ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Kerry​​ បរិហារ​រិះគន់​កូរ៉េ​ខាងជើង​ចំពោះ​ការ​រឹតត្បិតសេរីភាព​អ៊ិនធឺណិត


រូបថត​ឯកសារ៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ ការចូល​ប្រើប្រាស់​អ៊ិនធឺណិត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​​រឹតត្បិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Kim Jung Un។
រូបថត​ឯកសារ៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ ការចូល​ប្រើប្រាស់​អ៊ិនធឺណិត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​​រឹតត្បិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Kim Jung Un។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​បានបរិហារ​រិះគន់ប្រទេស​កូរ៉េខាង​ជើង​អំពី​ការ​បង្ក្រាប​លើសេរីភាព​អ៊ិនធឺណិតនៃ​ពលរដ្ឋ​ខ្លួន​ហើយ​លោក​បាន​ថ្កោលទោស​ប្រទេស​កុម្មុយនិស្ត​នេះ​អំពី​ការលប​លួច​ចូល​វាយ​ប្រហារ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​ផលិត​ខ្សែកុន​ Sony Pictures នៅ​ Hollywood។

នៅ​ខណៈ​លោក​មានប្រសាសន៍​នៅ​ឯ​សាកលវិទ្យាល័យ​កូរ៉េ​ក្នុង​ក្រុង​សេអ៊ូល ​អ្នកការទូត​កំពូល​អាមេរិកាំង​រូបនេះ​បាន​សរសើរ​ប្រទេស​កូរ៉េខាង​ត្បូង​និង​ប្រទេស​ជប៉ុន​ចំពោះ​សេរីភាព​ខាងអ៊ិនធឺណិត​ របស់ប្រទេសទាំង​ពីរនេះ​ នៅ​ពេល​ដែល​លោក​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​អំពី​ការកម្រិត​ការ​ប្រើប្រាស់​អ៊ិនធឺណិត​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​ដែល​នៅ​ដាច់​ពីគេ​មួយ​នេះ​ ​ដែល​អ៊ិនធឺណិត​អាចប្រើប្រាស់​បាន​ត្រឹម​តែ​ពួក​វរជន​មួយចំនួន​តូច​ដែល​មានបុព្វសិទ្ធិ​តែប៉ុណ្ណោះ។

លោក​ Kerry បាន​មានប្រសាសន៍​ថា​ស.រ.អា.​មាន​ជំនឿ​ថា គោលនយោបាយ​ឌីជីថល «គួរ​ស្វះស្វែង​បំពេញ​សក្តានុពល​របស់​បច្ចេកវិទ្យា​ ដោយ​ប្រើប្រាស់​វាជា​យាន​មួយ​សម្រាប់​ស្ថិរភាព​សាកល​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​ប្រើ​វាជា​វិធី​បញ្ចូល​របៀប​ថ្មី​មួយ​សម្រាប់​ពង្រឹង​តម្លាភាព​របស់​រដ្ឋាភិបាល​និង​ធ្វើឱ្យ​រដ្ឋាភិបាល​មាន​ការទទួល​ខុសត្រូវ​ផងដែរ»។

មន្ត្រី​យោធា​កូរ៉េខាង​ត្បូង​ជាន់​ខ្ពស់​ម្នាក់​ដែល​សុំមិនបញ្ចេញ​ឈ្មោះ​ បាន​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បង្កើន​សមត្ថភាព​វាយ​ប្រហារតាម​អ៊ិនធឺណិត​របស់​ខ្លួនច្រើន​ក្រាស់​ក្រែល​ដោយ​បាន​បន្ថែម​អ្នក​ធ្វើការ​ថ្មីៗ​ជិត​មួយ​ពាន់នាក់​«ដែល​ត្រូវ​បាន​ចាត់​ឱ្យ​ធ្វើការ​លបលួច​វាប្រហារ​ចូល​ក្នុង​គេហទំព័រ​និង​ការ​បង្ក​រឿង​ឯ​ទៀតៗ​តាម​អ៊ិនធឺណិត៕

XS
SM
MD
LG