ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ខឹម វាសនា៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលំរលាយ


ខ្មែរ៖​ លោក​ ខឹម​ ​វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​នៅថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​ ​២០១៦​ ធ្វើសន្និ​សីទព័ត៌មាន​ ក្នុង​ខួប​១០​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​។​ (​ហ៊ុល រស្មី​/VOA)
ខ្មែរ៖​ លោក​ ខឹម​ ​វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​នៅថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​ ​២០១៦​ ធ្វើសន្និ​សីទព័ត៌មាន​ ក្នុង​ខួប​១០​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​។​ (​ហ៊ុល រស្មី​/VOA)

មេ​ដឹក​នាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ (LDP ) លោក​ ខឹម​ វាសនា​ ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​មិថុនា​នេះ​ថា​ ​ប្រទេស​កម្ពុជា​ មិន​បាន​ជួប​វិបត្តិ​នយោបាយ​នោះ​ទេ គឺ​មាន​តែបញ្ហា​បុគ្គល​របស់​អ្នក​នយោបាយនៃ​គណបក្ស​ប្រឆាំងប៉ុណ្ណោះ។​

ការ​ថ្លែង​របស់​លោក​ ​ខឹម​ ​វាសនា​ ​កើត​មាន​ឡើង​ ​នៅ​ក្នុង​ពេល​ដែលគណបក្ស​របស់​លោក​ ប្រារព្ធ​ពិធី​រំឭក​ខួប​ ១០​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ ​រៀប​ចំឡើង​នៅ​ទី​ស្នាក់​កណ្ដាល​បក្ស​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ VOA​ អំពី​វិបត្តិ​នយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា​ លោក​ ខឹម​ វាសនា​បាន​និយាយ​ដោយ​ផ្ដើម​ពី​រឿង​អាស្រូវស្នេហា​លួចលាក់របស់លោក​ កឹម​ សុខា​ យ៉ាងដូច្នេះថា៖

«សំណួរ​លោក​សួរ​ថា​ តើ​ខ្ញុំ​មើល​ឃើញ​សព្វថ្ងៃ​ជាវិបត្តិ​នយោបាយ​សព្វ​ថ្ងៃ​ ខ្ញុំ​ថា​អត់​វិបត្តិ​នយោបាយ​ទេ​ គឺ​វិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រឡា​នៅ​ក្រោម​គេ។ ទាល់តែ​យើង​ព្រម​ទទួល​ស្គាល់​ថា​ វិបត្តិ​របស់​គណបក្ស​យើង​ទេ​ ជួយ​យើង​ផង អា​ហ្នឹង​បាន​ទៅ​រួច។ វា​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​ទទួល​ស្គាល់​ ស្ថានភាព​ជាក់​ស្ដែង​របស់​ខ្លួន​សិន​ បាន​វា​អាច​ដោះស្រាយ​រឿង​អី​ទាំង​អស់»។​

លោក​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​រលាយ​សូន្យ​ដោយ​ការ​ធ្លាក់​ចុះ​សំឡេង​នៅ​អាណត្តិ​ក្រោយ​ ឬ​ក៏​អ្នក​គ្រាំ​ទ្រ​មើល​ឃើញ​ពី​ចំណុចខ្សោយ​របស់​គណបក្ស​ប្រឆាំង​ ឬ​មួយ​គណបក្ស​កាន់​អំណាច មិន​ទុក​ឲ្យ​គណបក្ស​ប្រឆាំង​មួយនេះ​ បាន​ស្ថិតស្ថេរ​យូរអង្វែង​នោះ។​

«តែ​អាណត្តិ​ក្រោយ​ វា​ចុះ​ខ្លះ​ហើយ។​ អាណត្តិ​ក្រោយ​ទៀត​ រុះ​រោម​ហើយ​ ដូច​ហ៊្វុនស៊ីនប៉ិច អញ្ចឹង។​ អា​ហ្នឹង​ងាប់​ទី​មួយ។​ ឬមួយ​អ្នក​គាំទ្រ​មើល​ឃើញ​ លែង​គាំទ្រ វា​ងាប់។​ ឬ​មួយ​គណបក្ស​ប្រជា​ជន​គេ​មើល​ឃើញ គេ​ថា​ទុក​មិន​កើត​ ពីព្រោះ​អី​ ពី​ព្រោះ​ទុក​ទៅ​វា​ចង្រៃ​ប្រទេស​ ហើយ​អ្នក​ឯង​បាន​ធ្វើ​ខុស​មែន»។​

VOA​ មិន​អាច​ទាក់​ទង​លោក​ យឹម សុវណ្ណ​ និង​ លោក​ យ៉ែម បុញ្ញឫទ្ធិ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ។​ រីឯ​ លោក សុន​ ឆ័យ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ សូម​មិន​ធ្វើ​ការ​អធិប្បាយ។​ លោក​បញ្ជាក់​ថា​ លោក​ មិន​ចាប់​អារម្មណ៍​នឹង​ការ​ថ្លែង​របស់​លោក​ ខឹម​ វាសនា​នោះ​ទេ។​

«ខ្ញុំ​មិនសូវ​យក​ចិត្ត​ទុកដាក់​ស្ដាប់​ភាសា​គាត់​ផង»។​

មែរ៖​ រថយន្ត​ទំនើប​ម៉ាក​ Mazda ដាក់តាំង​បង្ហាញនៅ​មុខ​ទីស្នាក់​កណ្តាល​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ សិ្ថត​នៅ​ក្នុង​ខ័ណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។​ (ហ៊ុល​ រស្មី/VOA)​
មែរ៖​ រថយន្ត​ទំនើប​ម៉ាក​ Mazda ដាក់តាំង​បង្ហាញនៅ​មុខ​ទីស្នាក់​កណ្តាល​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ សិ្ថត​នៅ​ក្នុង​ខ័ណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។​ (ហ៊ុល​ រស្មី/VOA)​

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ នៃ​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយគណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មិនទាន់​អាច​រក​បាន​កៅអី​នៅ​ក្នុង​សភា​នោះ​ឡើយ។​ ប៉ុន្តែ​ លោក​ ខឹម​ វាសនា​ តែង​តែ​និយាយ​ថា​ ​គណ​បក្ស​លោក​ ​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត ​យល់​ពីយុទ្ធសាស្ត្រ​របស់​គណបក្ស​លោក​ជាមុន​សិន។

ចំណុច​បី​យ៉ាង ដែលគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ហៅ​ជាពាក្យ​កាត់​ថា​ «LDP»​ បាន​ធ្វើ​ក្នុង​សកម្ម​ភាពនយោបាយ​របស់​ខ្លួន​ និង​ដែលបាន​ចែក​ជូន​អ្នកសារព័ត៌មាន​នោះ​ រួមមាន​ ទី១​ បង្កើត​ធនធាន​មនុស្ស​ ដែល​មាន​បេះដូង​លះបង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ប្រទេស​ជាតិ និង​អ្នក​ដទៃ​ ទី២​ ​ជា​ពលរដ្ឋ​គំរូ​នៅ​ក្នុង​សង្គម​ប្រកប​ទៅ​ដោយ​សីលធម៌​ សុជីវធម៌​យ៉ាង​ខ្ជាប់​ខ្ជួន​និង ទី​៣​ជា​ ​ពល​រដ្ឋ​ស្អប់​អំពើ​អាក្រក់​ ហើយ​តាម​កម្ចាត់​អំពើ​អាក្រក់​ទាំង​ឡាយ​នៅ​ក្នុង​សង្គម។​

​លោក​ សុខ​ ​ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​គណបក្ស​ប្រជា​ជនកម្ពុជា​ មិនមានបំណងវាយបំបាក់គណបក្សនយោបាយ​ណា​មួយ​ ឬ​គណបក្ស​ប្រឆាំង​ដែល​ជា​គូប្រជែងរបស់​ខ្លួន​នោះ​ទេ​ ​ហើយ​ថា​ ​ការ​លើក​ឡើង​របស់​លោក​ ​ខឹម​ ​វាសនា​ ​គឺ​ជា​មតិ​រិះគន់​របស់​អ្នក​នយោបាយ​រូប​នេះ​តែប៉ុណ្ណោះ។​

លោក​បញ្ជាក់​បន្ថែម​ថា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ក៏​មិន​មែន​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ។​

នៅ​ក្នុង​ពិធី​រំឭក​ខួប​១០ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​របស់​លោក​ដដែល​នោះ លោក​ ខឹម​ វាសនា​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ និង​អ្នកគាំទ្រ​គណបក្ស​លោក​ថា ​ក្រុម​អ្នក​គាំទ្រ​លោក​ ​បាន​រៃ​អង្គាស​ប្រាក់​ទិញរថយន្ត​មួយ​គ្រឿង​តម្លៃ​ ៤៨៩០០​ដុល្លារ ជូន​រូបលោក។

លោក​ថា​ រថយន្ត​នេះ ​ជា​អំណោយ​កើត​ចេញ​ពី​ទឹក​ចិត្តស្រលាញ់នៃ​អ្នក​គាំ​ទ្រ​រូបលោក៕​

XS
SM
MD
LG