នៅថ្ងៃសៅរ៍នេះលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បាននិយាយប្រាប់លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិនថា ការប្តេជ្ញារបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនមានភាពរឹងមាំដូចជាដុំថ្ម ហើយ«មិនរង្គើទេ»។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងប៉េកាំង បន្ទាប់ពីអ្នកការទូតកំពូលទាំងពីរនាក់នេះបានធ្វើការចរចាគ្នា ដោយបានពិភាក្សាអំពីបញ្ហាមួយចំនួន ដែលមានរួមបញ្ចូលពាណិជ្ជកម្ម កម្មវិធីបរមាណូនៃប្រទេសកូរ៉េខាងជើង និងភាពតានតឹងនៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Kerry បានមានប្រសាសន៍ថា «យើងមានកង្វល់អំពីល្បឿន និងទំហំនៃការចាក់ដីលើតំបន់ផ្កាថ្ម ដើម្បីបង្កើតតំបន់មានផ្ទៃដីនៅក្នុងសមុទ្រចិនខាងត្បូង»។ ហើយលោកបានសុំដល់ប្រទេសចិនឲ្យធ្វើការចរចាជាបន្ទាន់ជាមួយសមាគមអាស៊ានអំពីគោលការណ៍ណែនាំ ដែលត្រូវតែធ្វើតាមដើម្បីដោះស្រាយសកម្មភាពក្នុងសមុទ្រដែលមានជម្លោះ។
ស.រ.អា និងសមាជិកភាគច្រើននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សង្ស័យថាសកម្មភាពទាំងនេះរបស់រដ្ឋាភិបាលក្រុងប៉េកាំងមានគោលដៅកសាងកោះតូចៗនៅក្នុងដែនសមុទ្រ ដែលចិនអាចទាមទារថាជារបស់ផងខ្លួន។
លោក Wang បានផ្តល់សញ្ញាថា នៅពេលដែលប្រទេសចិនប្រុងប្រៀបធ្វើការចរចា ខ្លួននឹងមិនបញ្ឈប់ការកសាងទាំងនេះទេ ដែលលោកបានមានប្រសាសន៍ថា«ជាអ្វីមួយដែលឋិតពេញលេញនៅក្នុងទំហំនៃអធិបតេយ្យភាពនៃប្រទេសចិន»។
ប្រទេសចិនបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចាក់ដីលើតំបន់ផ្កាថ្ម ដើម្បីបង្កើតតំបន់មានផ្ទៃដីនៅក្នុងតំបន់ប្រជុំកោះ Spratly ដែលប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងកោះតៃវ៉ាន់ បានទាមទារផ្នែកខ្លះថាជារបស់ខ្លួន៕