រដ្ឋមន្ត្រីការបរទេសស.រ.អា. លោក John Kerry បានសម្តែងគារវកិច្ចដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុននៅក្នុងប្រទេសបារាំងដោយលោកបានហៅការបាញ់ទាំងនេះថាជាអំពើ «កំសាកនិងគួរឱ្យស្អប់ខ្ពើម»។
លោក Kerry បានមានប្រសាសន៍នៅក្នុងពិធីមួយនៅក្នុងសាលាក្រុងនៃក្រុងប៉ារីសកាលពីថ្ងៃសុក្រនៅក្រោយលោកបានដាក់កម្រងផ្កានៅឯកន្លែងដែលក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមបានបាញ់សម្លាប់មនុស្ស១៧នាក់ក្នុងរយៈពេលបីថ្ងៃ។ កន្លែងមួយក្នុងបណ្តាកន្លែងទាំងនេះឋិតនៅជិតការិយាល័យនៃទស្សនាវដ្តី Charlie Hebdo ដែលនៅទីនោះជនប្រដាប់អាវុធពីរនាក់បានបាញ់សម្លាប់មនុស្ស១២នាក់នៅក្នុងការវាយប្រហារមួយ។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងជាភាសាអង់គ្លេសនិងជាភាសាបារាំង លោក Kerry បានមានប្រសាសន៍ថាប្រជាពលរដ្ឋអាមេរិកាំងមានប្រតិកម្មដល់ការបាញ់ប្រហារទាំងនេះជាមួយសេចក្តីរន្ធត់។ លោកបានមានប្រសាសន៍ថាស.រ.អា.និងប្រទេសបារាំងនឹងខិតខំព្យាយាមជាមួយគ្នាប្រឆាំងនឹងភេរវកម្មដោយលោកបានហៅប្រទេសបារាំងថាជា «សម្ព័ន្ធមិត្តយូរយារជាងគេបំផុត» របស់អាមេរិក។
ទស្សនកិច្ចរបស់លោក Kerry នៅក្នុងប្រទេសបារាំងមានទ្បើងនៅពេលដែល ស.រ.អា.ប្រឈមមុខនឹងការរិះគន់ថាមិនបានបញ្ជូនមន្ត្រីថ្នាក់ខ្ពស់ម្នាក់ទៅកាន់ការដើរដង្ហែរក្បួនប្រឆាំងនឹងភេរវកម្មកាលពីថ្ងៃអាទិត្យមុននៅក្នុងក្រុងប៉ារីស។មានក្រុមមេដឹកនាំពិភពលោកជាង៤០នាក់និងមនុស្សជាងមួយលាននាក់បានចូលរួមក្នុងការដើរដង្ហែរក្បួននេះនៅតាមវិថីនៃក្រុងប៉ារីស៕