បន្ទាប់ពីបានចំណាយពេលអស់ពីររដូវក្តៅដើម្បីតាមដានខ្លាឃ្មុំទឹកកកនៅតំបន់អាក់ទិក ក្រុមអ្នកស្រាវជ្រាវរៀបរាប់ពីការរស់រានរបស់ខ្លាឃ្មុំទឹកកកនៅជម្រកកំពុងរងការប្រែប្រួលមួយ ជាទីដែលទឹកកកសមុទ្រកំពុងរលាយក្នុងល្បឿនមួយលឿនជាងអ្វីដែលគេបានការព្យាករណ៍ទុក។ តាមសេចក្តីរាយការណ៍របស់ Rosanne Skirable នៃ VOA បានឲ្យដឹងថា ការសិក្សាមួយបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Science បង្ហាញពីអនាគតដ៏អាប់អួរមួយចំពោះពូជសត្វខ្លាឃ្មុំទឹកកកនេះ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោកមិនត្រូវបានកាត់បន្ថយ។
ខ្លាឃ្មុំតំបន់ប៉ូលរស់នៅលើទឹកកក។ ទីនោះ ជាកន្លែងដែលពួកវារកអាហារ បង្កកំណើត និងចិញ្ចឹមកូនរបស់ពួកវា។ ប៉ុន្តែ នៅស្របពេលដែលទីជម្រកចាប់ផ្តើមឡើងក្តៅនិងរួមតួច ខ្លាឃ្មុំទាំងនោះមិនអាចរកចំណីបានសម្រាប់រយៈពេលវែង។
អ្នកស្រី Merav Ben David សហការនីដឹកនាំការសិក្សានោះ គឺជាសមាជិកក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Wyoming ដែលការងាររបស់ក្រុមនេះនៅតំបន់អាក់ទិករវាងឆ្នាំ២០០៨ និង២០១០ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវថ្មីនេះ។
«ជាមួយនឹងនិទាឃរដូវសម្រាប់រកអាហារកាន់តែមានរយៈពេលខើចខ្លី ហើយរដូវក្តៅកាន់តែវែង ជាពេលដែលពួកខ្លាឃ្មុំទាំងនោះខ្វះចំណីអាហារ និងនៅតែជួបប្រទះការលំបាកក្នុងការរកអាហារនៅរដូវរងារ ពួកវាបានរងសម្ពាធលើសតិអារម្មណ៍។ ពួកវាត្រូវពឹងលើថាមពលបម្រុងទុក ដែលប្រមូលបាននៅរដូវរំហើយ ដើម្បីអាចរស់រានបាននៅក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ»។
នេះមានន័យថា ប្រសិនបើពួកវាមិនបានរកអាហារគ្រប់គ្រាន់នៅរដូវរំហើយទេនោះ ពួកវានឹងមានលក្ខណៈទន់ខ្សោយនៅពេលរដូវរងារចូលមកដល់។
ក្រុមអ្នកស្រាវជ្រាវដែលបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ និងនាវាបំបែកទឹកកក បានចាប់ខ្លាឃ្មុំចំនួនជាង២០ក្បាល ដើម្បីយកសំណាកឈាមសម្រាប់ធ្វើតេស្តនិងដាក់ឧបករណ៍សម្រាប់វាស់ស្ទង់តាមដានសីតុណ្ហភាពរបស់ពួកវា។ បន្ទាប់មក ពួកគេបានតាមពិនិត្យមើលសកម្មភាពរបស់ខ្លាឃ្មុំទាំងនោះ ទាំងនៅលើទឹកកក និងនៅលើច្រាំង។
