អាជ្ញាធរប្រទេសកេនយ៉ា កំពុងធ្វើការលុបបំបាត់ត្រាក់កូមដែលជាជំងឺឆ្លងនាំឲ្យពិការភ្នែកនៅទ្វីបអាហ្វ្រិក។ ប្រជាពលរដ្ឋប្រមាណ៧លាននាក់នៅប្រទេសកេនយ៉ាប្រឈមនឹងហានិភ័យនៃជំងឺនេះ។
អ្នកស្រី Elizabeth Partoti អាយុជាង៧០ឆ្នាំ មានជំងឺត្រាក់កូម។ អ្នកស្រីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់មានជំងឺនេះ ក្នុងប្រទេសកេនយ៉ា ដែលធ្វើឲ្យព្រិលភ្នែក ឬមើលមិនឃើញ។
ក្រោយពីការវះកាត់ អ្នកស្រីបានមើលឃើញច្បាស់។
អ្នកស្រីនិយាយថា «ភ្នែករបស់ខ្ញុំបានរំខានខ្ញុំ ពីព្រោះខ្ញុំចាស់។ រោមភ្នែកតែងតែចូលភ្នែកខ្ញុំបណ្តាលឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់»។
ត្រាក់កូមជាជំងឺឆ្លង បង្កឡើងដោយបាក់តេរីដែលវាយប្រហារលើផ្ទៃខាងក្នុងនៃត្របកភ្នែក។
លោកវេជ្ជបណ្ឌិត Peter Ekwum ដែលវះកាត់ភ្នែកមានជំងឺនេះនៅស្រុក Kajiado មានប្រសាសន៍ថា ការងងឹតភ្នែកដោយសារជំងឺត្រាក់កូម អាចទប់ស្កាត់បាន បើព្យាបាលឱ្យបានទាន់ពេលវេលា។
ប្រជាជនប្រមាណ៧លាននាក់រស់នៅក្នុងសង្កាត់ចំនួន១២ នៅកណ្តាលប្រទេសកេនយ៉ាជា កន្លែងដែលជំងឺត្រាក់កូមរាលដាលខ្លាំងដោយសារអាកាសធាតុស្ងួត ហើយពួកគេរស់នៅបែបពនេចរ និងរស់នៅស្និទ្ធនឹងសត្វនៅទីនោះ។ មនុស្សប្រមាណ៥៣.០០០នាក់ បច្ចុប្បន្នកំពុងឆ្លងជំងឺនេះ៕