ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វេជ្ជបណ្ឌិត​​កេនយ៉ា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​បា្រក់ខែ​និង​សម្រួល​លក្ខខណ្ឌ​ការងារ


បុគ្គលិកពេទ្យតវ៉ាប្រឆាំងនឹងការស្លាប់របស់វេជ្ជបណ្ឌិតដែលបានស្លាប់ដោយកូវីដ១៩ ហើយដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ (AP)
បុគ្គលិកពេទ្យតវ៉ាប្រឆាំងនឹងការស្លាប់របស់វេជ្ជបណ្ឌិតដែលបានស្លាប់ដោយកូវីដ១៩ ហើយដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ (AP)

ក្រុមវេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​កេនយ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែ​ធ្នូ បាន​ចូលរួម​ជាមួយ​ក្រុមមន្ត្រី​គ្លីនិក​និង​គិលានុប្បដ្ឋាក​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស ដែល​ការណ៍​នេះ​ទំនង​ជា​នឹង​បង្ក​ការ​លំបាក​កាន់​តែ​ខ្លាំង​សម្រាប់​អ្នកជំងឺ​ក្នុង​ការ​ទទួល​បាន​ការព្យាបាល។ ក្រុមវេជ្ជបណ្ឌិត​បាន​ធ្វើ​កូដកម្ម​បន្ទាប់​ពី​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​តំឡើង​ប្រាក់ខែ​និង​ឧបករណ៍​ការពារ​វ៉ីរុស​កូរ៉ូណា​ត្រូវ​បរាជ័យ។

មណ្ឌល​សុខភាព​នានា​ក្នុង​ប្រទេស​កេនយ៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​បន្ទាប់​ពី​ក្រុម​វេជ្ជបណ្ឌិត​និង​មន្ត្រី​បម្រើការ​ខាង​សុខាភិបាល​ផ្សេងៗ​ទៀត​ទាមទារ​តំឡើង​ប្រាក់ខែ​ធានា​រ៉ាប់រង​សុខភាព​និង​ឧបករណ៍​ការពារ​ដើម្បី​ជួយ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណា។

លោក Chibanzi Mwachonda គឺ​ជា​អគ្គលេខាធិការ​នៃសហជីព​ក្រុម​អ្នក​វេជ្ជសាស្រ្ត​ឱសថសាស្រ្ត​និង​ទន្តសាស្រ្ត​នៃ​ប្រទេស​កេនយ៉ា។ កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ កន្លង​ទៅ លោក​បាន​ចូលរួម​ពិធីបុណ្យ​សព​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ ដោយ​ពេល​នោះ​លោក​បាន​និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ស្រុក​ថា​រដ្ឋាភិបាល​មិន​ទាន់​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ពួកគេ​នៅ​ឡើយ​ទេ។

លោក Mwachonda បាន​ថ្លែង​ថា៖ «ក្រុមវេជ្ជបណ្ឌិត​នៅ​ទូទាំង​ប្រទេស​មិន​អាច​រង់ចាំ​តទៅ​ទៀត​បាន​ទេ។ យើង​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ​ទេ។ យើង​នឹង​មិន​ធ្វើ​ការ​ទេ​បើ​គ្មាន​ធានា​រ៉ាប់រង​សម្រាប់​ព្យាបាល​ពួកយើង​ធានា​រ៉ាប់រង​សង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ដែល​វេជ្ជបណ្ឌិត​ភាគច្រើន​មាន និង​ធានារ៉ាប់រង​ការងារ​នោះ។ វា​គ្មាន​ប្រយោជន៍​ទេ​ដែល​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ហើយ​មិន​យក​ពួកគេ​មក​បម្រើ​ការងារ​នោះ។ ដូច្នេះ​សហជីព​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​នេះ​ហើយ​យើង​នឹង​នៅ​តែ​ធ្វើ​កូដកម្ម​មិន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។ បន្ទាប់​ពី​នេះ​យើង​សង្ឃឹម​ថា​នៅ​ថ្ងៃ​ស្អែកយើង​នឹង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះ»។

យោង​តាម​ក្រុមមន្រ្តី​វេជ្ជបណ្ឌិត​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​សមាជិក​ទី១៣​នៃ​សហជីព​ដែល​បាន​ស្លាប់​ដោយ​កូវីដ១៩។

