ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កេនយ៉ា​បដិសេធ​ថា ខ្លួន​មិន​បាន​ខកខាន​​ក្នុង​ការ​សង​បំណុល​ទៅ​ឱ្យ​ចិន​នោះ​ទេ


រូបឯកសារ៖ រថយន្តមួយបើកកាត់ក្រោមស្ពាន ខណៈរថភ្លើងមួយខ្សែកំពុងធ្វើដំណើរលើផ្លូវដែក Standard Gauge ដែលត្រូវបានសាងសង់ឡើងដោយថវិការបស់រដ្ឋាភិបាលចិន នៅទីក្រុង Athi River ប្រទេសកេនយ៉ា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ រថយន្តមួយបើកកាត់ក្រោមស្ពាន ខណៈរថភ្លើងមួយខ្សែកំពុងធ្វើដំណើរលើផ្លូវដែក Standard Gauge ដែលត្រូវបានសាងសង់ឡើងដោយថវិការបស់រដ្ឋាភិបាលចិន នៅទីក្រុង Athi River ប្រទេសកេនយ៉ា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។

បន្ទាប់​ពី​ខ្ចី​ប្រាក់​ពី​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​និង​កម្មវិធី​មួយ​ចំនួនរបស់រដ្ឋាភិបាល​មក​ មាន​ការ​លើកជា​សំណួរ​ឡើង​ថា ​តើ​ប្រទេស​កេនយ៉ា​អាច​សង​បំណុល​ទាំងនេះ​ទៅ​ដល់ប្រទេស​ចិនបាន​ដែរ​ឬ​ទេ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ១៤ ខែតុលា​កន្លង​ទៅ​ លោក Ukur Yatani រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កេនយ៉ា​បាន​ថ្លែង​ថា ប្រទេស​លោក​មិន​ដែល​ខកខានក្នុង​ការ​សង​បំណុល​ដល់​ម្ចាស់​បំណុល​របស់​ខ្លួននោះទេ។

លោក​រដ្ឋមន្ត្រីរូប​នេះបាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​សារព័ត៌មាន​ដែល​ថា​ ធនាគារ​ចិន​បាន​ពិន័យ​ប្រទេស​កេនយ៉ា​ក្នុង​ទឹកប្រាក់​ ១១ លាន​ដុល្លារ​អាមេរិក​ ចំពោះ​ការ​ខកខាន​ក្នុង​ការសង​បំណុល​ដែល​ខ្លួន​បាន​ខ្ចី​ដើម្បី​សាងសង់​គម្រោង​ផ្លូវ​រថភ្លើង​ស្តង់ដារ (Standard Gauge Railway) នោះ។

ប្រទេស​អាហ្វ្រិក​ខាង​កើត​មួយ​នេះ​បាន​ខ្ចី​ប្រាក់​ចំនួន ៤ ពាន់លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ខ្សែ​ផ្លូវ​រថភ្លើង​ពី​កំពង់ផែ​ Mombasa ទៅ​ទីក្រុង Naivasha ដែល​មាន​ប្រវែង​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​នៃ​ប្រទេស​នេះ។

លោក​ Samson Cherargei ជា​សមាជិក​ព្រឹទ្ធសភា​និង​ជា​សមាជិក​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​រួបរួម​ ដែល​កំពុង​កាន់​អំណច​នៅ​ក្នុង​ប្រទេស​កេនយ៉ា​បាន​ប្រាប់​ VOA ​ថា រដ្ឋាភិបាល​មាន​ជំហរ​រឹងមាំ​ដែល​អាច​សង​បំណុល​ដែល​មាន​ទឹកប្រាក់ ១០ លានលាន shillings ដែល​ជា​រូបិយវត្ថុ​កេនយ៉ា ឬ​ស្មើ​នឹង ៨២ ពាន់លាន​ដុល្លារ​អាមេរិក​បាន។​

លោកបាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿជាក់​ថា បំណុល​ចំនួន ១០ លានលាន​ shillings លុយកេនយ៉ា​ ដែល​សាធារណរដ្ឋ​កេនយ៉ា​ជំពាក់​ នៅ​តែ​មាន​ស្ថិរភាព​នៅ​ឡើយ​ទេ ហើយ​រដ្ឋាភិបាល​អាច​សង​បំណុល​នេះ​បាន ហើយ​ក្នុង​នាម​សភា យើង​បាន​ធានា​ថា​ យើង​ទទួល​បានរបាយការណ៍​បច្ចុប្បន្នភាព ​រយៈពេល​មធ្យម​ជា​ទៀងទាត់​ ពាក់ព័ន្ធ​នឹង​ការ​សងបំណុល​សាធារណៈ​របស់​រដ្ឋាភិបាល។ ដូច្នេះ​ ខ្ញុំ​ជឿជាក់​ខ្លាំង​ថា រដ្ឋាភិបាល​នឹង​អាច​សង​បំណុល​សាធារណៈ​នេះ​បាន»។

កាល​ពី​ខែមិថុនា​កន្លង​ទៅ​ សភា​ក្នុង​អាណត្តិ​មុន​បាន​បង្កើន​កម្រិត​បំណុល​សាធារណៈ​ ទៅ​ដល់ ៨៣ ពាន់លាន​ដុល្លារ​អាមេរិក ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ថ្មី​ ​ឱ្យ​ខ្ចី​ប្រាក់​បាន​កាន់​តែ​ច្រើន​ថែមទៀត​ ​ដើម្បី​ប្រតិបត្តិការ​កម្មវិធី​របស់​ខ្លួន។

លោក Samuel Nyandemo បង្រៀន​មុខវិជ្ជា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ណៃរ៉ូប៊ី។ លោក​និយាយថា កេនយ៉ា​មិន​អាច​មាន​ស្ថិរភាព​ដោយ​ខ្លួន​ឯង​ដោយ​មិន​ខ្ចី​ប្រាក់​ពី​ប្រភព​ខាងក្រៅនោះ​ឡើយ ប៉ុន្តែ​ត្រូវ​តែ​ប្រើប្រាស់​ប្រាក់​ដែល​ខ្លួន​ខ្ចី​ពី​ក្នុង​ស្រុកនិង​អន្តរជាតិ​នោះ​ឱ្យមាន​ប្រសិទ្ធភាព។

លោក​ថ្លែង​ដូ​នេះ​ថា៖ «ខ្ញុំ​គិត​ថា​ កេនយ៉ា​បាន​ដើរ​ដល់​ចំណុច​មួយ​ ​ដែល​មិន​អាច​មាន​ស្ថិរភាព​ដោយ​ខ្លួន​ឯង​ទេ។ អ្វី​ល្អ​បំផុត​ដែល​គេ​អាច​ធ្វើ​គឺ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់ ដោយ​ខ្ចី​ប្រាក់​តែ​នៅ​ពេល​ដែល​ចាំបាច់ ហើយទឹកប្រាក់​ដែល​បានខ្ចី ​ត្រូវ​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព»។

រដ្ឋាភិបាល​កេនយ៉ា​រង​ការ​ស្តីបន្ទោស​ចំពោះ​ការ​ខ្ចី​ប្រាក់​ហួស​កម្រិត​ក្នុង​អតីតកាល និង​វាយ​តម្លៃ​ជ្រុល​ទៅ​លើ​គម្រោង​សំខាន់ៗ​មួយ​ចំនួន ដែល​រុញ​ឱ្យ​ប្រទេស​នេះ ​ជាប់​បំណុល​យ៉ាង​ច្រើន​ដែល​ត្រូវ​សង​ទៅ​វិញ។

រូបឯកសារ៖ លោក William Ruto ប្រធានាធិបតីកេនយ៉ា ចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក William Ruto ប្រធានាធិបតីកេនយ៉ា ចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២។

លោក​ William Ruto ប្រធានាធិបតី​ថ្មីនៃ​ប្រទេស​កេនយ៉ា​ ស្នើ​ឱ្យមាន​ការកាត់បន្ថយ​កម្ចី​ប្រាក់ពី​បរទេស​ និង​ស្វែងរក​ជម្រើស​ផ្សេងៗ​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​រដ្ឋាភិបាល​នានា។

