នៅថ្ងៃសៅរ៍នេះ កងយន្តហោះចម្បាំងនៃក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើការវាយប្រហារអាកាសលើខេត្ត Saada នាប៉ែកពាយ័ព្យនៃប្រទេសយេម៉ែន។ ចំណែកនៅឯកន្លែងឯទៀតៗវិញ កងយន្តហោះចម្បាំងនៃក្រុមចម្រុះបានវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីក្នុងថ្ងៃទី៤៥ប្រឆាំងនឹងពួកឧទ្ទាម Houthi។
ស.រ.អា និងប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថ្ងៃចាប់ផ្តើមការឈប់បាញ់គ្នាខាងមនុស្សធម៌៥ថ្ងៃនៅថ្ងៃទី១២ខែឧសភានៅក្នុងប្រទេសយេម៉ែន ដែលនៅទីនោះក្រុមចម្រុះមួយដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត កំពុងធ្វើយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងពួកឧទ្ទាម Houthi ដែលកំពុងជម្រុលទៅមុខ។ ជម្លោះនេះបាននាំឲ្យមនុស្សរាប់ម៉ឺននាក់ក្នុងប្រទេសយេម៉ែនត្រូវការគ្រឿងផ្គត់ផ្គង់ជាមូលដ្ឋាន។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry និងលោកAdel Al Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានប្រកាសអំពីផែនការនេះនៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងប៉ារីស កាលពីថ្ងៃសុក្រ។ ការផ្អាកការប្រយុទ្ធគ្នាខាងមនុស្សធម៌នេះនឹងចូលជាធរមាននៅថ្ងៃអង្គារនៅម៉ោង១១យប់តាមពេលវេលានៃប្រទេសយេម៉ែន។
លោកKerry បានសុំដល់អង្គភាពទាំងអស់ដែលគាំទ្រពួកHouthis ឲ្យលើកទឹកចិត្តពួកឧទ្ទាមឲ្យទទួលយកការផ្អាកការប្រយុទ្ធគ្នានេះ។ ពួកឧទ្ទាមនិកាយ Shi'ite ទាំងនេះចងសម្ព័ន្ធភាពជាមួយអតីតប្រធានាធិបតីAli Abdullah Saleh ហើយគេមានជំនឿថាប្រទេសអ៊ីរ៉ង់បានគាំទ្រពួកឧទ្ទាមទាំងនេះដែរ៕