យុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី ៥ ដែលមានរយៈពេល ១៤ ថ្ងៃ បានបិទបញ្ចប់នៅថ្ងៃទី ២៣ ខែកុម្ភៈនេះ។ យុទ្ធនាការឃោសនាជាទូទៅ មានសភាពធម្មតា ស្ងប់ស្ងាត់ មិនមានហិង្សា និងមិនមានបញ្ហាអ្វីកើតឡើងឡើយ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង ១០ យប់ ថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ម៉ោង ១២ យប់ថ្ងៃទី ២៥ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ។
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ដែលជាការបោះឆ្នោតអសកលមួយ។
អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតមានប្រមាណ ១២.០០០ នាក់ និងតំណាងរាស្រ្ត ១២៥ រូប ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតមួយនេះមានការចូលរួមពីគណបក្សជំទាស់ដែលនឹងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ៥៨ រូបក្នុងចំណោមអាសនៈសរុបចំនួន ៦២។ សមាជិកពីររូបតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតតែងតាំងដោយរដ្ឋសភា។
ការបោះឆ្នោតព្រឹទ្ធសភានេះធ្វើឡើង ៦ ឆ្នាំម្តងសម្រាប់មួយអាណត្តិ។ កាលពី ៦ ឆ្នាំមុន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះមិនមានវត្តមានគណបក្សជំទាស់ឡើយ ដោយសារការរំលាយគណបក្សសង្រ្គោះជាតិ ហើយអង្គបោះឆ្នោតដែលជាប់ឆ្នោតរបស់អតីតគណបក្សសង្រ្គោះជាតិត្រូវបានបែងចែកឱ្យគណបក្សកាន់អំណាច។
គណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតមួយនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សប្រជាជនកម្ពុជាត្រូវបានមើលឃើញថា នឹងឈ្នះអាសនៈភាគច្រើន បើទោះមានគណបក្សជំទាស់មួយចំនួនចូលរួមប្រកួតប្រជែងក៏ដោយ។
ចំណែកគណបក្សភ្លើងទៀនដែលមានសមាជិកក្រុមប្រឹក្សាសរុបប្រមាណ ២.២០០ នាក់បានជ្រើសរើសគណបក្សឆន្ទៈខ្មែរដែលជាគណបក្សមួយក្នុងសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភាលើកនេះ។ គណបក្សភ្លើងទៀនមិនអាចចុះឈ្មោះចូលរួមប្រកួតប្រជែងបាន ដោយសារបញ្ហាបាត់ឯកសារចុះបញ្ជីដើមរបស់គណបក្ស។
គណបក្សជំទាស់មួយនេះរំពឹងថានឹងទទួលបានអាសនៈព្រឹទ្ធសភាចំនួន ៩ ទៅតាមចំនួនក្រុមប្រឹក្សាដែលខ្លួនមានជាង២ពាន់នាក់។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធរបស់គណបក្សភ្លើងទៀនបានប្រកាសពីគោលនយោបាយរបស់គណបក្សថា គណបក្សនឹងពង្រឹងទៅលើវិស័យមួយចំនួនដើម្បីជួយសម្រួលដល់ពលរដ្ឋ និងរដ្ឋាភិបាល រួមមានកំណែទម្រង់ប្រព័ន្ធអប់រំ ការរៀបចំកញ្ចប់ថវិកាជួយរដ្ឋាភិបាលទប់ស្កាត់អំពើពុករលួយ ការស្ដារជំនឿប្រជាជនទៅលើវិស័យសុខាភិបាល លើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការរក្សាតម្លៃវត្ថុធាតុដើមឱ្យនៅធូរថ្លៃ និងទទួលបានផលកម្រៃច្រើន និងរក្សាទំនាក់ទំនងល្អជាមួយប្រទេសនានា។
លោក សេង ម៉ារឌី បេក្ខជននៃភូមិភាគទី ៤ ដែលមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មកពីគណបក្សឆន្ទៈខ្មែរ ថ្លែងនៅក្នុងថ្ងៃយុទ្ធនាការឃោសនាថា លោកប្ដេជ្ញាចិត្តថាបម្រើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ និងបម្រើប្រទេសជាតិ ហើយបន្តបេសកកម្មក្នុងការជួយស្តារលទ្ធិប្រជាធិបតេយ្យ និងជួយដល់ប្រទេសជាតិបានរុងរឿង។
លោក សេង ម៉ារឌី ថ្លែងថា៖ «អ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំនឹងជួយបងប្អូន។ ខ្ញុំប្ដេជ្ញាចិត្តថា អ្វីដែលបងប្អូននៅភូមិភាគបួនយើង ហើយទូទាំងប្រទេសមានបញ្ហាអី។ កាលបើខ្ញុំបានជាប់ជាតំណាងព្រឹទ្ធសភាហើយ ជាតំណាងរបស់បងប្អូននៅភូមិភាគនេះ ខ្ញុំនឹងជួយព្យាយាម។ ខ្ញុំនឹងចុះមកព្យាយាមជួយធ្វើអន្តរាគមន៍ ឬជួយគ្រប់សកម្មភាពទាំងអស់ ដើម្បីឱ្យបងប្អូនយើងនៅមូលដ្ឋានមានទំនុកចិត្តហើយយើងរកដំណោះស្រាយជុំគ្នា»។
លោក សេង ម៉ារឌី ដែលជាបងប្រុសបង្កើតរបស់កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំងដែលកំពុងជាប់ពន្ធនាគារ បន្ថែមថា លោកចង់ឃើញអ្នកនយោបាយទាំងអស់ជជែកគ្នា និងផ្តល់តម្លៃឱ្យគ្នា និងចៀសវាងការជេរប្រមាថគ្នា។
ចំណែកអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាចូលរួមប្រកួតប្រជែងយកតំណែងសមាជិកព្រឹទ្ធសភានេះ បានចេញសារលិខិតអំឡុងពេលយុទ្ធនាការឃោសនាថា គណបក្សប្រជាជនប្ដេជ្ញាចិត្តក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។
លោក ហ៊ុន សែន បន្ថែមថា បើទោះការបោះឆ្នោតនេះជាការបោះឆ្នោតអសកល ប៉ុន្តែការបោះឆ្នោតនេះកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ កើតចេញពីការបោះឆ្នោត។
នៅមុនចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ។
ទាក់ទិននឹងការបោះឆ្នោតព្រឹទ្ធសភាពលើកនេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលដែលតាមដានការបោះឆ្នោតនៅកម្ពុជា យល់ឃើញថា ដោយមានការចូលរួមពីគណបក្សនយោបាយផ្សេងទៀតដែលមានសំឡេងគាំទ្រកាលពីការបោះឆ្នោតឃុំសង្កាត់ និងតំណាងរាស្ត្រក្នុងរដ្ឋសភា ដូច្នេះព្រឹទ្ធសភានឹងមានសំឡេងជំទាស់ មិនដូចពីអាណត្តិមុន ដែលគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា។ គណបក្សជំទាស់រំពឹងថានឹងមានសំឡេងតតាំងក្នុងព្រឹទ្ធសភា។
បើតាម គ.ជ.ប លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែមេសា ក្រោយដោះស្រាយពាក្យបណ្តឹងរួចរាល់៕
វេទិកាបញ្ចេញមតិ