ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​កម្ពុជា​បន្ត​សកម្មភាព​ឃោសនា​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ


លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​នៅ​​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​មុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​នៅ​​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​មុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។
គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​០៥​ខែ​ឧសភា​នេះ​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ​បាន​ឈាន​ដល់​ថ្ងៃទី​៤ហើយ។​ សម្រាប់​នៅក្នុង​រាជធានី​ភ្នំពេញ​គេ​សង្កេត​ឃើញ​មាន​តែ​គណបក្ស​មួយ​ចំនួនប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​សកម្មភាព​ក្នុង​យុទ្ធនាការ​នេះ។​

មាន​គណបក្ស​ចំនួន​ប្រាំ​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៃ​ការ​បោះឆ្នោត​អសកល​នេះ។​ ក្នុង​នោះ​មាន​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​សាធារណៈរដ្ឋ​ខ្មែរ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចង​ជា​ពាក្យ​ស្លោក​អំពី​ការ​អភិវឌ្ឍថ្ងៃ​៧​មករា ​និង​ផ្ទាំង​រូប​ភាព​របស់​មេដឹកនាំ​សំខាន់ៗ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់ខ្លួន​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម​ ខណៈ​ដែល​នៅ​តាម​សាខា​របស់​បក្ស​នៅ​តាម​ខណ្ឌ​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សកម្មភាព​ច្រើន។​

នៅ​តាម​ដងផ្លូវ​ព្រះ​មុន្នីវង្ស ម្តុំធនាគារ​កាណាឌីយ៉ា​ គេ​អាច​ឭ​សូរ​បទចម្រៀង​ និង​សារ​នយោបាយ​សំខាន់ៗ​របស់​បក្ស​ដូច​ជា​ស្ថេរភាព​នយោបាយ​ ការ​អភិវឌ្ឍ​ ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជាដើម។

លោក​ ជាម យៀប​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​តាំង​តែ​ពី​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អសកល​នេះ​ បាន​ធ្វើ​ពិធី​ជួប​ជុំ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ តាម​ខេត្ត​ ស្រុក​ដែល​បេក្ខជន​របស់​គណបក្ស​នេះ​បាន​ឈរ​ឈ្មោះ។​

«យើង​បាន​ប្រាប់ទៅ​ដល់​ក្រុម​ប្រឹក្សា​ខេត្ត​ បេក្ខជន​ក្រុមប្រឹក្សាខេត្ត​ ស្រុក​ចុះ​ទៅ​ខ្លួន​ឯង​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បើ​គណបក្ស​នេះ​ឈ្មោះ​ឆ្នោត​នឹង​ធ្វើ​អ្វី​ខ្លះ​នៅពេល​ខាង​មុខ។ យើង​បានធ្វើ​អស់​ហើយ»។

ក្រឡេក​មក​មើល​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលស្ថិត​នៅ​សង្កាត់​ចាក់អង្រែ​វិញ​ អ្នក​ធ្វើ​ដំណើរ​អាច​ឮ​សូរពី​សារ​នយោបាយ​សំខាន់​របស់​គណបក្ស​ជំទាស់​មួយនេះ​ដែល​ចាក់​ផ្សាយ​តាម​រយៈ​ឧគ្ឃោសនសព្ទ។​ សម្រាប់​គណបក្ស​មួយនេះ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ការ​តំឡើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​និង​មន្ត្រី​រាជការ​នៅ​តែ​ជា​សារ​នយោបាយ​សំខាន់​ដដែល។

ខុស​ប្លែក​ពី​គណបក្ស​ដទៃ​ចាប់​តាំង​តែ​ពី​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​បាន​ដឹកនាំ​អ្នកគាំទ្រ​របស់​ខ្លួន​ដើរ​ដង្ហែរ​ក្បួន​ឃោសនា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​បណ្តា​ខេត្ត។​

លោក​ យឹម​ សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះគណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ជួប​ប្រជុំ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​តាម​ទីក្រុង​ ​រាជធានី​ និង​ស្រុក​ ខណ្ឌ​។

«សំខាន់​យើង​ផ្តោត​អារម្មណ៍លើ​អង្គ​បោះឆ្នោត​ដើម្បី​ឲ្យ​អង្គ​បោះឆ្នោត​គោរព​តាម​ប្រជារាស្រ្ត​ ហើយ​សូម​គោរព​តាម​រាស្ត្រ​។ បើ​សិន​រាស្រ្តចង់​បោះឆ្នោត​បក្សណា​ គួរ​តែ​អង្គ​បោះឆ្នោតទាំង​នោះបោះឆ្នោតឲ្យ​បក្ស​នោះ​ ជា​ពិសេស​បក្ស​សង្គ្រោះជាតិ។»​

