រដ្ឋមន្រ្តីផ្នែកដឹកជញ្ជូនដែលត្រៀមនឹងចូលកាន់តំណែងនៅកេនយ៉ានិយាយថា កេនយ៉ាមិនអាចបន្តបង់ប្រាក់កម្ចីពីចិនក្រោមលក្ខខណ្ឌនាពេលបច្ចុប្បន្ននោះទេ។
ឆ្លើយតបនឹងសំណួរពីគណៈកម្មាធិការសភា លោក Kipchumba Murkomen បាននិយាយថា កេនយ៉ានឹងត្រូវសុំពន្យាររយៈពេលបង់ប្រាក់ ជាពិសេសពាក់ព័ន្ធនឹងកម្ចី ដែលត្រូវបានប្រើដើម្បីសាងសង់ផ្លូវដែក Standard Gauge Railway (SGR)។
លោក Murkomen ថ្លែងថា៖ «មានសេចក្តីសម្រេចជាយុទ្ធសាស្រ្តដែលត្រូវបានធ្វើឡើងកាលពីគ្រានោះ ដែលយើងបានធ្វើដើម្បីវិនិយោគនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយរដ្ឋាភិបាលកេនយ៉ានឹងបង់ត្រឡប់សងទៅវិញក្នុងរយៈពេល ១៥ ទៅ២០ឆ្នាំ។ ឥឡូវនេះ យើងកំពុងជួបបញ្ហាជាមួយកម្ចីជាច្រើន ដោយសារយើងត្រូវបង់ប្រាក់ ៨០លានដុល្លារជារៀងរាល់ឆ្នាំទៅកាន់ម្ចាស់កម្ចីចំពោះគម្រោងផ្លូវដែក SGR។ យើងមានទំនោរបន្តបង់តាមទំហំប្រាក់កំណត់ឡើង ប៉ុន្តែយើងក៏ត្រូវមានឆន្ទៈក្នុងចរចាឡើងវិញលើរយៈពេលកម្ចី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ថាតើយើងអាចពន្យារបន្ថែមរយៈពេលបង់កម្ចីយ៉ាងហោចណាស់ដល់ ៥០ឆ្នាំឬទេ»។
កេនយ៉ាបានខ្ចីប្រាក់ ៥ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវដែកពីកំពង់ផែ Mombasa ទៅកាន់ក្រុង Naivasha ភាគខាងលិចរដ្ឋធានីណៃរ៉ូប៊ី។
គម្រោងផ្លូវដែកនេះបានបើកដំណើរការកាលពីឆ្នាំ ២០១៧ ហើយរដ្ឋាភិបាលបានបង្ខំឱ្យអាជីវកម្មផ្សេងៗ ដឹកទំនិញតាមផ្លូវដែក ដើម្បីជួយជ្រោមជ្រែងក្នុងការសងប្រាក់កម្ចី។
យ៉ាងណាក្តី គម្រោងផ្លូវដែកនេះបានខាតបង់ថវិកា។
លោក Murkomen បានថ្លែងថា៖ «យើងលែងមានលទ្ធភាពបង់កម្ចីបានតាមរយៈចំណូលពីផ្លូវដែក។ ហើយទោះបីនៅក្នុងរយៈពេល ៥០ឆ្នាំក៏ដោយ ការទូទាត់ដាច់កម្ចីនៅមិនអាចធ្វើបានដាច់ស្រាច់នោះទេ ប្រសិនបើយើងបន្តបង់កម្ចីលើផ្លូវដែកដូចពេលឥឡូវនេះ»។
រដ្ឋាភិបាលអាណត្តិមុននៅកេនយ៉ាត្រូវបានចោទប្រកាន់ពីការខ្ចីលុយច្រើនជ្រុលដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលការណ៍នេះក៏បានជំរុញឱ្យអំពើពុករលួយកើនឡើងផងដែរ។ ចិនក៏បានផ្តល់ហិរញ្ញប្បទានដើម្បីសាង់សង់ផ្លូវល្បឿនលឿនចម្ងាយ ២៧គីឡូម៉ែត្រនៅក្រុងណៃរ៉ូប៊ី ដែលបានចំណាយទឹកប្រាក់អស់ ៧៣៤លានដុល្លារ។
