លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អស់រយៈពេលជិត៥០នាទី នៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ក្បែរវិមានឯករាជ្យ កាលពីថ្ងៃអង្គារ។ ជំនួបនេះកើតឡើងខណៈមេដឹកនាំគណបក្សជំទាស់ដែលកំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះសំណុំរឿងក្បត់ជាតិ បានទៅចូលរួមរំលែកទុក្ខចំពោះការបាត់បង់ម្តាយក្មេករបស់លោក ហ៊ុន សែន។
នេះជាការជួបលើកដំបូងរបស់អ្នកនយោបាយចាស់វស្សាទាំងពីរ ក្រោយតុលាការកំពូលបានរំលាយគណបក្សជំទាស់ កាលពីឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស ដែលរដ្ឋាភិបាលលើកឡើងថា មានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងស.រ.អា.និងលោក កឹម សុខា បានបដិសេធការចោទប្រកាន់នេះ។
គេមិនទាន់ដឹងនៅឡើយថាតើអ្នកនយោបាយទាំងពីរបានជជែកគ្នាលើបញ្ហាអ្វីខ្លះ ដូចជារឿងនយោបាយ និងការផ្សះផ្សាជាតិ ឬយ៉ាងណាទេ។ ប៉ុន្តែអ្នកតាមដានសង្គម និងអ្នកវិភាគនយោបាយយល់ថា នេះជាសញ្ញាវិជ្ជមាននិងជាកាយវិការល្អក្នុងនាមជាអ្នកនយោបាយ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់ VOA នៅថ្ងៃពុធនេះថា ការជួបគ្នានេះ បង្ហាញសញ្ញាវិជ្ជមានឆ្ពោះទៅរកការផ្សះផ្សាខាងនយោបាយ នៅចំពេលដែលប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយប្រជាជនកម្ពុជាជាច្រើន ក្នុងនោះមានកម្មកររោងចក្រកាត់ដេររាប់សែននាក់ កំពុងប្រឈមនឹងការអត់ការងារធ្វើ។
«អ៊ីចឹង នៅក្នុងស្ថានភាពបែបនេះ វាមានតែការពិចារណារបស់អ្នកនយោបាយ ក្នុងការធ្វើការរួមគ្នា ដើម្បីយើងហៅថាធ្វើការរួមគ្នា ដើម្បីដោះស្រាយវិបត្តិសង្គមដែលមានបច្ចុប្បន្នហ្នឹងទៅ។អាហ្នឹងបានយើងអាចមានកម្លាំងគ្រប់គ្រាន់ យើងថាមានសុខភាពគ្រប់គ្រាន់ក្នុងការធ្វើការណា៎»។
បើតាមរូបថតជាច្រើនសន្លឹកដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញលោក ហ៊ុន សែន ក្នុងសម្លៀកបំពាក់ស កាន់ទូរស័ព្ទ ជជែកគ្នាជាមួយ លោក កឹម សុខា ក្នុងសម្លៀកបំពាក់អាវធំពណ៌ខ្មៅ បង្ហាញពីការរំលែកទុក្ខ។ លោក កឹម សុខា ក៏មានក្រុមមេធាវី និងមន្រ្តីរបស់លោកអមដំណើរផងដែរ។
លោក ចាន់ ចេន មេធាវីការពារក្តីរបស់លោក កឹម សុខា ដែលស្ថិតក្នុងពិធីបុណ្យសពនោះ មិនផ្តល់ការអធិប្បាយលើទិដ្ឋភាពនយោបាយនោះទេ។ លោកបន្តថា ក្រុមមេធាវីអង្គុយឆ្ងាយពីកន្លែងនៃការជួបសន្ទនាគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា។
«ពួកយើងអង្គុយឆ្ងាយពីពួកគាត់ ហើយយើងវាមិនដឹងថា ឯកឧត្តម កឹម សុខា និងសម្តេចនាយករដ្ឋមន្ត្រីបានពិភាក្សារឿងអី យើងស្តាប់អត់ឮទេណាបាទ»។
លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ដែលមានវត្តមានពេលចូលរួមរំលែកទុក្ខនោះដែរ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលើកឡើងថា លោក កឹម សុខា តែងតែប្រកាន់ខ្ជាប់នូវ«ស្មារតីខ្មែរតែមួយជាពិសេសក្នុងកាលៈទេសៈដែលមានទុក្ខលំបាក»។
លោកបន្តថា លោក ហ៊ុន សែន និងលោក កឹម សុខា បានជួបសំណេះសំណាលគ្នាអស់រយៈពេលជិត៥០នាទី «អំពីសុខទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ»។ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីចំណុចអ្វីដែលត្រូវបានលើកយកមកជជែកនោះទេ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់VOAថា ការជួបគ្នានេះ គ្មានអ្វីក្រៅតែពីការបង្ហាញនូវសន្តានចិត្តចែករំលែកទុក្ខគ្នាតែប៉ុណ្ណោះ។