​ដោយឡែក​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ គេ​មិន​មាន​ឃើញ​សកម្មភាព​ឃោសនា​ ឬ​ផ្សព្វ​ផ្សាយ​ជា​សារនយោបាយ​អ្វី​ឡើយ​នៅ​ស្នាក់​ការ​បក្ស​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ​ លោក​ ញ៉ឹក​ ប៊ុន​ឆៃ​ ប្រធាន​ប្រតិបត្តិ​របស់​បក្ស​ថ្លែង​ថា ​សម្រាប់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ មន្ត្រី​ដឹកនាំបក្ស​របស់​លោក​បាន​ចុះ​ទៅ​ស្រុក​ដែល​ជា​គោលដៅ​ដើម្បី​ពន្យល់​ក្រុម​ប្រឹក្សា​ទាំង​នោះ​ឲ្យ​យល់​ដឹង​ពី​គោល​នយោ​បាយ​របស់​បក្ស។

«មាន​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រឹក្សាឃុំ។​ ជារួម​ក្រុម​ប្រឹក្សា​ក្នុងឃុំ​អញ្ចឹង​ យើង​មាន​ការ​ទំនាក់​ទំនាក់​ទំនង​ពន្យល់​ឲ្យ​គេយល់​ដឹងពី​គោល​នយោបាយ​របស់​បក្ស។ យើង​នឹង​បន្តធ្វើ​ដូច្នេះ​រហូត​ដល់​ថ្ងៃគេបិទ​ការ​ឃោសនា»។​

ដោយ​ឡែក​ លោក​ ចាន់​ យ៉េត​ អនុប្រធាន​បក្ស​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​វិញ​ថ្លែងថា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ចាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ បក្ស​របស់​លោក​បាន​ធ្វើ​ការ​ចុះ​ពន្យល់​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ និង​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត។

​«ខ្ញុំ​បាន​ទៅ​ផ្សព្វផ្សាយ​ដល់​ក្រុម​ការងារ​របស់​យើង​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ស្រុក​សំពៅលូន​ ដើម្បី​ឲ្យ​គាត់យល់​ដឹង​អំពី​ការ​គូស​សន្លឹក​ឆ្នោត​ និង​លេខ​រៀង​របស់​យើង»។

រី​ឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ របស់​លោក​ខឹម​ វាសនា​វិញបានចុះ​ផ្សព្វ ផ្សាយនិង​ណែនាំ​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន​នៅ​ក្នុងខេត្ត​សៀមរាប។

«បាន​យក​ម៉េក្រូ​ទៅ​ចាក់​នៅ​ទីផ្សារ​ ហើយ​មាន​ចាក់​ស្លាយ​នៅពេល​យប់ៗហ្នឹង។ យើង​ធ្វើ​តែ​នៅ​ខេត្ត​សៀមរាប​ទេ។»

លោក​ ទេព​ នីថា​ អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត(គ.ជ.ប)​បាន​ឲ្យ​ដឹង​ថា ​ជា​ទិដ្ឋភាព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ឃោសនា​បោះឆ្នោត​ ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ​បួន​ថ្ងៃ​មក​នេះ​មិន​មាន​ឧបទ្ទវហេតុ​ធំ​ដុំ​នោះ​ទេ។

​«ជាទូទៅ​ដំណើរការ​ឃោសនា​បាន​ដំណើរ​ការទៅ​ដោយ​ល្អ។​ យើង​សង្កេត​ឃើញ​ថា​គណបក្ស​នយោបាយ​នីមួយៗ​បានធ្វើ​អ្វី​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​។ ​គណបក្ស​ខ្លះ​គាត់​បាន​ចាក់​មេក្រូ​នៅ​តាម​ស្នាក់ការ​បក្ស​របស់​ខ្លួន។»

​យោង​តាម​ការ​ឲ្យ​ដឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប​)បាន​ឲ្យដឹងថា​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាធានី​ ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​២​ឆ្នាំ​២០១៤​នេះ​ នឹងមាន​អ្នក​បោះឆ្នោត​សរុប​ ១១.៤៥៩​នាក់​នៅ​ទូទាំង​ប្រទេស។ ​ហើយ​យុទ្ធនាការ​នៃ​ការ​ឃោសនាបោះឆ្នោត​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២​ខែ​ឧសភា​នឹង​បញ្ចប់​ទៅ​វិញ​នៅថ្ងៃ​ទី​១៦​ខែ​ឧសភា​ គឺ​២​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ចាប់​ផ្តើម៕
XS
SM
MD
LG