ប្រធានាធិបតីវៀតណាមលោក តូ ឡឹម (To Lam) ដែលទើបកាន់តំណែង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីរឹតចំណងទ្វេភាគីបន្ថែម បន្ទាប់ពីប្រទេសទាំងពីរមានភាពរកាំរកូសរឿងព្រែកជីកហ្វូណន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ដែលនេះគឺជាដំណើរទស្សនកិច្ចលើកទី ១ របស់លោកប្រធានាធិបតី តូ ឡឹមរូបនេះ បន្ទាប់ពីឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០២៤។
អំឡុងទស្សនកិច្ចនៅកម្ពុជា លោក តូ ឡឹម នឹងគាល់ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រទេសជាតិទាំងពីរ»។
វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៧។ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំប្រមាណជា ៦.៥៨ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមកាសែត VNEXPRESS បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២០៥នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងក្នុងក្រុមប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញខ្លួនរបស់មេដឹកនាំថ្មីរបស់វៀតណាមទៅកាន់ប្រទេសជិតដិតរបស់ខ្លួន និងថាដំណើរនេះគឺមានសារៈសំខាន់ ដោយសារកម្ពុជានិងវៀតណាមនាពេលថ្មីៗនេះ ហាក់មានភាពរកាំរកូសគ្នាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
លោកថ្លែងថា៖ «ដោយឡែកទំនាក់ទំនងទ្វេភាគី ខ្ញុំគិតថាវៀតណាមនឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពង្រីកសក្តានុពលរបស់ខ្លួនក្នុងវិស័យវិនិយោគ ក៏ដូចជាក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពង្រីកការធ្វើដំណើរ ក៏ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីកម្ពុជាទៅវៀតណាមឱ្យកាន់តែទូលំទូលាយ»។
លោក សេង វណ្ណលី បន្ថែមថា វៀតណាម និងកម្ពុជា នឹងពិភាក្សាគ្នាទៅលើបញ្ហាសន្តិសុខក្នុងតំបន់ដូចជាជំហរកម្ពុជានៅសមុទ្រចិនខាងត្បូង បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការបង្ក្រាបគ្រឿងញៀននៅតាមព្រំដែន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា វៀតណាម និងកម្ពុជាគឺជាមិត្តម៉ឺនឆ្នាំ ហើយថា មេដឹកនាំបក្សនៃប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ នាំឱ្យទំនាក់ទំនងប្រទេសក៏ល្អដែរ។
បើតាមសាស្ត្រាចារ្យរូបនេះ បញ្ហាព្រែកជីក មិនជាកង្វល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។
លោកថ្លែងថា៖ «រឿងព្រែកជីកនេះវាអត់ឧបសគ្គអីទេ ដោយសាររឿងព្រែកជីកនេះវៀតណាមអត់ឈឺក្បាលហាលថ្ងៃអីប៉ុន្មានទេ។ ឈឺក្បាលហាលថ្ងៃរឿងជំហរកម្ពុជានៅក្នុងការឈរ ឬការគាំទ្រសន្តិសុខតំបន់ សន្តិសុខអាស៊ាន ឬក៏ហៅថាផ្តោតសំខាន់រឿងជម្លោះសមាជិកអាស៊ានជាមួយចិន ដែលកម្ពុជាទុកឱ្យភាគីជម្លោះដោះស្រាយជាមួយចិន មិនចង់ឱ្យបញ្ហាហ្នឹងមកដាក់ជាបញ្ហារបស់អាស៊ានទេ»។
គម្រោងជីកហ្វូណនតេជោ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិន ហើយក៏កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភដល់ប្រទេសវៀតណាម ប្រសិនបើវាត្រូវបានប្រើប្រាស់លើសពីក្របខណ្ឌសេដ្ឋកិច្ច និងសង្គម ព្រមទាំងអាចនាំមកនូវវត្តមានយោធាចិននៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខបកស្រាយថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវកសាងឡើងសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ មិនមែនជួយសម្រួលដល់កងទ័ពជើងទឹកចិនដូចការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនឡើយ។
អ្នកកាសែតជើងចាស់ជនជាតិថៃម្នាក់ ជំនាញលើកិច្ចការក្នុងតំបន់លោក Kavi Chongkittavorn បានសរសេរអត្ថបទលើកាសែត Bangkok Post ថា វៀតណាមនិងកម្ពុជាមានទំនាក់ទំនងយ៉ាងស្អិតរមួត ហើយថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។
លោកសរសេរជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលថា៖ «សម្រាប់ប្រទេសវៀតណាម ទំនាក់ទំនងជាមួយកម្ពុជាក៏ជាចំណុចស្នូលលើគោលនយោបាយការបរទេសឬស្សី (Bamboo foreign policy) របស់ខ្លួន។ ជាមួយនឹងដីគោក និងព្រំដែនសមុទ្ររួម ប្រទេសទាំងពីរត្រូវការកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងនោះទេ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលប្រធានាធិបតីវៀតណាមថ្មី តូ ឡឹម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីទស្សនកិច្ចនៅប្រទេសឡាវដែលជាប្រធានអាស៊ានបច្ចុប្បន្ន»៕
វេទិកាបញ្ចេញមតិ