«ការចូលទៅគោរពវិញ្ញាណក្ខន្ធនៃគ្រួសារសព មិនថាឥស្សរជននយោបាយ ឬនរណាទេ គឺជាកាយវិការរបស់មនុស្សក្នុងការគោរពទទួលស្គាល់គ្នាទៅវិញទៅមក។ វាគ្មានអ្វីលើសហ្នឹងទេ ហើយវាជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង បាទប៉ុណ្ណឹង»។
កាលពីថ្ងៃទី៣០ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតថ្លែងអំណរគុណទៅលោក កឹម សុខា ដែលបានផ្តល់ថវិកា៥ពាន់ដុល្លារដល់រដ្ឋាភិបាល ជាចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល(Comfrel)ដែលធ្វើការងារទាក់ទងនឹងការបោះឆ្នោត ចាត់ទុកថា ជំនួបរវាងអ្នកទាំងពីរជាសញ្ញាវិជ្ជមាននៃការត្រូវរ៉ូវគ្នា។ លោកជឿថាផ្តើមពីជំនួបនេះ អ្នកនយោបាយទាំងពីរនឹងបន្តជជែកគ្នា ដែលឈានទៅបន្ធូរបន្ថយជម្លោះនយោបាយ និងរកច្រកទប់ទល់នឹងសម្ពាធអន្តរជាតិ បន្ថែមលើវិបត្តិសង្គម និងសេដ្ឋកិច្ចជាច្រើនដែលកើតចេញពីការរាតត្បាតនៃវីរុសកូរ៉ូណា។
សម្ពាធអន្តរជាតិនោះ លោក កន សាវាង្ស សំដៅលើប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងសព្វាវុធ» ឬហៅកាត់ថាEBA ដែលនឹងចូលជាធរមាននៅក្នុងខែសីហា ហើយប៉ះពាល់ការងាររបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលសម្រាប់ធ្វើដំណើរ។
លោកបន្ថែមថា៖ «ព្រោះបើមិនចឹង បើយើងនៅបន្ត អ្នកនយោបាយ លោកអត់ជជែក បន្តជជែកគ្នារកដំណោះស្រាយទេ មានន័យថា ស្ថានភាពទៅមុខទៅ វារឹតតែអាចធ្ងន់ធ្ងរហ្នឹងថែមទៀតនែ៎! ធ្ងន់ធ្ងរយ៉ាងណា? យើងមើលដោយសារតែរឿងសេដ្ឋកិច្ច ដោយសារតែរឿងកូវីដហ្នឹងផងនែ៎! ហើយមិនដឹងថាតើទៅមុខទៅអ្វី ដែលកើតឡើងរវាងសហគមន៍អន្តរជាតិហ្នឹងបន្តយ៉ាងណាទៀតសម្រាប់ស្រុកយើង»។
អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះថា រូបលោកផ្ទាល់និងប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រឲ្យឥស្សរជននយោបាយខ្មែរ គ្រប់លំដាប់ថ្នាក់មានឥរិយាបថនិងវប្បធម៌ប្រាស្រ័យទាក់ទងគ្នាបែបនេះ។
លោកសរសេរថា៖ «វប្បធម៌និងឥរិយាបថបែបនេះគួរតែមាននៅក្នុងសង្គមជាតិខ្មែរយើងដរាបរៀងទៅ ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ។ ទង្វើបែបនេះគឺជាសីលធម៌និងគុណធម៌ដែលអ្នកនយោបាយ និងពលរដ្ឋខ្មែរគ្រប់និន្នាការគួរប្រកាន់យកហើយការប្រព្រឹត្តបែបនេះ គួរត្រូវបានជំរុញ និងធ្វើជាគំរូ ដោយមេដឹកនាំនយោបាយ»។
លោក កឹម សុខា កំពុងតទល់ក្តីក្តាំក្នុងសំណុំរឿង«ក្បត់ជាតិ» នៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការបានលើកពេលដោយមិនកំណត់ ដោយសារការរាតត្បាតវីរុសកូរ៉ូណា។
កាលពីខែមីនា លោក ហ៊ុន សែន បានព្រមានជាសាធារណៈថា ការកាត់ទោសលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនឹងបន្តដោយគ្មានការប្រែប្រួល ស្របពេលដែលមានគំនាបអន្តរជាតិលើប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ លោក កឹម សុខា ធ្លាប់ត្រូវបានលើកលែងទោស តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងហើយ។ កាលនោះ តុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ពីបទបដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីនៅតុលាការ។
ជាមួយគ្នានេះដែរ លោក សម រង្ស៊ី មេដឹកនាំកំពូលម្នាក់ទៀតនៃគណបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ ក៏បានបង្ហោះសារចូលរួមមរណទុក្ខ ដែលលោក ហ៊ុន សែន បាត់បង់ម្តាយក្មេក។
ក្នុងសាររំលែកទុក្ខសរសេរទៅលោក ហ៊ុន សែន ដែលបង្ហោះលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី សរសេរថា៖ «ទោះជាជំហរនយោបាយយើងម្នាក់ៗខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្តាលមកពីមរណភាពមនុស្ស ដែលយើងស្រឡាញ់អាចកើតមានដូចគ្នាគ្រប់ពេលវេលា»៕