កូដកម្ម​ដំបូង​ឡើង​គ្រោងចាប់ផ្តើម​តាំង​ពី​ពីរ​សប្តាហ៍​មុន​ប៉ុន្តែ​សហជីព​បាន​ពន្យារ​ពេល បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល ដែល​បាន​ជំរុញ​ឲ្យ​មាន​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ចរចា។

សហជីព​វេជ្ជបណ្ឌិត​និង​ទន្តពេទ្យ​បាន​ចូលរួម​ជាមួយ​មន្រ្តី​គ្លីនិក​និង​ក្រុម​គិលានុប្បដ្ឋាក​ដែល​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​កាល​ពី​ពីរ​សប្តាហ៍​មុន។

ក្រសួង​សុខាភិបាល​បាន​គំរាម​បណ្តេញ​បុគ្គលិក​សុខាភិបាល​ចេញ​ពី​ការងារ ប្រសិន​បើ​នៅ​បន្ត​ធ្វើ​កូដកម្ម។

លោក Wycliffe Oparanya គឺ​ជា​អភិបាល​ស្រុក Kakamega និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ស្រុក។ លោក​បាន​និយាយ​ថា​វា​មិន​យុត្តិធម៌​ទេ​ដែល​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​កូដកម្ម​នៅ​អំឡុងពេល​ការរាតត្បាត​ដូច្នេះ​ហើយ​ថា​នឹង​មាន​វិធានការ​សមរម្យ​ដើម្បី​ប្រឆាំង​នឹង​គ្រូពេទ្យ​ដែល​ធ្វើ​កូដកម្ម​ទាំងនេះ។

លោក Oparanya បាន​ថ្លែង​ថា៖ «ប្រសិនបើ​ពួកគេ​នៅ​បន្ត​ធ្វើ​កូដកម្ម​យើង​នឹង​ចាត់​វិធានការ​ខ្លាំង​ប្រឆាំង​នឹង​ពួកគេ។ យើង​នឹង​បណ្តេញ​ពួកគេ​ចេញ​ពី​ការងារ។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ជ្រើសរើស​គិលានុប្បដ្ឋាក​ផ្សេង​ទៀត​ហើយ»។

លោក Mwachonda ថា​ដំណោះស្រាយ​តែមួយ​គត់​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​គឺ​លុះត្រា​តែ​រដ្ឋាភិបាល​ទទួល​យក​សំណើ​របស់​ពួកគេ។

លោក Mwachonda និយាយ​ថា៖ «មិន​ថា​មាន​ការ​គំរាម​កំហែង​ខ្លាំង​ប៉ុណ្ណា​យើង​នឹង​មិន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​នៅ​តែ​និយាយ​ដដែលៗ។ បញ្ជា​តុលាការ​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​ទាំង​នេះ​ទេ បញ្ជា​តុលាការ​នឹង​មិន​បញ្ឈប់​ការស្លាប់​របស់​គ្រូពេទ្យ​ទេ បញ្ជា​តុលាការ​នឹង​មិន​បញ្ឈប់​ការឆ្លង​ឬ​បន្ថយ​ការឆ្លង​ក្នុង​ចំណោម​ក្រុមវេជ្ជបណ្ឌិត​ទេ។ វា​ជា​ជីវិត​របស់​យើង​ហើយ​យើង​ត្រូវ​បាន​គេ​រុញ​ដល់​ចំណុច​ទាល់ច្រក​ហើយ។ យើង​បាន​ឲ្យ​ពេល​ពួកគេ​២១ថ្ងៃ​និង​បាន​ពន្យារ​ពេល​១៤ថ្ងៃ​ទៀត​សរុប​៣៥ថ្ងៃ​ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​លើ​សំណើ​ទាំង​នេះ»។

សហជីព​មន្រ្តី​គ្លីនិក​បាន​ចរចា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​កូដកម្ម​នេះ។

ប្រធាន​សហជីព លោក Peterson Wachira ​និយាយ​ថា​វា​គ្មាន​សុវត្ថិភាព​សម្រាប់​ពួកគេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ។

កាល​ពី​ឆ្នាំ២០១៧ កូដកម្មមួយ​របស់​ក្រុមវេជ្ជបណ្ឌិត​បាន​ធ្វើ​ឡើង​អស់​១០០​ថ្ងៃ​មុន​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG