ក្នុងសវនាការថ្ងៃទី៧ នៃការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង តំណាងអយ្យការបានយករូបថតបានមកពីទំព័រហ្វេសប៊ុក «កូនខ្មែរ» ដែលអះអាងថាជារូបថតកូនស្រីរបស់លោក កឹម សុខា ថតជាមួយអតីតប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ប្រចាំកម្ពុជាសួរទៅលោកកឹម សុខា ខណៈមេធាវីរបស់លោក កឹម សុខា បន្ថែមភស្តុតាងចំនួន១៦។
នៅថ្ងៃពុធនេះ គឺជាសប្តាហ៍ទី៤នៃសវនាការជំនុំជម្រះលោក កឹម សុខា ពីបទក្បត់ជាតិ។ ខណៈកំពុងមានការជជែកដេញដោល តំណាងអយ្យការមួយរូប គឺលោក វង្ស ប៊ុនវិសុទ្ធ បានចាប់ផ្តើមសួរលោក កឹម សុខា អំពីការបង្កើតគណបក្សសិទ្ធិមនុស្សនិងទំនាក់ទំនងកូនស្រីទាំងពីររបស់លោក កឹម សុខា ថាមានពាក់ព័ន្ធនឹងគណបក្សទេ។
លោក កឹម សុខា និយាយថា នៅពេលនោះ កូនស្រីរបស់លោកម្នាក់ជាប់រៀននិងម្នាក់ទៀតកំពុងធ្វើការមិនបានជួយលោកក្នុងការបង្កើតគណបក្សទេ។ លោក កឹម សុខា បន្ថែមថា លោកសុំមិនធ្វើអត្ថាធិប្បាយច្រើនពាក់ព័ន្ធនឹងកូន ដោយគ្រាន់តែបញ្ជាក់ថា៖ «កូនខ្ញុំអត់ពាក់ព័ន្ធនឹងខ្ញុំទេ»។
លោក វង្ស ប៊ុនវិសុទ្ធ បានបន្ថែមដោយលើកយករូបថតមួយសន្លឹកដោយអះអាងថាជារូបថតបានពីការបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «កូនខ្មែរ» ដោយបញ្ជាក់ថា ជារូបរបស់កូនស្រី លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថតជាមួយលោក Jackson Cox អតីតប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ប្រចាំកម្ពុជា។ លោកតំណាងអយ្យការសួរលោក កឹម សុខា ថា តើមានស្គាល់លោក Jackson Cox ទេ?
លោក វង្ស ប៊ុនវិសុទ្ធ សួរលោក កឹម សុខា បន្ថែមថា៖ «មើលរូបថតហើយ តើស្គាល់នរណាខ្លះ?»។
លោក កឹម សុខា បញ្ជាក់ដោយដំឡើងសំឡេងថា៖ «អសីលធម៌ណាស់ អគុណធម៌ណាស់ យករូបថតអង្គុយហូបបាយមកសួរ»។ លោកបន្តថា៖ «សុំសួរប្រភព បើប្រភពអនាមិកមិនច្បាស់ សុំមិនឆ្លើយ»។
លោក វង្ស ប៊ុនវិសុទ្ធ បានបន្ថែមថា ក្នុងទំព័រហ្វេសប៊ុក «កូនខ្មែរ» ដដែល បញ្ជាក់ថា គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ត្រូវបានជួយជ្រោមជ្រែងដោយលោក Jackson Cox ។
លោក កឹម សុខា មិនឆ្លើយសំណួរនេះដោយថាជាប្រភពអនាមិក ហើយលោកបានស្នើឲ្យចៅក្រមស្វែងរកប្រភពបញ្ជាក់ឲ្យច្បាស់។ ទោះបីជាយ៉ាងណាក៏ដោយ ចៅក្រមបញ្ជាក់ថា ភស្តុតាងនេះមានក្នុងសំណុំរឿង។
