លោក Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានការជឿនលឿនគួរឲ្យកត់សម្គាល់នៅក្នុងការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ប៉ុន្តែអ៊ីរ៉ង់ និងក្រុមមហាអំណាចពិភពលោក មិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ។
លោក Zarif បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ក្នុងអំឡុងពេលនៃការឈប់សម្រាកនៅពេលចរចាដែលបានបន្តនៅថ្ងៃទី២ និងដែលបានហួសថ្ងៃកំណត់កាលពីពាក់កណ្តាលយប់ថ្ងៃអង្គារដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងការដោះដូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។
លោក Zarif បានធ្វើជំនួបអស់រយៈពេលជាច្រើនម៉ោងនៅថ្ងៃព្រហស្បតិ៍នេះជាមួយលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry និងអ្នកជំនាញមកពីប្រទេសអ៊ីរ៉ង់ និងគណៈប្រតិភូអន្តរជាតិ។
លោកស្រី Marie Harf អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីយប់ថ្ងៃពុធថា ភាគីទាំង២ បានធ្វើឲ្យជឿនលឿន ក៏ប៉ុន្តែមិនបានឈោងដល់ការយល់គ្នាខាងនយោបាយទេ។
ប្រសិនបើ អ៊ីរ៉ង់ និងក្រុមមហាអំណាចដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាល្លឺម៉ង់ ព្រមព្រៀងលើគម្រោងការងារ បន្ទាប់មកពួកគេ នឹងចាប់ផ្តើមធ្វើកិច្ចព្រមព្រៀងចុងក្រោយដែលមានកាលកំណត់នៅថ្ងៃទី៣០ ខែមិថុនា៕