ប្រទេសចិនបានចូលរួមបណ្តាញមួយនៃប្រទេសជាតិអាស៊ីអាគ្នេយ៍ដើម្បីជួយទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ច្បាប់ក្នុងតំបន់និងអន្តរជាតិ ដើម្បីប្រយុទ្ធការជួញដូរសត្វបានកើនឡើង នៅពេលដែលមានការព្រមានអំពីអនាគតដ៏ក្រៀមក្រំនៃប្រភេទសត្វដែលជិតផុតពូជ ហើយនិងសេចក្តីអំពាវនាវឲ្យចាប់ខ្លួនមេដឹកនាំពាណិជ្ជកម្មជួញដូរសត្វព្រៃ។ ក្រុមប្រឆាំងការជួញដូរសត្វព្រៃនិយាយថា ការសម្រេចចិត្តរបស់ចិន ចូលរួមជាមួយបណ្តាញប្រតិបត្តិច្បាប់ប្រឆាំងការជួញដូរសត្វព្រៃអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN WEN ដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងការជួញដូរសត្វខុសច្បាប់។
ប្រទេសចិនជាទិសដៅដ៏សំខាន់សម្រាប់សត្វព្រៃខុសច្បាប់ដែលត្រូវបានគេប្រើប្រាស់ក្នុងស្រុកជាឱសថនិងជាម្ហូបអាហារ។ អ្នកវិភាគនិយាយថា ពាណិជ្ជកម្មសកលលោកមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយ១ឆ្នាំៗ។
លោក ក្រៃសាក់ ឈួនហាវ៉ាន់ (Kraisak Choonhavan) ជាប្រធានអង្គការ Freeland Foundation ដែលជាក្រុមប្រឆាំងការជួញដូរសត្វព្រៃ។ លោកនិយាយថា ចិនបានចូលរួមអង្គការ ASEAN WEN ដោយសារតែការគាំទ្ររបស់ខ្លួនដល់អនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិសត្វព្រៃជិតផុតពូជ ឬ CITES។
«ដូច្នេះនៅទីបញ្ចប់ ចិនបានទទួលស្គាល់អនុសញ្ញា CITES។ ពួកគេនឹងត្រូវចាប់ផ្តើមធ្វើការហាមប្រាមការជួញដូរសត្វខ្លា បំណែកសត្វដំរី បំណែកសត្វខ្លាឃ្មុំ នឹងត្រូវចាប់ផ្តើមផ្លាស់ប្តូរ វប្បធម៌ធ្វើម្ហូបរបស់គេ ដែលជាអំពើដ៏សាហាវបំផុតប្រឆាំងនឹងបរិស្ថាន»។
អង្គការ Freeland Foundation ដែលបានទទួលការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋាភិបាលក្នុងតំបន់ អង្គការប៉ូលីសក្នុងមូលដ្ឋាននិងអន្តរជាតិដូចជា អាំងទែរប៉ូល (INTERPOL)។
អង្គការ Freeland ប្រាប់ឲ្យដឹងថាការបង្កើនការយាមល្បាតបាននាំឲ្យមានសកម្មភាពប្រតិបត្តិច្បាប់កើនឡើងចំនួន១០ដងក្នុងទ្វីបអាស៊ីក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
យោងតាមទិន្នន័យកាលពីពេលថ្មីៗនេះដែលបានចងក្រងឡើងដោយអង្គការ Freeland សកម្មភាពប្រតិបត្តិច្បាប់ជាង១៩០បានកើតមានឡើងចន្លោះខែមេសានិងខែកញ្ញា ឆ្នាំ២០១០ ដោយមានការសង្គ្រោះសត្វនៅរស់ជាង១ម៉ឺន៦ពាន់ក្បាល ហើយនឹងបំណែកសត្វ១៤តោនដោយមានតម្លៃជាប្រាក់៦លានដុល្លារនៅទីផ្សារងងឹត។ ប៉ូលីសក៏បានធ្វើការចាប់ខ្លួនមនុស្សជាង១០០ដងដែរ។
