លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នឹងជួបគ្នាជាលើកទីមួយនៅថ្ងៃច័ន្ទនេះក្នុងបុរីញ៉ូយក ចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការសម្រាលការដាក់ទណ្ឌកម្ម។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អា.បាននិយាយកាលពីថ្ងៃអាទិត្យថា ជំនួបនេះនឹងមានធ្វើនៅខាងក្រៅសន្និសីទអ.ស.ប.ស្តីពីសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ។
ក្រុមអ្នកធ្វើការចរចាមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកទាំង៦បានផ្តល់ឱ្យខ្លួនឯងនូវពេលវេលារហូតដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីយល់ស្របគ្នាអំពីកិច្ចព្រមព្រៀងចុងក្រោយបង្អស់មួយ សម្រាប់ដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់ និងអំពីកង្វល់ដែលថាប្រទេសអ៊ីរ៉ង់អាចប្រើប្រាស់កម្មវិធីនេះសម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ប្រទេសអ៊ីរ៉ង់បានទទូចយូរយាមកហើយថា សកម្មភាពបរមាណូរបស់ខ្លួនមានលក្ខណៈសន្តិវិធីហើយចង់ឱ្យមានការលុបចោលទាំងស្រុងនូវការដាក់ទណ្ឌកម្មពាក់ព័ន្ធដែលបានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ផងខ្លួន។
ក្រុមអ្នករិះគន់ដល់កិច្ចចរចាគ្នានេះ រួមមានទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu ដែរនោះ និយាយថាស.រ.អា. និងក្រុមដៃគូរបស់អាមេរិកាំងគឺប្រទេសអង់គ្លេស ចិន បារាំង រុស្សីនិងអាល្លឺម៉ង់ទន់ពេកចំពោះអ៊ីរ៉ង់
ហើយអាចអនុញ្ញាតឱ្យមានសកម្មភាពនុយក្លេអ៊ែរតទៅទៀត នៅពេលមានការដកចេញនូវការដាក់ទណ្ឌកម្ម៕