ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​មិន​បាន​អាសនៈ​ប្តេជ្ញា​ពង្រឹង​គោលនយោបាយ


ក្រុម​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គ្រវី​ទង់ជ័យ​គណបក្ស​ និង​ទង់ជ័យ​ជាតិ​នៅ​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
ក្រុម​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គ្រវី​ទង់ជ័យ​គណបក្ស​ និង​ទង់ជ័យ​ជាតិ​នៅ​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
ភ្នំពេញ៖ ថ្វី​បើ​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី២៨​ខែកក្កដា​ឆ្នាំ២០១៣​នេះ​ក្តី មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ហាក់​ដូចជា​មិន​បាន​បាក់​ទឹកចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅវិញ ពួកគេ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​នៅ​ឡើយ​ ហើយ​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ដើម្បី​ស្តារ​កិត្តិយស​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត។​

យោង​តាម​ការ​ប្រកាស​លទ្ធ​ផល​បណ្តោះ​អាសន្ន​រប​ស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យដឹង​ថា ​គណបក្ស​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​មាន​តែ​គណបក្ស​ចំនួន​២​តែប៉ុណ្ណោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ ចំណែក​ឯ​គណបក្ស​៦​ទៀត​មិន​មាន​អាសនៈក្នុង​រដ្ឋសភា​នោះ​ទេ។​

លោកញ៉ឹក​ ប៊ុនឆៃ ​អគ្គ​លេខា​ធិការ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ បានឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​នឹង​កោះ​ប្រជុំ​សមាជិក​ទាំងអស់ ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ដើម្បី​ពង្រឹង​គោល​ជំហរ ​គោលនយោបាយ​ក្រោយពី​ចាញ់​ឆ្នោត​លើក​នេះ។​

លោក​និយាយថា៖​ «ការពង្រឹង​អំពី​គោល​នយោបាយ​ដែលមាន​កន្លង​មក​ហើយ​យើង​ត្រូវ​មើល​សន្ទុះ​ និង​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​របស់​យើង។​ នៅពេលនេះ​គេ​ត្រូវការ​អ្វី?​ គេ​ចង់បាន​អ្វី?​ អញ្ចឹង​ខ្ញុំ​នឹង​យក​បញ្ហា​ទាំង​អស់នេះ​មក​ដើម្បី​ពិភាក្សា​គ្នា​សម្រាប់​ដាក់​នូវ​គោល​នយោបាយ​បន្ថែម ​ឬ​គោល​នយោបាយ​ថ្មី​ដើម្បី​តម្រូវ​ទៅ​តាម​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន​គឺ​ជា​សារៈ​សំខាន់​ដែល​ជា​ការ​ពាក់​ព័ន្ធ​ដល់​គោល​នយោបាយ​និង​សកម្មភាព​ត​ទៅ​មុខ​ទៀត»។​

គណបក្ស​រាជានិយម​នេះ​ធ្លាប់​ទទួល​ជ័យ​ជម្នះផ្តាច់​មុខ​កាល​ពី​ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ១៩៩៣​ ​ ប៉ុន្តែ​គណបក្ស​នេះ​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​បន្តបន្ទាប់ ​ក្រោយ​ពី​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ។ កាលពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​២០០៨ ​គណបក្ស​នេះ​បាន​ជ្រុះ​កៅអី​ពី​៥៨​នៅ​ឆ្នាំ១៩៩៣​មក​ត្រឹម​២​ពី​កៅ​អី​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អាសនៈ។ ​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ហៀប​នឹង​បាន​អាសនៈ​តំណាង​រាស្ដ្រ​ចំនួន​មួយ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ ប៉ុន្តែ​គណបក្ស​នេះ​បាន​ខ្វះ​សំឡេង​យ៉ាង​ប្រផិត​ប្រ​ផើយ។​

លោក​ញ៉ឹក ប៊ុនឆៃ​អះអាង​ថា ​ការ​ចាញ់ឆ្នោត​របស់​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​លើក​នេះ​គឺ​ដោយ​សារ​មាន​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត​និង​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះ​ឆ្នោត។​ លោក​បន្ថែម​ថា ​គណបក្ស​របស់​លោក​នឹង​ពិនិត្យ​ឡើងវិញ​ពី​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

ភាព​មិន​ប្រក្រតី​គឺ​ជា​ចំណោទ​មួយ​យ៉ាង​សំខាន់ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត។​

លោក​ក្រវ៉ាញ ​ដារ៉ន​ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ចាត់​ទុក​ថា ​អំពើ​អយុត្តិធម៌​ ភាព​មិន​ប្រក្រតី​ ដែល​កើត​មាន​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​អាណត្តិ​នេះ​គឺជា​បទ​ពិសោធន៍​មួយ​សម្រាប់​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​គណបក្ស​របស់​លោក។​

