សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅសាលាក្តីខ្មែរក្រហម បានសម្រេចដាក់លោក យឹម ទិត្យ ឲ្យស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋកម្មមួយចំនួនដែលត្រូវចោទថាបានប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សាលាក្តីខ្មែរក្រហមដែលបានចេញផ្សាយនៅរសៀលថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០១៥។
លោក យឹម ទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមមានអំពើប្រល័យពូជសាសន៍ខ្មែរក្រោមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលរួមទាំងការធ្វើទុក្ខម្នេញលើខ្មែរក្រោមនិងជនជាតិវៀតណាម ហើយនឹងអំពីអមនុស្សធម៌ជាច្រើនទៀតដូចជាអាពាហ៍ពិពាហ៍ដោយបង្ខំជាដើម។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានចោទថាប្រព្រឹត្តផ្សេងៗគ្នានៅខេត្តតាកែវនៅមន្ទីរសន្តិសុខវត្តប្រធាតុ មន្ទីរសន្តិសុខក្រាំងតាចាន់ និងទីកន្លែងផ្សេងៗជាច្រើនទៀត។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់ប្រាប់ VOA ថា៖
«ការចោទប្រកាន់នេះមានសារៈសំខាន់ណាស់ដោយសារតែវា មិនគ្រាន់តែប្រារព្ធនូវទិវាអន្តរជាតិជាលើកដំបូងរបស់អង្គការសហប្រជាជាតិសម្រាប់ការចងចាំនិងភាពថ្លៃថ្នូររបស់ជនរងគ្រោះដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងការទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរំលឹកដល់យើងទាំងអស់គ្នាដែរថាអស់រយៈពេល១០០ឆ្នាំហើយដែលពិភពលោកពន្យារពេល មិនដោះស្រាយបញ្ហានេះចាប់តាំងពីអំពើប្រល័យពូជសាសន៍បានកើតមានឡើងនៅប្រទេសអាមេនីក្នុងឆ្នាំ១៩១៥»៕
ការដាក់លោក យឹម ទិត្យ ឲ្យស្ថិតនៅក្រោមការពិនិត្យរបស់តុលាការនេះ នឹងអនុញ្ញាតឲ្យលោកអាចមានសិទ្ធិចូលពិនិត្យមើលសំណុំរឿង ហើយអាចចូលរួមកិច្ចស៊ើបសួរនៅក្នុងសំណុំរឿងនេះបានតាមរយៈមេធាវីរបស់លោក៕