ប៉ុន្តែ លោក ស្ទីវ ហ្កាល់ស្ទ័រ (Steve Galster) នាយកអង្គការមូលនិធិ Freeland និយាយថាទោះបីមានការចាប់ខ្លួនក៏ដោយ ពួកមេដឹកនាំទុច្ចរិត បន្តគេចខ្លួនផុតពីការចាប់ខ្លួននេះជាដរាប។
«បញ្ហាដ៏ពិបាកបំផុតទៅអនាគត គឺធ្វើឲ្យទីភ្នាក់ងាររដ្ឋាភិបាលយល់ស្របជាមួយនឹងការចាប់ខ្លួនមនុស្សដែលមានឥទ្ធិពល។ នៅពេលដែលគោលដៅនេះបានសម្រេចហើយ ខ្ញុំគិតថាអស់លោកអ្នក នឹងឃើញការសម្លាប់សត្វ ការជួញដូរហើយនឹងការបន្តការប្រើប្រាស់សត្វជិតផុតពូជធ្លាក់ចុះយ៉ាងខ្លាំង»។
វៀតណាមជាទិសដៅដែលកំពុងឡើងសម្រាប់ពួកអ្នកជួញដូរ។ កាលពីខែកញ្ញា ឆ្នាំ២០១០ ប៉ូលីសក្នុងទីក្រុងហាណូយបានរកឃើញគ្រោងឆ្អឹងខ្លាចំនួន១០ ក្រពះនោមក្លែងក្លាយរាប់រយបាវ ហើយនឹងឆ្អឹងដំរីចំនួន៦រយគីឡូក្រាម។ ពួកគេក៏បានរកឃើញលលាក្បាលខ្លាឃ្មុំ ភ្លុកដំរី លលាក្បាលខ្លារខិន ហើយនឹងបំណែកសត្វផ្សេងៗទៀត។
លោក ដិកក្លាស់ ហិនឌ្រី (Douglas Hendrie)នៅអង្គការ Education for Nature (ការអប់រំសម្រាប់ធម្មជាតិ) ដែលមានទីតាំងក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមបាននិយាយថា ការរីកចម្រើនសេដ្ឋកិច្ចក្នុងប្រទេសវៀតណាមបានជំរុញឲ្យមានការកើនឡើងនូវសេចក្តីត្រូវការការប្រើប្រាស់សត្វព្រៃជាអាហារ។
«វៀតណាមមាននិន្នាការក្លាយជារដ្ឋដែលប្រើប្រាស់សត្វជាអាហារដ៏សំខាន់មួយ។ យើងនៅតែមានការធ្វើពាណិជ្ជកម្មកាត់តាមប្រទេសចិន ក៏ប៉ុន្តែខ្ញុំនិយាយថាឥឡូវនេះ ផ្នែកដ៏ធំមួយនៃពាណិជ្ជកម្មនេះគឺទៅកាន់ប្រទេសវៀតណាម។ ហើយ ជាពិសេសសម្រាប់ប្រភេទសត្វជិតផុតពូជខ្លះដូចជាខ្លា ស្នែងរមាសមកពីអាហ្វ្រិកខាងត្បូង ជាសត្វព្រៃសាមញ្ញដែលគេប្រើប្រាស់ក្នុងភោជនីយដ្ឋាន»។
ទោះជាយ៉ាងណាក៏ដោយ លោក Hendrie និយាយថាក្មេងៗជំនាន់ក្រោយដែលបានទទួលការអប់រំក្នុងប្រទេសវៀតណាម បង្ហាញនូវការប្រឆាំងរបស់ខ្លួនទល់និងការបរិភោគសត្វព្រៃ។ ហើយលោកនិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងដើម្បីប្រតិបត្តិច្បាប់ដើម្បីការពារសត្វព្រៃក៏កំពុងធ្វើឲ្យមានការលើកទឹកចិត្តដែរ។
ប៉ុន្តែ នៅពេលដែលមានការជឿនលឿនខ្លះបានត្រូវកើតឡើងក្នុងទ្វីបអាស៊ី ការជួញដូរសត្វខុសច្បាប់កំពុងរាលដាលនៅផ្នែកផ្សេងៗទៀតរបស់ពិភពលោក។
ក្រុមប្រឆាំងការជួញដូរសត្វ បានចង្អុលដល់សេចក្តីត្រូវការសត្វនៅរស់ឥតស្រាកស្រាន្ត មកពីប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៌ា ភាគច្រើនសត្វចិញ្ចឹមតាមផ្ទះមកពីបរទេស។ ពួកគេនិយាយថារហូតមកទល់ពេលនេះ ពួកអ្នកជួញដូរសត្វ អាចគេចខ្លួនពីមន្រ្តីប្រតិបត្តិច្បាប់ក្នុងទ្វីបអាស៊ីបាន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន