ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​កម្ពុជា​យក​កង្វល់​ពួកគេ​ជូន​ប្រធានាធិបតី​វៀតណាម


រូបឯកសារ៖ ពលរដ្ឋខ្មែរម្នាក់ចូលរួមធ្វើបាតុកម្មដោយមានកាន់ទង់ជាតិខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤។
រូបឯកសារ៖ ពលរដ្ឋខ្មែរម្នាក់ចូលរួមធ្វើបាតុកម្មដោយមានកាន់ទង់ជាតិខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ទៅ​ព្រះមហាក្សត្រ និងស្ថាប័ន​កំពូល​ៗ​របស់​កម្ពុជា ឱ្យលើក​យក​បញ្ហារបស់​ខ្មែរ​ក្រោមដាក់​ជូនប្រធានាធិបតីវៀតណាម ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈពេល ​ ២ថ្ងៃ ​ដើម្បី​ឱ្យ​អាជ្ញាធរ​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋខ្មែរ​ក្រោម ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​។

ក្នុង​លិខិត ​៥ ​ច្បាប់ ​ចុះ​ថ្ងៃទី ​៨ ខែ​កក្កដា ឆ្នាំ​ ២០​២៤ ដែល​សមាគម​ខ្មែរកម្ពុជា​ក្រោម​បាន​យក​ទៅ​ដាក់​ជូនខុទ្ទកាល័យ​ព្រះ​មហាក្សត្រនិង​សម្តេចម៉ែ ​រដ្ឋសភា ព្រឹទ្ធសភា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ បាន​លើក​ឡើង​អំពី​បញ្ហា​នានា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមកំពុង​ជួប​ប្រទះ​។ ​បញ្ហាទាំងនោះ​រួមមាន ​ការរើស​អើង​ពូជសាសន៍ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ការ​ចាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង​ ១០ ​អង្គ​នាក់​ដាក់​ពន្ធនាគារ ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រមាថ​បន្ទាប​បន្ថោក​ខ្មែរ​កម្ពុជា​ក្រោម​ឥត​ស្រាក​ស្រាន្ត​ជាដើម។

ការ​ស្នើ​សុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ធ្វើឡើង​មុន​ពេល​ប្រធានា​ធិបតី​វៀតណាម​លោក តូ​ ឡឹម (To Lam) ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ថ្ងៃទី ១២ ​និង ​១៣ ខែ​កក្កដា​ ដែល​គ្រោងចូល​គាល់​ព្រះ​មហា​ក្សត្រ​កម្ពុជា និង​មាន​ជំនួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​ អ្នកស្រី ​ឃួន សុដារី ​ប្រធាន​រដ្ឋសភា​ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

លោក សឺន ជុំជួន អនុ​ប្រធាន​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ សមាគម​រំពឹងថា ​ស្ថាប័ន​កំពូល​របស់​ជាតិនឹង​អាច​នាំ​យក​បញ្ហា​ខ្មែរ​ក្រោម ​ដូចជា​ការ​រំលោភ​សិទ្ធិ និង​ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្សេង​ទៀត​ឱ្យ​ប្រមុខ​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម បាន​ដឹងនិង​ដោះស្រាយ។

​បើតាមលោក សឺន ជុំជួន​ សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​រដ្ឋា​ភិបាល​វៀត​ណាម ​និង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ​ប៉ុន្តែ​សមាគម​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជ​មាន​ណា​ឡើយ ​ទើប​សមាគម​ខ្មែរ​កម្ពុជា​ក្រោមសម្រេច​ចិត្ត​ស្នើ​សុំ​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​ជួយ​អន្ត​រាគមន៍ ​ដោយសារតែ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​ចាត់ទុក​រដ្ឋាភិ​បាល​កម្ពុជា​ ជា​អាណា​ព្យាបាលរបស់ខ្លួន​។

លោក​ប្រាប់​វីអូអេ​ថា៖ ​«យើង​គិត​ថា ​ដាក់​របាយ​ការណ៍​ហ្នឹង​ទៅ ​សង្ឃឹម​ថា​ស្ថាប័ន​ទាំង​ ៤ ​ហ្នឹង ​នឹង​ពាំនាំ​បញ្ហា​របស់​ខ្មែរ​ក្រោម ​ទៅ​ដល់​ប្រមុខ​រដ្ឋា​ភិបាល​វៀតណាម ដើម្បី​ស្នើ​ទៅ​ដល់​រដ្ឋា​ភិបាល​វៀត​ណាម​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​តែ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ជាដើម​»​។

គិត​រហូត​មក​ដល់​ថ្ងៃព្រហស្បតិ៍​នេះ សមាគម​ខ្មែរ​កម្ពុជាក្រោម មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​ណា​មួយ​វិញ​នៅ​ឡើយទេ​ ជុំវិញ​លិខិត​សុំកិច្ច​អន្ត​រាគមន៍​នេះ​ ខណៈ​ខុទ្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី បដិសេធមិន​បាន​ទទួល​យក​លិខិត​ស្នើសុំ។ នេះ​បើ​តាមលោក សឺន ជុំជួន​។

រូបឯកសារ៖ លោក តូ ឡឹម ចូលរួម​កិច្ចប្រជុំរដ្ឋសភាវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។
រូបឯកសារ៖ លោក តូ ឡឹម ចូលរួម​កិច្ចប្រជុំរដ្ឋសភាវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។

ទោះ​ជាយ៉ាង​ណា ​អនុ​ប្រធាន​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​រូបនេះ​ បញ្ជាក់​ថា ខ្មែរ​កម្ពុជា​ក្រោម​ប្តេជ្ញា​តស៊ូ​មតិ​ទាំង​ក្នុង​តំបន់និង​អន្តរជាតិ​ ​ដោយ​មិនបណ្តែតបណ្តោយ​ ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​រង​ទុក្ខ​វេទនា ​ក្រោម​ការ​រឹត​ត្បិតសិទ្ធិ​សេរីភាព​បែប​នេះ​ឡើយ​។

បើតាម​លិខិត​ទាំង ៥ ច្បាប់ ​ដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក និង​បាន​ដាក់​ទៅ​ស្ថាប័ន​កំពូលៗ​របស់កម្ពុជា​ ​បាន​រៀប​រាប់​ថា​៖ «បន្ទាប់​ពី​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​មក ខ្មែរ​ក្រោម​ត្រូវរស់នៅ​ក្រោម​ការ​ត្រួតត្រា​ដោយ​រដ្ឋា​ភិបាល​វៀត​ណាម ក្នុង​ស្ថាន​ភាព​កំព្រា​ឪពុក​ម្តាយ និង​អាណា​ព្យាល ពោល​គឺ​ព្រះមហា​ក្សត្រ និង​រាជរដ្ឋា​ភិបាល​ខ្មែរ​។ ការ​រស់​នៅក្នុង​ស្ថានភាព​ដ៏​អយុត្តិ​ធម៌ ការ​រើស​អើង​ពូជសាសន៍ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រមាថ មើល​ងាយ ​បន្ទាប​បន្ថោក​គ្រប់រូប​ភាព​មកលើ​ខ្មែរ​ក្រោម ​បង្ក​ឱ្យ​មានការ​ឈឺចាប់​ឥត​ស្រាក​ស្រាន្ត»។

ក្នុង​លិខិត​នោះ​បន្តថា៖ «​បច្ចុប្បន្ន​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ផ្សឹក និង​ដាក់​ពន្ធនាគារ រួម​ទាំង​ប្រជារាស្ត្រ​ខ្មែរ​ក្រោម​ដទៃ​ទៀត​សរុប​ចំនួន​ ១៣ អង្គ/រូប ​ហើយ​ថ្មីៗ​នេះ​ព្រះសង្ឃ​វៀតណាម​មួយអង្គ​បាន​ប្រមាថ​មើល​ងាយ​ជា​សាធារណៈ​មក​លើ​អត្តសញ្ញាណ​ពូជ​សាសន៍​ខ្មែរ ដែល​ជាការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស ​អន្តរជាតិ​»​។

វីអូអេ​មិន​ទាន់អាច​សុំការ​អត្ថាធិប្បាយពី​អ្នក​នាំពាក្យ​ព្រះបរម​រាជ​វាំង​បាន​នៅ​ឡើយ​ទេ​។ ​ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ​លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​មាស សុភ័ណ្ឌ​ ​និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា មិនទទួល​ទូរស័ព្ទ​។​

លោក​ ម៉ម ប៊ុននាង ​ដែល​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភាអាណត្តិ​មុន​ ប្រាប់វីអូអេ​ថា​ លោក​មិន​អាច​អត្ថា​ធិប្បាយ​អ្វី​បាន​នោះ​ទេ ដោយ​សារស្ថាប័ន​មិន​ទាន់​មាន​ការ​តែង​តាំង​អ្នក​នាំ​ពាក្យ​ថ្មីជា​ផ្លូវ​ការ​។

វីអូអេ​ក៏​មិនទាន់​អាច​សុំការ​បញ្ជាក់​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ដែរ ​គិត​ត្រឹមថ្ងៃ​ព្រហស្បតិ៍​នេះ​។

បើតាមរបាយ​ការណ៍​ចុងក្រោយ​នៃ​ស្ថាន​ភាព​ព្រះសង្ឃ ​និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ក្រោម ចុះថ្ងៃទី​ ៨ ខែកក្កដា ​ដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដាក់​ទៅ​កាន់​ស្ថាប័នកំពូល​របស់​កម្ពុជា​ដែរនោះ រៀប​រាប់​បញ្ហា​ប្រឈមថា ​រដ្ឋា​ភិបាល​វៀតណាម​នៅ​តែ​បន្ត​ចាត់ វិធាន​ការប្រឆាំង​ខ្មែរ​ក្រោម ដូចជា​ការ​រឹបអូស​យក​ដីធ្លី ស្រែ​ចំការ​ពី​ខ្មែរ​ក្រោម យក​ទៅ​ចែក​ឱ្យ​អ្នក​ជំនួញ​ជនជាតិ​វៀត​ណាម ឬ​យក​លេស​រក្សា​ដី​ស្រែ​ទាំង​នោះ​ជា​តំបន់​ការពារ​ ឬ​ជា​សម្បត្តិ​រដ្ឋ ដោយ​មិន​ផ្តល់​សំណង​ត្រឹមត្រូវ​។ ​នៅ​កម្ពុជា​ក្រោម មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ភាសាខ្មែរ​ជាភាសា​ផ្លូវការ​នោះទេ ដោយ​កូនខ្មែរ​ក្រោម​ចង់ចេះ​ភាសា​ខ្មែរ ត្រូវ​ទៅ​រៀន​តាម​ទីវត្ត​អារាម​។ ​

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បន្ថែម​ថា ​រដ្ឋា​ភិបាល​រៀត​ណាម​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​ និង​ភូមិសាស្ត្រ​កម្ពុជាក្រោម​។ ខ្មែរ​ក្រោម​មិន​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នោះ​ទេ ដោយ​អាជ្ញាធរ​សម្ងាត់​រៀត​ណាម​តែង​ឃ្លាំមើល​នៅ​ពេល​ខ្មែរ​ក្រោម​ផ្តល់​ព័ត៌​មាន​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដល់​អ្នកសារ​ព័ត៌មាន​បរទេស និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​អន្តរជាតិ និង​ការចាប់​ផ្សឹក​ព្រះសង្ឃ​ និង​ចាប់​ឃុំខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៣ ​អង្គ/នាក់ ​ដាក់​ពន្ធនាគារ​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត។

គិតត្រឹម​ឆ្នាំ ​២០២៣​ កម្ពុជា​ និង​វៀតណាម ​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ ​មានរយៈ​ពេល​ ៥៦ ​ឆ្នាំ​មកហើយ​។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​ក្នុង​ប្រទេស​វៀតណាម ​កាលពី​ខែ​ធ្នូ​ ឆ្នាំ ​២០២៣ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​ ហ៊ុន ម៉ាណែត​ ​រំពឹង​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​វៀត​ណាម នឹង​បន្តរួមគ្នា​អនុវត្ត​ឱ្យបាន​ជោគជ័យ​រាល់​កិច្ចព្រម​ព្រៀង អនុស្សា​រណៈ​និង​ការយោគ​យល់​គ្នា និង​ទិសដៅដែល​បាន​ដាក់​ចេញ​បន្ថែម​ទៀត ដើម្បី​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គម ​និង​វិបុលភាព​សម្រាប់​ប្រទេស​ទាំងពីរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG