ មិនមែន​ផលប្រយោជន៍​បុគ្គល​របស់​ខ្ញុំ​ ខ្ញុំ​មក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​បាទ»។

លោក​បាន​បញ្ជាក់​ទៀត​ថា ទោះ​ជា​លោក​មិនបាន​រួចពី​ពិរុទ្ធភាព​ ក៏​លោក​នឹង​នៅតែ​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ទាក់​ទិន​កិច្ច​ការពារ​បរិស្ថាន​ និង​វប្បធម៌។

កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៦​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ការ​កាត់សេចក្តី​របស់តុលាការ​ខេត្ត​កោះ​កុង​ ដោយ​ឱ្យ​ លោក​ ​វ៉ែន វ៉ន​ ​ជាប់​ទោស​ពី​បទ​ «ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»​ ដែល​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​ កាល​ពី​ខែ​មិនា​ ឆ្នាំ​ ២០១៦។

លោក​ អ៊ិន គង់​ជិត ​មន្រ្តី​សម្របសម្រួល​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​លីកាដូ​ ​ប្រចាំ​ខេត្ត​កោះ កុង​ បាន​ប្រាប់​ VOA កាល​ពី​ពេល​កន្លង​មកថា​ លោក​កំពុង​ខិតខំ​រក​មេធាវី​ជួយការ​ពារ​ក្តី​លោក​ វ៉ែន​ វ៉ន​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​បទចោទប្រកាន់​ ដែល​នាំ​ដល់​ការ​កាត់​ទោស​រូប​លោក​វ៉ែន​ វ៉ន ទាំង​អយុត្តិធម៌។​ លោក​ថា លោក​ វ៉ែន​ វ៉ន​ ត្រូវ​តែ​រួចពីទោស​ ទើបលោក​អាច​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជនសមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​បាន។

«​ដោយសារ​គាត់​ មាន​គេ​ហៅ​ថា​មាន​ ពិរុទ្ធភាព​ អញ្ចឹង​ធ្វើ​ឲ្យ​ខាង​គណបក្ស​របស់​គាត់​ គណបក្ស​ប្រជា ជន​ពិចារណា​មិនឲ្យ​គាត់​ឈរ​ឈ្មោះ​ មិន​ឲ្យ​គាត់​ឈរ​ឈ្មោះ​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ នៅ​ឃុំ​ជំនាប់ ទៀត​»។ ​

បន្ថែម​លើ​ការ​កាត់​ទោស​ទាក់​ទិនការ​ប្រមូលផលអនុផលព្រៃ​ឈើ​ខុស​ច្បាប់​ លោក​ វ៉ែន វ៉ន​ ក៏​រង​កា​រ​ប្ដឹង​ផ្ដល់​តាម​ផ្លូវច្បាប់​ពី​អាជ្ញាធរ​ស្រុក​ថ្ម​បាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ ​ក្នុង​ខេត្ត​កោះកុង​ ក្រោយ​ពី​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិដើម​ភាគ​តិច​ជង​ ​និង​ចូលរួម​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ​ជា​មួយ​ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ»​ ​លោក​ ​Alejandro Gonzalez-Davdison​។ លោក ​Alejandro Gonzalez-Davdison ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ​ក្រោម​ហេតុផល​ថា​ ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស​ហួស​ទិដ្ឋាការ​កំណត់៕

XS
SM
MD
LG