ក្រុមមេធាវីរបស់លោក កឹម សុខា អះអាងថា ភស្តុតាងដែលមានជារូបថតបង្ហាញដោយលោក វង្ស ប៊ុនវិសុទ្ធ នេះ ពួកគេមិនបានទទួលនោះទេ។ យ៉ាងណាក្តីចៅក្រមលោក កូយ សៅ សុំមិនបន្តវែកញែកច្រើន ដោយបញ្ជាក់ថា នឹងថតចម្លងជូនមេធាវីការពារក្តីលោក កឹម សុខា នៅថ្ងៃសវនាការបន្ទាប់។
ក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ តំណាងអយ្យការមួយរូបទៀត គឺលោក ប្លង់ សុផល ថាលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ធ្វើខុសច្បាប់ ដោយសារលោកបានហុចក្រដាសទៅមកជាមួយមេធាវីរបស់លោក កឹម សុខា។ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ថា លោក មុត ចន្ថា ជាជំនួយការផ្នែកច្បាប់របស់ពួកគេ ដូច្នេះពួកគេអាចទទួលបានការប្រាប់ពីមាត្រាច្បាប់ពីលោក មុត ចន្ថា។
យ៉ាងណាក្តី លោកចៅក្រម កូយ សៅ បានសម្រេចឲ្យលោក មុត ចន្ថា ប្តូរពីការអង្គុយកៅអីជាមួយសាធារណជន ទៅអង្គុយនៅខាងក្រោយមេធាវីវិញ។
ក្នុងសវនាការនារសៀលនេះ ចៅក្រមបានសម្រេចឲ្យក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ពន្យល់ពីភស្តុតាងថ្មីចំនួន១៦ ដែលពួកគេទើបដាក់កាលពីថ្ងៃអង្គារនេះ។ ភស្តុតាងនេះជាការដាក់បន្ថែមលើភស្តុតាងចំនួន៣៥ទៀត ដែលក្រុមមេធាវីបានដាក់កាលពីសប្តាហ៍មុន។
អ្នកស្រី ម៉េង សុភារី មេធាវីការពារលោក កឹម សុខា មួយរូបបញ្ជាក់ក្នុងសវនាការនោះថា ភស្តុតាងថ្មីចំនួន៨ គឺជាវីដេអូឃ្លីបដែលបង្ហាញពីការថ្លែងរបស់លោក កឹម សុខា នៅពេលលោកជាប្រធានគណបក្សសិទ្ធិមនុស្ស។ អ្នកស្រីថា វាជាការបង្ហាញពីការធ្វើនយោបាយរបស់លោក កឹម សុខា ដោយអហិង្សា ឆ្ពោះទៅរកការបោះឆ្នោតនិងមិនមានពាក់ព័ន្ធនឹងបរទេសណាក្នុងការបង្កើតគណបក្ស។
អ្នកស្រី ម៉េង សុភារី បន្ថែមថា ភស្តុតាងចំនួន៨ផ្សេងទៀតគឺជារូបថតដែលបង្ហាញពីជំនួបរវាងលោក កឹម សុខា និងលោក John Cavanaugh ដែលជាអតីតប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) រូបថតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជួបជាមួយលោក John Cavanaugh ដែរ ព្រមទាំងរូបថតនៃការធ្វើសិក្ខាសាលាជាមួយគណបក្សនយោបាយផ្សេងៗទៀត ដែលរៀបចំដោយអង្គការ IRI និងNDI។
ក្រោយការពន្យល់រៀបរាប់របស់មេធាវីលោក កឹម សុខា ពីការដាក់បន្ថែមភស្តុតាង តំណាងអយ្យការនិងមេធាវីតំណាងរដ្ឋាភិបាលបញ្ជាក់ថា ពួកគេមិនទាន់មានពេលដើម្បីពិនិត្យ ដូច្នេះសុំមិនទាន់បញ្ចេញយោបល់បែបណានៅឡើយ។
ក្រោយការជជែកដេញដោលទៅវិញទៅមករវាងភាគីពាក់ព័ន្ធ លោកចៅក្រម កូយ សៅ បានប្រកាសបិទសវនាការនៅម៉ោងប្រមាណជា៥រសៀល៕