ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ឈាន​មុខ​នៅ​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​នៅ​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ លោក​នាយ​ឧត្តមសេនីយ៍ Stephen Townsend មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក (ស្តាំ) ជាមួយ​ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាមេរិក មក​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយ​ឧត្តមសេនីយ៍ Stephen Townsend មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក (ស្តាំ) ជាមួយ​ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាមេរិក មក​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama បាន​កំណត់​យុទ្ធសាស្ត្រ «ងាក​ឆ្ពោះ» ទៅ​រក​ទ្វីប​អាហ្វ្រិក រី​ឯ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ឡើង​កាន់​តំណែង​បន្ទាប់​ពី​លោក​វិញ​បាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​នេះ។ ចំណែក​ឯ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ពេល​បច្ចុប្បន្ន​កំពុង​មមាញឹក​ជាប់​ដៃ​ជាមួយ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ និង​រឿង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

ប៉ុន្តែ​នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​វិមាន​សភា​កាលពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក​បាន​ចង្អុល​បង្ហាញ​ថា ភាព​លុប​លើ​របស់​ចិន​នៅ​ក្នុង​តំបន់​គឺ​សំខាន់​សម្រាប់​សន្តិសុខ​និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ លោក​បាន​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ទ្វីប​អាហ្វ្រិក នោះ​សហរដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ហានិភ័យ។

លោក​នាយ​ឧត្តមសេនីយ៍ Stephen Townsend មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក បាន​បញ្ជាក់​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​ប្រាក់​បម្រុង​ទុក​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ថា៖ «ការ​វិនិយោគ​ដ៏​ខ្លាំងក្លា​របស់​ចិន​នៅ​ទ្វីប​អាហ្វ្រិក​ក្នុង​នាម​ជា «ទ្វីប​ទី​ពីរ» របស់​ខ្លួន និង​ការ​បន្ត​បែប​បង្ខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ផ្ដួចផ្ដើម «ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម» របស់​ខ្លួន កំពុង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ចិន ជួយ​ឱ្យ​ចិន​វ៉ា​ផ្ដាច់​សហរដ្ឋ​អាមេរិក និង​អនុញ្ញាត​ឲ្យ​ចិន​អាច​កេង​ចំណេញ​ពី​ឱកាស​នានា​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

លោក Townsend ធ្លាប់​បាន​បញ្ជាក់​ដូច្នេះ​រួច​មក​ហើយ​កាលពី​ខែ​មីនា​ជូន​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

ការ​លើកឡើង​របស់​លោក Townsend នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​មាន​ការ​កើន​ឡើង​នូវ​ផ្នែក​ការទូត​របស់​ចិន​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ឆ្នាំ​នេះ បាន​ជួប​ជាមួយ​នឹង​សមភាគី​របស់​លោក​ចំនួន ៧ រូប​កាលពី​ខែ​មីនា។

កាលពី​ខែ​មីនា​ផងដែរ​នោះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​សន្ទនា​តាម​ទូរស័ព្ទ «ប្រកប​ដោយ​ផ្លែផ្កា» ជាមួយ​នឹង​លោក Cyril Ramaphosa មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។

គេ​ឃើញ​មាន​ការ​សង្ស័យ​ដែល​ថា​ប្រទេស​ចិន​ប្រហែល​ជា​ព្យាយាម​បង្កើន​ការ​គាំទ្រ​សម្រាប់​គោល​ជំហរ​របស់​ខ្លួន​លើ​វិបត្តិ​អ៊ុយក្រែន។

លោក Townsend បាន​កត់​សម្គាល់​ថា៖ «ដៃគូ​របស់​យើង​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ពិចារណា​លើ​ជម្រើស​នៅ​ក្នុង​ការ​ពង្រឹង​សហរដ្ឋ​អាមេរិក​និង​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​ដែល​បើក​ចំហ​ដឹកនាំ​ដោយ​សម្ព័ន្ធមិត្ត​និង​ផ្អែក​លើ​ច្បាប់ ឬ​ក៏​បង្អោន​ទៅ​តាម​យុទ្ធនាការ​ដាក់​សម្ពាធ​ដោយ​អំណាច​ខ្លាំងក្លា​នៃ​គូ​ប្រជែង​នានា​នៅ​លើ​ពិភពលោក»។