ការសិក្សាពីមុនៗបានឲ្យដឹងថា សត្វខ្លាឃ្មុំទាំងនេះ អាចលៃលកថាមពលដើម្បីទប់ទល់នឹងការខ្វះអាហារនៅរដូវក្តៅបានដោយការសម្ងំស្ងៀមនៅរដូវរងារ បង្អង់សកម្មភាព និងបន្ថយកម្រិតបំលែងថាមពលអាហាររបស់ពួកគេឲ្យដូចអ្វីដែលខ្លាឃ្មុំទាំងនោះធ្វើនៅរដូវរងារ។ ក៏ប៉ុន្តែ អ្នកស្រី Ben David និយាយថា ការសិក្សាថ្មីនេះបានបង្ហាញភាពផ្ទុយស្រឡះពីការរកឃើញពីពេលមុន។
«យើងបានរកឃើញថា ខ្លាឃ្មុំតំបន់ប៉ូល គឺដូចជាខ្លាឃ្មុំពណ៌ត្នោតដែលជាសណ្តានរបស់វាដែរ មិនអាចបន្ថយកម្រិតបំលែងថាមពលអាហាររបស់ពួកវាឲ្យដល់កម្រិតដូចយើងបានឃើញនៅរដូវរងារបានទេ។ យើងបានឃើញការថយចុះជាលំដាប់ ប៉ុន្តែវាមិនប្រហាក់ប្រហែលនឹងអ្វីដែលខ្លាឃ្មុំតែងតែធ្វើនៅពេលពួកវាសម្ងំនារដូវរងារឡើយ។ នេះមានន័យថា ពួកវាមិនអាចរក្សាទុកកម្លាំងថាមពលបានច្រើនដូចដែលយើងធ្លាប់បានគិតនោះទេ។ ដូច្នេះ រយៈពេលរស់នៅក្នុងរដូវក្តៅដោយគ្មានអាហាររបស់ពួកវាមានកំណត់»។
ខុសពីត្រីបាឡែនដែលការពារខ្លួនដោយស្រទាប់ខ្លាញ់ក្នុងខ្លួន ខ្លាឃ្មុំតំបន់ប៉ូលអាចធន់នឹងការហែលទឹកត្រជាក់បានយូរ តាមរយៈការធ្វើឲ្យស្រទាប់ស្បែកខាងក្រៅនៃដងខ្លួនពួកវាត្រជាក់ក្នុងរយៈពេលណាមួយដើម្បីបង្កើតជាស្រទាប់ទប់ទល់នឹងភាពត្រជាក់។
«អញ្ចឹងហើយ វាមានលក្ខណៈពិសេសខ្លាំងណាស់។ យើងមិនដឹងថា ខ្លាឃ្មុំទាំងនោះអាចធ្វើដូច្នេះ ហើយនៅតែរស់បានយូរប៉ុណ្ណាទេ?»
អ្នកដឹកនាំការសិក្សានេះមិនដឹងច្បាស់ទេអំពីអត្ថិភាពនៃខ្លាឃ្មុំទាំងនេះ។ នាពេលបច្ចុប្បន្ននេះ មានខ្លាឃ្មុំតំបន់ប៉ូលចន្លោះពី២០.០០០ ទៅ ២៥.០០០ក្បាលរស់នៅតំបន់អាក់ទិក។ អ្នកស្រី Ben David និយាយថា ការសិក្សាស្រាវជ្រាវនោះជំរុញបន្ថែមលើការហៅឲ្យមានការការពារសត្វខ្លាឃ្មុំទាំងនោះជាបន្ទាន់។
«ប្រសិនបើយើងចង់ធ្វើជាពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះភពផែនដីនេះ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដោយអំណាចរបស់យើង ដើម្បីបញ្ឈប់និន្នាការនៃការធ្វើឲ្យបាត់បង់ទឹកកកសមុទ្រ។ យើងអាចធ្វើបាន»។
អ្នកស្រីបញ្ជាក់ថា ប្រទេសនៅទូទាំងពិភពលោក ត្រូវកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ ដែលកំពុងតែធ្វើឲ្យពិភពលោកឡើងកម្តៅ និងជំរុញឲ្យខ្លាឃ្មុំទឹកកកឈានទៅរកការផុតពូជ៕
ប្រែសម្រួលដោយ សើ សាយ្យាណា