ប្រមុខការទូតរបស់ប្រទេសប្រជាធិបតេយ្យប្រចាំកម្ពុជាចាប់ផ្តើមជួបសន្ទនាជាមួយលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង។ ជំនួបនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានជួបនិងមានកិច្ចសន្ទនាដ៏កម្រមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែឧសភានេះ ក្នុងពិធីបុណ្យសពរបស់លោកស្រី ប៊ុន ស៊ាងលី ដែលជាម្តាយក្មេករបស់លោកនាយករដ្ឋមន្រ្តី។
ចាប់តាំងពីថ្ងៃទី១១ ខែឧសភាមក លោក កឹម សុខា បានទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរបស់ប្រទេស និងសហគមន៍ប្រជាធិបតេយ្យធំៗចំនួនបួន រួមមានប្រទេសអាល្លឺម៉ង់ សហភាពអឺរ៉ុប បារាំង និងប្រទេសអូស្ត្រាលី។
លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា បានផ្តល់សេចក្តីសង្ខេបព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុកថា មានការពិភាក្សា «អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ១៩ និងអំពីស្ថានភាពអនាគតទៀត» ក្នុងជំនួបរបស់លោក កឹម សុខា ជាមួយលោកChristian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
លោក មុត ចន្ថា បញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បង្ហាញនូវការគាំទ្រចំពោះជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដោយចាត់ទុកថាជា «រឿងវិជ្ជមាន»។
ការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសង្គមកម្ពុជា និងជីវភាពរបស់ពលរដ្ឋខ្មែរ ក៏ត្រូវលើកយកមកពិភាក្សាផងដែរក្នុងជំនួបរបស់លោក កឹម សុខា ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។
លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបន្តយកចិត្តទុកដាក់លើដំណើរការកាត់ក្តីលោក កឹម សុខា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
លោកលើកឡើងជាថ្មីម្តងទៀតនូវការអំពាវនាវរបស់អូស្រ្តាលីឲ្យមាន «ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ តម្លាភាព និងឆាប់រហ័ស»។
វីអូអេ ព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីស្ថានទូតមួយចំនួន តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
ក្រុមអ្នកវិភាគនិងអ្នកជំនាញនយោបាយនៅប្រទេសកម្ពុជា និយាយថា អង្គទូតទាំងនោះ ទំនងជាចង់ដឹងពីជំហរនយោបាយរបស់លោក កឹម សុខា នៅក្រោយជំនួបជាមួយលោក ហ៊ុន សែន និងលទ្ធភាពនៃការស្រុះស្រួលនយោបាយ។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមួយរូប នៅក្នុងប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា បានថ្លែងប្រាប់វីអូអេ នៅថ្ងៃសុក្រនេះថា៖ «គាត់ចង់ដឹងអំពីគេហៅថា ជំនួបរបស់លោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការទៅបុណ្យសពម្តាយក្មេករបស់លោក ហ៊ុន សែន។ ទូតគេចង់បានព័ត៌មានដែរ ព្រោះឥស្សរជននយោបាយពីររូបហ្នឹង គាត់បានជជែកគ្នាច្រើនដល់អ៊ីចឹង គេចង់ដឹងការវិវត្ត ការប្រែប្រួលនៅក្នុងនយោបាយដែរ ទីមួយ»។
យ៉ាងណាក៏ដោយ លោកជឿថា ការជួបប្រាស្រ័យទាក់ទងរបស់ប្រមុខការទូតជាមួយលោក កឹម សុខា នឹងមិនអាចជួយពន្លឿនការសម្រុះសម្រួលខាងនយោបាយរវាងគណបក្សដឹកនាំប្រទេស និងគណបក្សប្រឆាំងនេះបានទេ។ លោកអះអាងថា មានតែសម្ពាធអន្តរជាតិតែប៉ុណ្ណោះ ដែលអាចរុញច្រានឲ្យអ្នកនយោបាយនៅកម្ពុជា ងាកមករកតុចរចា នៅមុនការបោះឆ្នោតនានា ដែលនឹងរៀបចំឡើងនៅឆ្នាំ ២០២២ និង ២០២៣។