អ្នកស្រី Deborah Brautigam ប្រធាន​គម្រោង​ផ្ដួចផ្ដើម​ស្រាវជ្រាវ​ចិន​អាហ្វ្រិក​នៃ​សាកលវិទ្យាល័យ Johns Hopkins បាន​ប្រាប់ VOA ថា ប្រទេស​ចិន​កំពុង​ព្យាយាម​បង្កើត​នូវ​សម្ព័ន្ធភាព «មិន​ចូល​បក្ស​សម្ព័ន្ធ» ដោយសារតែ «រដ្ឋាភិបាល​ចិន​មិន​ចង់​ឲ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន​ក្លាយជា​សង្គ្រាម​ត្រជាក់​ថ្មី​ដែល​ប្រទេស​នានា​ត្រូវ​បង្ខំ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី»។

ប៉ុន្តែ​ចំណាប់​អារម្មណ៍​របស់​ចិន​លើ​ទ្វីប​អាហ្វ្រិក​គឺ​មាន​ជា​យូរ​មក​ហើយ​មុន​ពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់ផ្ដើម​ទៅ​ទៀត។

លោក Townsend បាន​បញ្ជាក់​ថា ទ្វីប​អាហ្វ្រិក​គឺជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​លោហធាតុ​ផែនដី​កម្រ​នានា​ដែល​ប្រើ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ​ដៃ រថយន្ត​ប្រភេទ hybrid និង​ប្រព័ន្ធ​បញ្ជា​មីស៊ីល។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «អ្នក​ឈ្នះ​និង​អ្នក​ចាញ់​នៅ​ក្នុង​សេដ្ឋកិច្ច​សាកលលោក​នៅ​សតវត្សរ៍​ទី ២១ នេះ​គឺ​អាស្រ័យ​លើ​ថា​តើ​ធនធាន​ទាំង​នេះ​មាន​នៅ​លើ​ទីផ្សារ​បើក​ចំហ​និង​មាន​តម្លាភាព​កម្រិត​ណា ឬ​ក៏​ថា​តើ​គេ​អាច​ទទួល​បាន​ធនធាន​ទាំង​នេះ​ដែរ​ឬ​ក៏​អត់​ដោយសារតែ​ការ​អនុវត្ត​បែប​ជញ្ជក់​ឈាម​របស់​គូ​ប្រជែង​នានា»។

តើ​មូលដ្ឋាន​ទ័ព​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​គឺជា​ការ​ព្រួយ​បារម្ភ​មែន​ឬ?

ទ្វីប​អាហ្វ្រិក​ក៏​ជា​ទីតាំង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​សំខាន់​មួយ​ផងដែរ។ លោក Townsend បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ប្រទេស​ចិន ដែល​មាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​មាត់​សមុទ្រ​ក្រហម​ក្នុង​ប្រទេស​ជីប៊ូទី​រួច​ទៅ​ហើយ​នោះ កំពុង​ស្វែងរក​បង្កើត​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​មួយ​ទៀត​នៅ​មាត់​មហា​សមុទ្រ​អាត្លង់ទិក។

លោក​បាន​និយាយ​ថា ករណី​នេះ «ជា​ការពិត​នឹង​ស្ទើរតែ​តម្រូវ​ឱ្យ​ក្រសួង [ការពារ​ជាតិ​សហរដ្ឋ​អាមេរិក] ពិចារណា​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​កងទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក និង​បង្ក​នូវ​ហានិភ័យ​កើនឡើង​ចំពោះ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​សមត្ថភាព​ចាត់​វិធានការ​របស់​សហរដ្ឋ​អាមេរិក»។

អ្នកស្រី Brautigam បាន​និយាយ​ថា អ្នកស្រី​សង្ស័យ​ថា​វា​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​ចិន​នៅ​ក្នុង​ការ «បង្កើត​ជំហរ​គំរាមកំហែង​នៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិក»។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ដោយសារ​មាន​អំពើ​ភេរវកម្ម​និង​អស្ថិរភាព​ជា​បន្ត​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាមេរូន និង​ផ្នែក​ផ្សេង​ទៀត​នៃ​ឈូង​សមុទ្រ​ហ្គីណេ តំបន់​នោះ​បាន​ក្លាយជា​ចំណុច​ក្ដៅ​នៃ​ចោរកម្ម​តាម​សមុទ្រ​នៅ​លើ​ពិភពលោក»។

