ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធម្សិលមិញនេះ បានពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថ Pfizer និងក្រុមហ៊ុនផលិតឱសថដទៃទៀត ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀត សម្រាប់ចាក់ឲ្យពលរដ្ឋរបស់ខ្លួនឲ្យបានប្រមាណ៨៣% នៃចំនួនប្រជាជនសរុបទាំងអស់។ ម៉ាឡេស៊ីក៏កំពុងតែសិក្សាអំពីផែនការបង្កើតឃ្លាំងស្តុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងក្នុងប្រទេសរបស់ខ្លួន ដែលមានអាកាសធាតុក្ដៅនោះ។
ប្រទេសម៉ាឡេស៊ីដែលស្ថិតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្លួនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងចំនួនគ្រប់គ្រាន់ សម្រាប់ចាក់ឲ្យពលរដ្ឋប្រមាណចំនួន៤០% ក្នុងចំនួនពលរដ្ឋសរុបទាំងអស់៣២លាននាក់ ហើយបានសន្យាថា ខ្លួននឹងចំណាយទឹកប្រាក់ចំនួន ៥០០ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។ រដ្ឋាភិបាលម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១២ លាន ៨ សែនដូសពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech របស់សហរដ្ឋអាមេរិក ហើយខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចរចា ដើម្បីទិញវ៉ាក់សាំងបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្ររបស់ម៉ាឡេស៊ីលោក Khairy Jamaluddin បានលើកឡើងថា ប្រទេសម៉ាឡេស៊ីក៏កំពុងស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយលើការទិញវ៉ាក់សាំងចំនួន ២៣ លាន ៩ សែនដូស ពីក្រុមហ៊ុនឱសថចិនSinovac Biotech Ltd និងក្រុមហ៊ុន CanSino Biologics និងពីវិទ្យាស្ថានGamaleya របស់រុស្ស៊ី ដែលផលិតវ៉ាក់សាំង Sputnik V ផងដែរ៕