លោក​និយាយថា៖​ «មាន​ការ​ត្រិះរិះ​ពិចារណា​ដើម្បី​ស្វែង​រក​អ្វី​ដែល​ជា​កំហុស​ អ្វី​ដែល​ជា​រឿង​អយុត្តិធម៌​ អ្វី​ដែលជា​រឿង​មិន​ប្រក្រតី​សម្រាប់​ការ​បោះឆ្នោត​នេះ។ ​ខ្ញុំ​ត្រូវ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ពេល​ក្រោយ​ទៀត​ ជូន​ប្រជា​ពលរដ្ឋ ​និង​ការ​រៀបចំ​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ខ្ញុំ។​ ខ្ញុំ​ត្រូវ​រៀបចំ​ច្បាស់លាស់​ ពង្រឹង​មនុស្ស​ឲ្យ​បាន​ច្បាស់លាស់»។​

ថ្វីបើ​ដូច្នេះ​ក្តី​ លោក​ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ឲ្យដឹង​ថា ​ទោះបី​ជា​គណ​បក្ស​របស់​លោក​មិនទាន់បាន​ទទួល​ជោគ​ជ័យ​ក៏​ដោយ ​ក៏​លោក​មិន​មាន​អ្វី​ត្រូវ​កែ​លម្អនោះ​ទេ​នៅ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​នោះ​ ក៏​ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​ការ​ពង្រឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

លោក​ថ្លែងថា៖ ​«រឿង​ធំជាង​គេ​បំផុត​គឺ​ការ​យល់​របស់​ប្រជាពលរដ្ឋ ​ហើយ​យើង​ផ្តោត​ទៅ​លើ​ការ​យល់។ ​សំខាន់​បំផុត​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​យើង​ផ្តោត​ទៅ​លើ​ការ​ទាមទារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន។ ​រឿងនេះ​គឺជា​រឿង​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការ​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​បាន​យល់។​ យើង​នឹង​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​តាម​លទ្ធ​ភាព​ដែល​យើង​អាចធ្វើ​បាន។​ អញ្ចឹង​ការងារ​របស់​យើង​គឺ​គ្មាន​អ្វី​ត្រូវ​កែ​លម្អនោះ​ទេ​ គឺ​មាន​តែ​បង្កើន​តាម​ផ្លូវ​ដែល​យើង​ធ្លាប់​ធ្វើ»។​

គណ​បក្ស​ប្រជែង​តូចៗ​ត្រូវ​គេ​មើល​ឃើញ​ថា​ មិន​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ ឱកាស​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​ទេ​ កាលពីចន្លោះ​ខែមិថុនា​និង​ខែ​កក្កដា​នោះ។​គណបក្ស​ទាំង​នោះ​ធ្វើ​ការ​ឃោសនា​ជា​ទ្រង់ទ្រាយ​តូចៗ​និង​ធ្វើ​ការ​ចែក​ខិត​បណ្ណ​ជា​ជាង​រៀប​ចំ​ក្បួន​ដង្ហែ។​

ក្រៅ​ពី​នោះ​គណបក្ស​តូចៗ​ទាំងនេះ​ច្រើន​តែ​បង្ហាញ​វត្ត​មាន​តែ​ក្នុង​អំឡុងពេល​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​

លោក​ចាន់​ យ៉េត​ អនុ​ប្រធាន​គណ​បក្ស​សាធា​រណរដ្ឋ​ប្រជា​ធិបតេយ្យ​ ក៏​បាន​សម្លឹង​មើល​ការ​រៀប​ចំ​យុទ្ធ​សាស្ដ្រ​ឡើង​វិញ​ដែរ។​

លោក​និយាយ​ថា៖​ «គណបក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​ឲ្យ​មាន​បក្ស​ ពួក​នៅ​តាម​ភូមិ​ ឃុំ ​ស្រុក ​និងខេ​ត្ត​បន្ត​ទៀត​ទូទាំង​ប្រទេស​ដើម្បី​ចូល​ប្រឡង​ប្រណាំង​គ្នា​នៅ​អាណត្តិ​២០១៨»។​

លោក​សេង​ សុ​ខេង ​ប្រធាន​គណ​បក្ស​សញ្ជាតិ​កម្ពុជា​ បាន​ឲ្យដឹង​ថា ​ក្នុង​អំឡុង​ពេល​នេះ​ គណ​បក្ស​របស់​លោក​នៅ​មិន​ទាន់​មាន​គម្រោងធ្វើ​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​អ្វី​នៅ​ឡើយ​ទេ​ ដោយ​សារ​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​មាន​រយៈ​ពេល​វែង​ទៅ​មុខ​ទៀត៕
XS
SM
MD
LG