សវនាការលើលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ ដោយលោកបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការជំនុំជម្រះរបស់លោក។
លោក កឹម សុខា បានមកដល់តុលាការនៅម៉ោង៧ និង៣៥នាទីជាមួយក្រុមមេធាវីរបស់លោក។ លោកមិនបានថ្លែងទៅកាន់អ្នកសារព័ត៌មាននោះទេ។
សវនាការលើលោក កឹម សុខា នៅព្រឹកនេះ ត្រូវបានយាមកាមដោយកម្លាំងសន្តិសុខចម្រុះនិងមានការតាមដានពីមន្រ្តីអង្គទូត អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ។ សមត្ថកិច្ចដាក់ម៉ាស៊ីនស្កែនគ្រឿងផ្ទុះ នៅច្រកដើរចូលទៅខាងក្នុងតុលាការផងដែរ។
អ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យឈរខាងមុខ ក្បែរខ្លោងទ្វារ និងរបងតុលាការនោះទេ។ អ្នកសារព័ត៌មានតិចតួចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបន្ទប់សវនាការ។
មន្រ្តីរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមួយចំនួនកំពុងតាមដានសវនាការជំនុំជម្រះនេះក្នុងបន្ទប់សវនាការផ្ទាល់តែម្តង។
សវនាការដំបូងនេះមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមករា។ នេះបើតាមមេធាវីរបស់លោក កឹម សុខា។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ។
លោក តាំង ស៊ុនឡាយ មានប្រសាសន៍ថា៖ «ដោយសាររឿងធំ ប្រហែលជាយើងគ្រោងបីខែ។ យើងគ្រោងបីខែបានចប់»។ លោកបន្ថែមថា តុលាការគ្រោងយកថ្ងៃពុធ និងព្រហស្បតិ៍រៀងរាល់សប្តាហ៍ ដើម្បីដំណើរការសវនាការនេះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោក កឹម សុខា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយលោកបានជាប់ឃុំនៅក្នុងពន្ធនាគារ និងនៅផ្ទះមួយរយៈ។ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យធ្វើនយោបាយ និងធ្វើដំណើរទៅក្រៅប្រទេសនោះទេ ដោយលោកមានសិទ្ធិត្រឹមដើរហើរក្នុងប្រទេស និងជួបជាមួយអ្នកការទូត កន្លងមកតែប៉ុណ្ណោះ៕