លោក Nyandemo​ និយាយ​ថា ក្រុម​មន្ត្រី​កេនយ៉ា​នឹង​ត្រូវ​ចរចា​ជាមួយ​ចិន និង​យល់ព្រម​លើ​វិធី​សង​បំណុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

លោកថ្លែង​បញ្ជាក់​ថា៖ «ប្រាក់​កម្ចី​ទាំង​នោះ​មាន​ចំនួន​ច្រើន​ណាស់។ ការ​ព្យាយាម​ទី១​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវធ្វើ​ គឺ​ចរចា​ឡើង​វិញ​លើ​លក្ខខណ្ឌ​សម្រាប់​ប្រាក់​កម្ចី​ទាំង​នោះ​ដែល​អាច​នឹង​មាន​ការ​លំបាក​បន្តិច។ ប្រាក់​កម្ចី​ភាគច្រើន​ជា​កម្ចី​ពាណិជ្ជកម្ម ហើយ​ប្រាក់​កម្ចី​ប្រភេទ​នេះ​តែងតែ​មាន​ការ​ប្រាក់​ខ្ពស់។ ខ្ញុំ​គិត​ថា​ វិធី​ល្អ​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​អាច​ធ្វើ​បាន ​គឺ​ស្នើសុំ​ប្រាក់​កម្ចី​សម្បទាន និង​កាត់បន្ថយ​ចំនួន​ដែល​ខ្លួន​បាន​ខ្ចី និង​ប្រើប្រាស់​វា​ឱ្យ​មាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ចំណាយ​សាធារណៈ»។

កាលពី​ខែ​មុន លោក Ruto បាន​បញ្ជា​ឱ្យ​រតនាគារ​ជាតិ​កាត់​បន្ថយ​ចំណាយ​រដ្ឋាភិបាល​ចំនួន​២ពាន់​៥រយលាន​ដុល្លារ​អាមេរិក។

អ្នកស្រី Sabina Chege ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង។ អ្នកស្រីលើក​ឡើង​ថា រដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​ប្រមូល​ប្រាក់​ចំណូលរបស់កេនយ៉ា​ ឬ KRA ត្រូវ​បង្កើន​ប្រាក់​ចំណូលតាមរយៈប្រមូល​ពន្ធដារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​ដើម។

អ្នកស្រី​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «រដ្ឋាភិបាល​របស់​លោក Kenyatta សង្កត់​ធ្ងន់​លើ​ការ​បង់​ពន្ធ ហើយ​បញ្ហា​ទី ២ ​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​ដើម្បី​អាច​មាន​ប្រាក់​សន្សំ​ច្រើន​ពី​រដ្ឋាភិបាល។ អ្វី​ដែល​យើង​កំពុង​ឃើញនៅ​ពេល​នេះជាមួយ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ថា អ្នក​ដែល​មាន​ទំនាក់ទំនង​នយោបាយ​ជាមួយ​នឹង​របប​សព្វ​ថ្ងៃ ឬ​ករណី​ពុករលួយ​បាន​រួច​ផុត​ពី​បទចោទប្រកាន់។ ក្រុម​មន្ត្រី​នៃ​អាជ្ញាធរ KRA កំពុង​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​តាមដាន​បុគ្គល​ណា​មួយ​ដោយសារ​ពួកគេ​មិន​ដឹង​ថា ពួកគេ​នឹង​ប៉ះពាល់​មនុស្ស​ខុស​ឬ​អត់​នោះ​ទេ។ ប៉ុន្តែ​ការ​បំពេញ​តួនាទី​បាន​ធ្លាក់​ចុះ»។

រដ្ឋាភិបាល​កេនយ៉ា​បង្គាប់​ឱ្យ​អាជ្ញាធរ​រក​ប្រាក់​ចំណូល​កេនយ៉ា ​ឱ្យ​ប្រមូល​ពន្ធ​ឱ្យ​បាន ២៥ ពាន់លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដើម្បីជួយ​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​នានារបស់​ប្រទេស​នេះ៕

XS
SM
MD
LG