លោក ឯម សុវណ្ណារ៉ា ឲ្យដឹងទៀតថា នៅពេលនេះសំឡេងអ្នកជំទាស់ហាក់ដូចជាមិនមានឥទ្ធិពល ដែលអាចបង្ខំឲ្យភាគីគណបក្សកាន់អំណាចមកតថ្លៃនយោបាយទេ ដោយសារលោក កឹម សុខា និងក្រុមមេដឹកនាំកំពូលៗ និងមន្ត្រីសំខាន់ៗរបស់គណបក្សប្រឆាំងដទៃទៀត បានបាត់សិទ្ធិធ្វើនយោបាយ ហើយសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសពីភាគីសហរដ្ឋអាមេរិក ក៏នៅមិនត្រូវបានគេរំពឹងថា អាចកើតមានឆាប់ៗនោះដែរ។
«គន្លឹះសំខាន់បច្ចុប្បន្ន វានៅលើគណបក្សកាន់អំណាចជាង។ លោក កឹម សុខា ហាក់ដូចជាឃ្លាតឆ្ងាយពីយន្តការនៃការចរចាហ្នឹងខ្លាំងហើយ។ កិច្ចការសំខាន់គឺកូនសោនៅលើគណបក្សកាន់អំណាច គឺនៅលើលោកនាយករដ្ឋមន្ត្រីខ្លាំងជាង បាទ។ ប្រសិនបើលោកនាយករដ្ឋមន្ត្រីហ្នឹងចរចា ឬក៏មានកិច្ចព្រមព្រៀងគ្នាជាមួយសហគមន៍អន្តរជាតិ អ្វីៗអាចដោះស្រាយលឿនជាង ជាងអ្វីដែលលោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រីជជែកបាទ»។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា យល់ថា សម្ពាធពីសហគមន៍អន្តរជាតិគឺគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ ក្នុងការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ អ្វីដែលសំខាន់នោះគឺភាគីនយោបាយទាំងសងខាង ពោលគឺគណបក្សប្រឆាំង និងគណបក្សកាន់អំណាចត្រូវបន្ទន់ជំហររៀងខ្លួន ដើម្បីងាកមកច្រកទម្លុះផ្លូវទ័លខាងនយោបាយ។
លោក កន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការ Comfrel ដែលធ្វើការលើកកម្ពស់តម្លាភាពក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា មានប្រសាសន៍ថា៖ «វាជារឿងមួយផ្សេងទៀត។ សំខាន់ជាងគេ មកដល់ពេលនេះ ថា តើច្រកហ្នឹងវាទៅបែបណា? នែ មើលទៅ ខ្ញុំមើលទៅឃើញច្រកហ្នឹងសុទ្ធតែរឿងកល់រៀងខ្លួន។ បើសិនជាអ្នកទាំងអស់ហ្នឹង មិនព្រមដកថយ បន្តិចម្នាក់ទេ ឬមួយក៏ការដំណោះស្រាយនយោបាយហ្នឹង[មិនព្រម]ឲ្យដាក់ចុះក្នុងការជជែកគ្នារកផ្លូវមួយ ដែលអាចថយបន្តិចម្នាក់នោះណា៎ វាអត់អាចទៅរួចទេ»។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ប៉ុន្តែទាំងលោក កឹម សុខា និងស.រ.អា.បានបដិសេធការចោទនេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការជួបសន្ទនារវាងលោកកឹម សុខា និងទូតប្រចាំកម្ពុជា នឹងមិនអាចឲ្យលោក កឹម សុខា រួចផុតពីការជំនុំជម្រះទោសរបស់តុលាការកម្ពុជានោះទេ។ លោកអះអាងថា គណបក្សប្រឆាំងក៏នឹងមិនអាចដំណើរការឡើងវិញបានដែរ ហើយកម្ពុជាក៏នឹងមិនញញើតនឹងការដាក់សម្ពាធណាមួយពីក្រៅប្រទេសនោះដែរ។
«ខ្ញុំយល់ថា រាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។ ពេលដែលសហគមន៍អឺរ៉ុបដាក់ EBA ២០ភាគរយ មករាជរដ្ឋាភិបាល លោកត្រៀមម្ចាស់ការបានហើយ ត្រៀមម្ចាស់ការគ្រប់កាលៈទេសៈទាំងអស់ក្នុងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននាពេលខាងមុខ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ឲ្យដឹងទៀតថា ការចរចាជាមួយគណបក្សប្រឆាំងមិនអាចធ្វើឡើងនោះទេ ដោយលោកថា ក្រុមមេដឹកនាំគណបក្សនេះបានបិទផ្លូវចរចាដោយខ្លួនឯង តាមរយៈការរុញឲ្យរដ្ឋាភិបាលកម្ពុជាទៅចរចាជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា។
សហភាពអឺរ៉ុប បានសម្រេចព្យួរឋានៈអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងសព្វាវុធ» ឬ EBA ចំនួន២០ភាគរយ លើផលិតផលមួយចំនួនរបស់កម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុប ដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។ ការព្យួរនេះនឹងចូលជាធរមាននៅក្នុងខែសីហាខាងមុខ៕