អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសស៊ីរីនិយាយថា ជារឿងមួយដែលមិនធ្លាប់មានពីមុនមក ឬយ៉ាងហោចណាស់ជារឿងមិនធម្មតាមួយ ដែលមន្ត្រីការទូតអាមេរិកជាង៥០នាក់ចុះហត្ថលេខាលើកំណត់ហេតុផ្ទៃក្នុងមួយច្បាប់រិះគន់គោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា។
លោក Robert Ford បានថ្លែងប្រាប់ VOA កាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារព្រាងមួយច្បាប់សម្រាប់កំណត់ហេតុផ្ទៃក្នុងរបស់ក្រសួងការបរទេសបានលេចឡើង ដែលក្នុងនោះមន្ត្រី៥១នាក់ស្នើឲ្យប្រើប្រាស់ការវាយប្រហារផ្លូវអាកាសទៅលើរបបស៊ីរី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សំពាធទៅលើរបបរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assadក្នុងការជំរុញឲ្យមានកិច្ចប្រជុំនយោបាយ។
លោក Ford បាននិយាយយ៉ាងដូច្នេះថា «តាមរយៈបទពិសោធន៍ការងាររបស់ខ្ញុំនៅក្នុងក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥មក ខ្ញុំមិនដែលឮសារមិនយល់ស្របដែលមានការចុះហត្ថលេខាចំនួន១០ផង កុំថាឡើយដល់៥០។»
លោកបានមានប្រសាសន៍បន្តថា ចំនួនហត្ថលេខាច្រើននេះគឺជាសញ្ញាបញ្ជាក់ថា ក្រុមមន្ត្រីដែលទទួលខុសត្រូវលើការអនុវត្តគោលនយោបាយនៅក្នុងប្រទេសស៊ីរី ដែលកំពុងជំរុញឲ្យមានការចរចាដើម្បីរកដំណោះស្រាយនយោបាយ និងដំណោះស្រាយវិបត្តិជនភៀសខ្លួនយល់ថា ពួកគេមិនអាចសម្រេចទៅតាមគោលបំណងនេះតាមរយៈការអនុវត្តគោលនយោបាយនាពេលបច្ចុប្បន្ននេះបានទេ៕