អ្នកស្រី​បាន​បន្ថែម​ថា សម្រាប់​ប្រទេស​ចិន​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក «នេះ​គឺ​ជា​មូលហេតុ​គ្រប់គ្រាន់​សម្រាប់​ការ​មាន​នូវ​មូលដ្ឋាន​ជួរមុខ​មួយ​ដើម្បី​ការពារ​ពលរដ្ឋ​ចិន​និង​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន​នៅ​ឈូង​សមុទ្រ​ហ្គីណេ»។

អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ខែ​មករា​នៅ​ក្នុង​កាសែត Global Times ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន ហាក់​ដូចជា​គាំទ្រ​គំនិត​នេះ ដោយ​អត្ថបទ​នោះ​បាន​កត់​សម្គាល់​ថា បើ​ប្រៀបធៀប​ទៅ​នឹង​មូលដ្ឋាន​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ចំនួន​រាប់រយ​នៅ​ជុំវិញ​ពិភពលោក ប្រទេស​ចិន​មានតែ​មូលដ្ឋាន​ទ័ព​មួយ​ប៉ុណ្ណោះ ហើយ​តម្រូវការ​របស់​ចិន​នៅ​ក្នុង​ការ​មាន​មូលដ្ឋាន​ទ័ព​នេះ​បន្ថែម​ទៀត​គឺ​ដើម្បី «ធានា​នូវ​សន្តិសុខ​និង​ផល​ប្រយោជន៍ [របស់​ចិន] នៅ​មូលដ្ឋាន»។

អត្ថបទ​បញ្ចេញ​មតិ​មួយ​ទៀត​នៅ​ក្នុង​កាសែត Global Times នោះ​ផងដែរ​បាន​ទទូច​ថា៖ «ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​បំផុត​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​មូលដ្ឋាន​យោធា​នៅ​បរទេស ដោយសារតែ​ចិន​មិន​មាន​បំណង​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​នៅ​លើ​ពិភពលោក​ដើម្បី​គាំទ្រ​ដល់​ការ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​នៃ​មហា​អំណាច​ធំៗ​នានា​នោះឡើយ»។

អត្ថបទ​នោះ​បាន​លើកឡើង​ទៀត​ថា៖ «ទោះជា​យ៉ាង​ណា​ក៏ដោយ ដោយសារតែ​ផល​ប្រយោជន៍​របស់​ចិន​នៅ​បរទេស​នៅ​បន្ត​ពង្រីក​ទៅ​មុខ គេ​នឹង​ឃើញ​មាន​តម្រូវការ​កើនឡើង​សម្រាប់​កងទ័ព​ជើង​ទឹក​ចិន​នៅ​ក្នុង​ការ​ការពារ​ប្រយោជន៍​ជាតិ​នៅ​តាម​តំបន់​ឆ្ងាយៗ​នានា ហើយ​ដោយ​ចៀស​មិន​រួច​ចាំបាច់​ត្រូវ​មាន​មូលដ្ឋាន​នៅ​តាម​ដែន​ទឹក​នៅ​តំបន់​ឆ្ងាយៗ​ពី​ប្រទេស​ចិន»។

បើ​ទោះបីជា​ប្រទេស​ចិន​មិន​សូវ​ផ្ដោត​សំខាន់​លើ​មហិច្ឆតា​នៅ​ក្នុង​ការ​កសាង​មូលដ្ឋាន​កងទ័ព​ណា​មួយ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​ក៏ដោយ ក៏​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ថា៖ «គេ​យល់​ជា​ទូទៅ​ថា ចិន​កំពុង​ធ្វើ​ការ​ដើម្បី​បង្កើត​នូវ​បណ្ដាញ​មូលដ្ឋាន​យោធា។...ជំហាន​ដែល​អាច​ទៅ​រួច​ពិត​ប្រាកដ​ណា​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នៃ​ការ​បង្កើត​មូលដ្ឋាន​កងទ័ព​របស់​ចិន​នឹង​បង្ក​ជា​ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​សម្រាប់​សហរដ្ឋ​អាមេរិក»។

