ខណៈដែលកម្ពុជាត្រៀមយកកីឡាបេស្បល (Baseball) ដាក់ក្នុងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម (SEA Game) នៅឆ្នាំ២០២៣ ពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ធនធានដូចជាថវិកា សម្ភារៈ និងគ្រូបង្វឹកសម្រាប់កីឡានេះនៅមានការខ្វះខាតនៅឡើយ។ ការណ៍នេះជាការប្រឈមមួយដ៏ធំក្នុងការហ្វឹកហាត់របស់យុវជនទូទាំងប្រទេស។
ថ្លែងនៅក្នុងការប្រកួតបេស្បលកាលពីសប្តាហ៍កន្លងទៅ ដែលមានការចូលរួមពីលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ញ៉ែម ថ្ថាវី នៃសហព័ន្ធកីឡាបេស្បលកម្ពុជា បាននិយាយថា គ្រូបង្វឹកជនជាតិខ្មែរនៅមិនទាន់មាននោះទេ ដោយសារមិនមានអ្នកណាចេះកីឡាបេស្បលនេះនៅឡើយ។ ចំណែកចំនួនគ្រូបង្វឹកជនជាតិបរទេសក៏នៅមានខ្វះខាតនៅតាមខេត្ត។
លោកបាននិយាយថា៖
«យើងខ្វះខាតសម្ភារៈ ហើយនឹងអ្នកដែលជួយ ពីព្រោះខ្មែរយើងអត់ទាន់មានអ្នកស្ម័គ្រចិត្ត ព្រោះគេមិនដែលស្គាល់កីឡានេះ។ យើងពឹងផ្អែកទៅលើជនបរទេសដែលចូលមកយើង»។
លោកបានបន្តថា រហូតមកដល់ពេលនេះ ក្រុមយុវជនលេងកីឡាបេស្បលបានកើនឡើងចំនួន១៤ក្រុម នៅទូទាំងប្រទេស ហើយលោកគ្រោងនឹងពង្រីកឲ្យបាន២០ក្រុមក្នុងឆ្នាំ២០១៩។ ប៉ុន្តែធនធានមនុស្ស រួមទាំងឧបករណ៍មានការខ្វះខាត ដោយបច្ចុប្បន្ននេះគ្រូបង្វឹកមានតែប្រាំនាក់ប៉ុណ្ណោះ ហើយពួកគេសុទ្ធតែជាជនជាតិអាមេរិកាំង។
កីឡាបេស្បលត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០០២ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយលោក Joe Cook ជនជាតិខ្មែរអាមេរិកាំង។ ក៏ប៉ុន្តែបានបរាជ័យទៅវិញ អំឡុងឆ្នាំ២០០៩។ រហូតដល់ឆ្នាំ២០១០ទើបលោក ញ៉ែម ថ្ថាវី បានព្យាយាមប្រមូលផ្តុំយុវជន និងស្តារកីឡាបេស្បលឡើងវិញ ហើយបានចុះឈ្មោះកីឡានេះជាមួយក្រសួងអប់រំ យុវជននិងកីឡាអំឡុងឆ្នាំ២០១១។
ទោះបីជាយ៉ាងណាក៏ដោយ លោក ញ៉ែម ថ្ថាវី បានបន្តថា លោកសង្ឃឹមថា នឹងបញ្ជូនកីឡាករកម្ពុជានេះទៅប្រកួតជាមួយបរទេស ជាពិសេសកីឡាស៊ីហ្គេមក្នុងឆ្នាំ២០១៩ ប្រសិនបើមានអ្នកឧបត្ថម្ភគ្រប់គ្រាន់។ ប៉ុន្តែលោកមានសុទិដ្ឋិនិយម ថា នឹងនាំកីឡាបេស្បលកម្ពុជាចូលប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបាននិយាយថា៖
«យើងនឹងសង្ឃឹមថា យើងអាចឈានជើងទៅប្រកួតជាមួយគេនៅបរទេស ជាពិសេសនៅក្នុងឆ្នាំ២០១៩ដែលនឹងមានស៊ីហ្គេមនៅហ្វីលីពីន បាទ។ ប៉ុន្តែហ្នឹងត្រូវការឧបត្ថម្ភពី Sponsor (អ្នករ៉ាប់រង) ឬមួយពីរដ្ឋាភិបាលតែម្តង។ យើងនេះត្រៀមសម្រាប់ស៊ីហ្គេមទី៣២នៅក្នុងឆ្នាំ២០២៣ដែលប្រទេសយើងនឹងជាម្ចាស់ផ្ទះ»។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងខណៈដែលលោកបានមកទស្សនាការប្រកួតកីឡាបេស្បលនៅខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យនេះ ថា លោកមានការចាប់អារម្មណ៍ចំពោះការស្វែងរកអ្នកស្ម័គ្រចិត្ត ដើម្បីបង្វឹកយុវជនបន្ថែម ហើយលោកនឹងធ្វើការពិចារណាស្វែងរកជនស្ម័គ្រចិត្ត រួមទាំងឧបករណ៍ផ្សេងៗដើម្បីជួយសម្រួលដល់ក្រុមកីឡាបេស្បលកម្ពុជា។
លោក William Heidt បាននិយាយថា៖
«នៅអាមេរិកាំងមានអ្នកលេងកីឡាបេស្បលនេះជាច្រើនលាននាក់ អីចឹងយើងនឹងស្វែងរកជំនួយផ្នែកអ្នកបង្វឹកស្ម័គ្រចិត្ត ជាពិសេសគឺឧបករណ៍ ដោយសារមានក្មេងអាមេរិកាំងជាច្រើនលេងកីឡានេះ ហើយក៏មានឧបករណ៍ជាច្រើនដែរ»។
ការលេងកីឡានេះបានផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់យុវជន និងប្រទេសកម្ពុជា។ លោក ញ៉ែម ថ្ថាវី បាននិយាយថា កីឡាបេស្បលនេះបានជួយនាំយុវជនមកជួបជុំគ្នាដើម្បីហ្វឹកហាត់ជារៀងរាល់ចុងសប្តាហ៍ ដែលការណ៍នេះបានកាត់បន្ថយអំពើអបាយមុខផ្សេងៗ។ មិនតែប៉ុណ្ណោះវាអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តកំពង់ធំកាន់តែច្រើនជាងមុនផងដែរ។
ខណៈកំពុងរង់ចាំវេនរបស់ខ្លួនដើម្បីចូលប្រកួត កាលពីថ្ងៃអាទិត្យ យុវសិស្ស ហ៊ន សុវណ្ណារាជ មកពីវិទ្យាល័យទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ ដែលបានមកប្រកួតកីឡាបេស្បលនៅក្នុងខេត្តកំពង់ធំ បាននិយាយប្រាប់ VOA ថា កីឡានេះប្លែកពីកីឡាផ្សេងទៀត ហើយថែមទាំងអាចបញ្ចៀសយុវជនចេញឆ្ងាយពីគ្រឿងញៀន។
«វាខុសពីគេ។ វាខុសប្លែក ហើយវាអាចជួយឲ្យប្រទេសជាតិរីកចម្រើនឡើងក្នុងវិស័យផ្នែកកីឡា»។
កីឡាបេស្បល (Baseball) ជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិកតាំងពីសតវត្សរ៍ទី១៨ ហើយមានប្រជាប្រិយភាពខ្លាំងឡើងក្នុងនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