លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.កំពុងជំរុញឲ្យភាគីទាំងអស់នៅក្នុងប្រទេសប៊ូរុនឌី (Burundi) បញ្ឈប់អំពើហិង្សា ហើយជាជំនួសវិញ ត្រូវចាប់ផ្តើមពិភាក្សាគ្នាដើម្បីបញ្ចប់ការរំជើបរំជួលនៅក្នុងប្រទេសនេះជាច្រើនខែមកនោះ។
លោក Kerry បានសរសេរនៅលើទំព័របណ្តាញសង្គម Twitter របស់លោកនៅថ្ងៃអាទិត្យនេះថា ការសម្លាប់គ្នាត្រូវតែបញ្ចប់ រួមទាំងការឆ្លើយតបមិនត្រឹមត្រូវដោយកងកម្លាំងសន្តិសុខផងដែរ។
នៅព្រឹកថ្ងៃអាទិត្យ ក្រសួងការបរទេសស.រ.អា.បានប្រាប់ឲ្យពលរដ្ឋអាមេរិកាំងចៀសវាងការធ្វើដំណើរទៅប្រទេសប៊ូរុនឌី ហើយបានផ្តល់អនុសាសន៍ថា អ្នកដែលបានទៅដល់ប្រទេសប៊ូរុនឌីហើយនោះ ត្រូវចាកចេញពីប្រទេសនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា អំពើហិង្សាខាងនយោបាយបានកើតមានឡើង។
មនុស្សជាង៨០នាក់បានស្លាប់កាលពីថ្ងៃសុក្រ នៅពេលជនប្រដាប់អាវុធធ្វើការវាយប្រហារលើទីតាំងកងទ័ពនៅក្នុងរដ្ឋធានីប៊ូយ៉ាំប៊ូរ៉ា (Bujumbura)។ ក្នុងចំណោមអ្នកស្លាប់មានកងសន្តិសុខ៨នាក់ និងក្រុមអ្នកធ្វើការវាយប្រហាររាប់សិបនាក់ក៏បានស្លាប់ដែរ។ នេះបើយោងតាមអ្នកនាំពាក្យរបស់កងទ័ពប៊ូរុនឌី។
ការរំជើបរំជួលបានចាប់ផ្តើមក្នុងខែមេសា នៅពេលលោក Pierre Nkurunziza ប្រធានាធិបតីប្រទេសនេះប្រកាសថា លោកនឹងស្វះស្វែងកាន់តំណែងអាណត្តិទី៣។
អ្នកទិតៀននិយាយថា លោករំលោភរដ្ឋធម្មនុញ្ញដែលកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិ ហើយលោកក៏រំលោភកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសប៊ូរុនឌីរយៈពេល១២ឆ្នាំនោះផងដែរ។
ស.រ.អា.និយាយថា តាំងពីពេលនោះមក អំពើហិង្សាបានសម្លាប់មនុស្ស២៤០នាក់ ហើយធ្វើឲ្យប្រជាជន២២ម៉ឺននាក់ភៀសខ្លួនចេញពីប្រទេស៕