ភាគច្រើននៃកិច្ចព្រមព្រៀងផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់កេនយ៉ាជាមួយចិនគឺមានប្រកបដោយភាពសម្ងាត់។ កិច្ចព្រមព្រៀងដែលនាំឱ្យមានការសាងសង់ផ្លូវដែកថ្មី នៅតែជារឿងសម្ងាត់ ទោះបីជាមានបទបញ្ជាពីតុលាការ ដែលទាមទារឱ្យមានការបង្ហាញជាសាធារណៈក៏ដោយ។
លោក Murkomen បាននិយាយថា លោកនឹងស្នើសុំកិច្ចព្រមព្រៀងនោះ និងចែករំលែកជាមួយនឹងសភា។
អ្នកសេដ្ឋកិច្ចនៅកេនយ៉ាលោក Gerrishon Ikiara លើកឡើងថា ការប្រើប្រាស់ថវិកាខុស និងអំពើពុករលួយគឺជាកត្តាគួរស្តីបន្ទោស ចំពោះបញ្ហាបំណុលរបស់កេនយ៉ា។
លោកបានថ្លែងថា៖ «យើងមិនបានអនុញ្ញាតឱ្យប្រើថវិកាកម្ចីត្រឹមតែលើគម្រោងនេះប៉ុណ្ណោះទេ។ ប៉ុន្តែពេលខ្លះ នៅកេនយ៉ា មានអំពើពុករលួយច្រើននៅតាមគម្រោងផ្សេងៗ ពីព្រោះប្រសិនបើអ្នកអាចប្រើប្រាស់ថវិកាដែលត្រូវបានវាយតម្លៃត្រឹមត្រូវ នោះនឹងមានការប្រកួតប្រជែងត្រឹមត្រូវក្នុងការដេញថ្លៃសម្រាប់គម្រោងផ្សេងៗ។ ខ្ញុំគិតថា យើងអាចសាងសង់ផ្លូវបានប្រវែងច្រើនគីឡូម៉ែត្រជាងនេះ។ ប៉ុន្តែកំហុសនេះបានធ្វើរួចទៅហើយ។ អំពើពុករលួយញាំញីបានជះផលអាក្រក់ទៅលើការចំណាយពេញលេញនៃគម្រោងផ្សេងៗនៅក្នុងប្រទេស»។
លោក Ikiara ក៏បាននិយាយថា ទំនាក់ទំនងល្អរបស់កេនយ៉ាជាមួយចិនប្រហែលនាំឱ្យមានកម្មវិធីបង់បំណុលប្រកបដោយចីរភាពជាងនេះ។
លោកថ្លែងថា៖ «ប្រទេសដែលមានចំណងមិត្តភាពល្អនឹងគ្នាតែងធ្វើការចរចារវាងគ្នា។ ពីព្រោះចិនប្រហែលមានបញ្ហាផ្ទាល់របស់ពួកគេ ប្រហែលពួកគេក៏បានខ្ចីថវិកាផងដែរ ដូច្នេះចិនក៏កំពុងសម្លឹងមើលទៅសេដ្ឋកិច្ចរបស់ខ្លួន និងថ្លឹងថ្លែងពីសមត្ថភាពក្នុងការកែសម្រួលលក្ខខណ្ឌតាមការចង់បានរបស់កេនយ៉ា។ នេះជាហេតុផលដែលថា ទំនាក់ទំនងល្អជារឿងសំខាន់»។
ចិនរ៉ាប់រងមួយភាគបីនៃបំណុលបរទេសរបស់កេនយ៉ា។ រដ្ឋាភិបាលកេនយ៉ាថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក William Ruto បាននិយាយថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែកលើកម្ចីបរទេស និងធ្វើការខ្ចីថវិកាច្រើនជាងមុនពីទីផ្សារក្នុងស្រុក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា