ការស្លាប់នៃសត្វតោដ៏គួរឲ្យស្រលាញ់របស់ប្រទេសស៊ីមបាវ៉េ ដោយថ្វីដៃរបស់អ្នកប្រមាញ់ជនជាតិអាមេរិក បានបង្កឲ្យមានការពិភាក្សាអំពី«ការចិញ្ចឹមសត្វតោដើម្បីប្រមាញ់» នៅក្នុងទ្វីបអាហ្រ្វិក។ ក្រុមអ្នកជំនាញមួយចំនួននៅប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា ការជជែកពិភាក្សាអំពីរឿងនេះ ត្រូវបានគេរង់ចាំជាយូរមកហើយ។
ការសម្លាប់សត្វតោ Cecil ជាទីស្រឡាញ់របស់ប្រទេសស៊ីមបាវ៉េ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានភាពចម្រូងចម្រាសមួយនៅប្រទេសអាហ្រ្វិកខាងត្បូងជិតខាងដែលជាទិសដៅដ៏សំខាន់មួយសម្រាប់ពួកអ្នកប្រមាញ់សត្វទៅពីចម្ងាយ ដូចជាសត្វតោ ខ្លារខិន និងពពួកសត្វក្នុងអម្បូរដូចគ្នានេះ។
ឧស្សាហកម្មប្រមាញ់សត្វនៅអាហ្វ្រិកខាងត្បូង គឺជាឧស្សាហកម្មមួយដែលរកផលចំណេញបានច្រើន ដោយបាននាំមកនូវប្រាក់ចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែ ការសម្លាប់សត្វតោ Cecil ក្រោមថ្វីដៃទន្តពេទ្យម្នាក់មកពីរដ្ឋ Minnesota នៃសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានការជជែកពិភាក្សា និងមានភាពតានតឹងជុំវិញអនាគតនៃឧស្សាហកម្មប្រមាញ់សត្វនេះ។
លោក Peter Oberem ប្រធានអង្គការចិញ្ចឹមសត្វព្រៃ (Wildlife Ranching) នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាក្រុមមួយតំណាងឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមសត្វប្រមាញ់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា លោកគាំទ្រគំនិតនៃការប្រមាញ់ស្ថិតនៅក្នុងបរិស្ថានដែលត្រូវបានគ្រប់គ្រង ក៏ប៉ុន្តែលោកបញ្ជាក់ថា ការស្លាប់របស់តោ Cecil មិនត្រូវបានធ្វើឡើងតាមលក្ខខណ្ឌចាំបាច់ទាំងនោះទេ។
«ខ្ញុំគិតថា វាពិតជាសោកនាដកម្មមួយ ពីព្រោះតាមដែលខ្ញុំបានដឹង យ៉ាងហោចណាស់ វាជាសត្វតោដែលបានមកពីឧទ្យានសម្រាប់បរបាញ់សត្វដ៏ធំមួយ ហើយត្រូវបានល្បួងឲ្យចេញតាមរបង ដែលនេះជាទង្វើគ្មានក្រមសីលធម៌មួយ ដូច្នេះគួរតែត្រូវបានថ្កោលទោសទាំងស្រុង»។
លោក Dex Kotze ដែលជាអ្នកអភិរក្សម្នាក់ជឿជាក់ថា ហេតុការណ៍នេះនឹងផ្លាស់ប្តូរការជជែកពិភាក្សានៅទូទាំងប្រទេសអាហ្រ្វិកខាងត្បូងអំពីការចិញ្ចឹមសត្វតោដើម្បីប្រមាញ់ ដែលអ្នកប្រមាញ់ត្រូវបានអនុញ្ញាតឲ្យសម្លាប់សត្វសម្រាប់បង្កាត់ពូជក្នុងពេលពួកគេបរបាញ់។
លោកបាននិយាយថា ឧប្បត្តិហេតុនេះបានជំរុញឲ្យមានសេចក្តីថ្លែងការណ៍ពីក្រុមមន្ត្រីកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលមន្ត្រីទាំងនោះបាននិយាយថា ច្បាប់ក្នុងការបរបាញ់សត្វក្នុងប្រទេសនេះប្រហែលជាត្រូវការការត្រួតពិនិត្យឡើងវិញ។
«បទបញ្ញត្តិនេះត្រូវការការផ្លាស់ប្ដូរដើម្បីលុបបំបាត់ការប្រមាញ់សត្វតោដែលគេចាប់ត្រៀមទុកសម្រាប់អ្នកប្រមាញ់។ វាជាការខុសឆ្គង វាអសីលធម៌ ហើយវាជាអំពើខុសក្រមសីលធម៌»។
ក៏ប៉ុន្តែ លោក Oberem មិនយល់ស្របនឹងការលើកឡើងនេះទេ ដោយលោកនិយាយថា ការប្រមាញ់អាចជួយគ្រប់គ្រងលើចំនួនសត្វទាំងនោះ ហើយការបរបាញ់អាចធ្វើឡើងបានដោយគ្មានភាពព្រៃផ្សៃ។
«នៅពេលដែលសត្វទាំងនោះកំពុងជិតផុតពូជ ការប្រមាញ់នៅតែអាចដើរតួសំខាន់មួយ ប៉ុន្តែវាត្រូវតែគ្រប់គ្រងដោយប្រុងប្រយ័ត្នបំផុត ហើយគេគួរតែផ្តោតលើសត្វដែលមានវ័យចំណាស់ប៉ុណ្ណោះ ដែលយើងអាចនិយាយបានថា សត្វនោះប្រហែលជាជិតដល់ថ្ងៃស្លាប់ហើយ»។
លោក Kotze និយាយថា នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ការប្រមាញ់សត្វចាស់ៗមិនមែនជារឿងធម្មតាដូចដែលអ្នកប្រមាញ់ជឿនោះទេ។ លោកបានបន្ថែមថា នៅក្នុងកសិដ្ឋានសម្រាប់ប្រមាញ់សត្វមួយចំនួនក្នុងប្រទេសអាហ្វ្រិកខាងត្បូង សត្វជាច្រើនត្រូវបានដោះលែងសម្រាប់ការបរបាញ់ ដែលសត្វទាំងនោះមានអាយុត្រឹមតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយវាជាគោលដៅសំខាន់សម្រាប់ពួកអ្នកបរបាញ់យកជ័យភ័ណ្ឌ។ អ្នកបរបាញ់ទាំងនោះក៏ត្រូវការផងដែរសត្វដែលគ្មានស្លាកស្នាមអាក្រក់នៅលើផ្ទៃមុខ ដែលកើតមានពេលពួកវានៅក្នុងព្រៃ។
ក្រុមអ្នកជំនាញបានយល់ស្របថា ការជជែកពិភាក្សាបែបនេះ ត្រូវបានគេរង់ចាំជាយូរមកហើយ បើទោះបីជា វាហួសពេលសម្រាប់សត្វតោ Cecil ក៏ដោយ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង