បារាំងកំពុងដាក់ពង្រាយកងទ័ព១ម៉ឺននាក់ដើម្បីបង្កើនសន្តិសុខនៅតំបន់ដែលរសើប បន្ទាប់ពីមានការវាយប្រហារភេរវកម្មដ៏ប្រល័យកាលពីសប្តាហ៍មុនក្នុងទីក្រុងប៉ារីស។
លោក Jean-Yves Le Drian រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះថា កងទ័ពនឹងស្ថិតនៅទីកន្លែងនោះនៅរសៀលថ្ងៃអង្គារ។លោក Bernard Cazeneuve រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា កងទ័ពចំនួនពាក់កណ្តាលនឹងការពារសាលារៀនជនជាតិជ្វីវចំនួន៧១៧នៅក្នុងប្រទេសបារាំង។
នៅថ្ងៃច័ន្ទនេះដែរ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅថ្ងៃព្រហស្បត៍និងថ្ងៃសុក្រ ដើម្បីពិភាក្សាស្តីពីការប្រឆាំងនឹងអ្នកហឹង្សាជ្រុលនិយម។ លោករដ្ឋមន្រ្តីការបរទេសមានប្រសាសន៍បន្តទៀតថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក កំពុងសម្របសម្រួលជាមួយក្រុមអ្នកស៊ើបអង្កេតបារាំង។
ក្រុមអាជ្ញាធរនៅតែកំពុងស្វែងរក Hayat Boumeddiene ជាដៃគូរបស់ខ្មាន់កាំភ្លើង Amedy Coulibaly ដែលប៉ូលីសនិយាយថា បានសម្លាប់មន្រ្តីប៉ូលីសម្នាក់កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន ហើយនិងថ្ងៃសុក្របានសម្លាប់មនុស្ស៤នាក់ បន្ទាប់ពីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅហាងលក់គ្រឿងទេសសម្រាប់អាហារជនជាតិជ្វីវ។
ទីភ្នាក់ងារសារព័ត៌មាន Anatolia គ្រប់គ្រងដោយរដ្ឋតួកគី បានស្រង់សម្តីលោកMevlut Cavusoglu រដ្ឋមន្រ្តីការបរទេសប្រទេសតួកគីថា Boumeddiene បានជិះយន្តហោះចេញពីទីក្រុង Madrid នៃប្រទេសអេស្ប៉ាញទៅកាន់ប្រទេសតួកគីកាលពីថ្ងៃទី២ ខែមករា ហើយបានឆ្លងចូលក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី៨ ខែមករា។
កាសែតវីដេអូបានបង្ហាញពីបុរសម្នាក់ដែលប៉ូលីសនិយាយថាអាចជា Coulibaly បានលេចចេញនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមកាលពីថ្ងៃអាទិត្យ ២ថ្ងៃក្រោយពីជននោះត្រូវបានសម្លាប់។ ក្នុងវីដេអូនោះបានហៅការសម្លាប់នៅក្នុងទីក្រុងប៉ារីសថា ជាការសងសឹកប្រទេសបារាំងចំពោះការចូលរួមរបស់ខ្លួននៅក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។
សហគមន៍អន្តរជាតិបានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លា ចាប់តាំងពីមានការបាញ់ប្រហារនោះ។
មេដឹកនាំពិភពលោកជាង៤០ប្រទេស បានចូលរួមជាមួយលោកប្រធានាធិបតីបារាំង ហូឡង់ (Hollande) និងមានមនុស្សជាង១លាន៦សែននាក់ នៅក្នុងការប្រមូលផ្តុំដ៏ធំមួយនៃសាមគ្គីភាពមួយកាលពីថ្ងៃអាទិត្យក្នុងទីក្រុងប៉ារីស។
មេដឹកនាំពិភពលោកទាំងនោះ រួមមានលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ លោកនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas៕