ការ​ចោទ​ប្រកាន់​រឿង​អន្ទាក់​បំណុល

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ទ្វីប​អាហ្វ្រិក ក្រុម​បស្ចិម​ប្រទេស​តែងតែ​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បាន​ផ្ដល់​កម្ចី​បែប «អន្ទាក់​បំណុល» ឱ្យ​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក និង​ថា​កំពុង​ធ្វើការ​ជាមួយ​នឹង​មេដឹកនាំ​ដែល​មិន​សូវ​មាន​កិត្តិយស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បម្រើ​រដ្ឋាភិបាល​ចិន​ដូចជា​សារព័ត៌មាន Global Times និង​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ជាដើម បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំងនោះ ដោយ​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​បាន​តប​ថា៖ «ស្រប​ពេល​ដែល​ប្រទេស​ចិន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​សំណើ​ដែល​សក្ដិសម​នឹង​លទ្ធភាព​ចំណាយ​ទៅ​ឱ្យ​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ដើម្បី​ជួយ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ទប់ទល់​នឹង​ការ​ប្រឈម​នានា គេ​ឃើញ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ផ្ដល់​តែ​ជំនួយ​ដោយ​មាន​ភ្ជាប់​នឹង​លក្ខខណ្ឌ​នយោបាយ​តែ​ប៉ុណ្ណោះ»។

ជាង​នេះ​ទៀត នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​កាសែត The East African របស់​ប្រទេស​កេនយ៉ា លោក Xue Bing ដែល​ជា​ប្រសិត​ពិសេស​របស់​ប្រទេស​ចិន​សម្រាប់​តំបន់​ជ្រោយ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក (Horn of Africa) បាន​រិះគន់​ថា បញ្ហា​អស្ថិរភាព​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​គឺ​បណ្ដាល​មកពី​ការ​ជ្រៀតជ្រែក​របស់​ក្រុម​បស្ចិម​ប្រទេស។

លោក​បាន​បញ្ជាក់​ប្រាប់​កាសែត​នោះ​ថា៖ «រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​វិស្វករ​និង​និស្សិត​ទៅ [ទ្វីប​អាហ្វ្រិក]។ យើង​មិន​មែន​បញ្ជូន​សព្វាវុធ​ទៅ​នោះ​ទេ។ យើង​មិន​ដាក់​កំហិត​ឱ្យ​ប្រទេស​ដទៃ​ធ្វើ​តាម​ទស្សនៈ​របស់​យើង​ដោយ​សំអាង​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​ក៏​សិទ្ធិ​មនុស្ស​នោះ​ឡើយ»។

នៅ​ពេល​សួរ​ថា​តើ​ប្រទេស​ចិន​បាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​រួច​ហើយ​ឬ​នៅ​នៅ​ទ្វីប​អាហ្វ្រិក អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​មិន​ចង់​ដាក់​កំហិត​ភាព​ជា​ដៃគូ​របស់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​ប្រទេស​ផ្សេង​នោះ​ទេ។ សហរដ្ឋ​អាមេរិក​គឺ​គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​របស់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំងក្លា​ជាង​មុន»។

ប៉ុន្តែ អ្នកស្រី Brautigam បាន​និយាយ​ថា ក្រៅ​ពី​ជំនួយ​បរទេស ប្រទេស​ចិន​គឺជា​អ្នក​ដើរ​តួ​សេដ្ឋកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​ធំ​ជាង​សហរដ្ឋ​អាមេរិក​គ្រប់​ផ្នែក​ទាំងអស់។ អ្នកស្រី​បាន​បន្ថែម​ថា៖ «គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​បាន​ងាក​ឆ្ពោះ​ទៅ​រក​ទ្វីប​អាហ្វ្រិក​ហួសពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​ហើយ​ឬ​ក៏​យ៉ាង​ណា​នោះ»៕


ប្រែ​សម្រួល​ដោយលោក កោះ សុគន្ធី

XS
SM
MD
LG