សវនាការលើសំណុំរឿងលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ ឬ បទសន្ទិដ្ឋិភាពជាមួយបរទេសនឹងត្រូវចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៥ ខែមករានេះ ក្រោយពីលោក កឹម សុខាត្រូវបានឃុំខ្លួនអស់រយៈពេល២ឆ្នាំ។ ការជំនុំជម្រះទោសនេះ ត្រូវបានមន្ត្រីតុលាការអះអាងថាអាចនឹងចំណាយពេលប្រមាណ៣ខែដើម្បីបញ្ចប់សំណុំរឿង។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ចាត់ទុកថានេះគឺជាបទចោទប្រកាន់បែបប្រឌិតនិងទាមទារឲ្យមានការទម្លាក់ចោលបទចោទនេះ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សHuman Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងថាលោក កឹម សុខា គ្មានធ្វើអ្វីខុសដែលលោកត្រូវប្រឈមមុខនឹងបទចោទប្រកាន់អំពីរឿងក្បត់ជាតិ ហើយត្រូវចាប់ឃុំឃាំងនិងឃុំក្នុងផ្ទះរួចហើយត្រូវបន្តកាត់ទោសនោះទេ។
លោក Robertsonបន្តថារឿងនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ដល់សិទ្ធិរបស់លោក កឹម សុខា។
«ជាការពិតលោក កឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះទោសដែលត្រូវបានរៀបចំជាឈុតឆាកទាក់ទងនឹងបទចោទរឿងអំពើក្បត់ជាតិដែលជារឿងប្រឌិតពិត ប្រាកដនេះ»។
លោកបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោកទៀតថាតុលាការគួរបញ្ចប់ សំណុំរឿងនេះដោយយុត្តិធម៌ ។
«ជារឿងសោកស្ដាយដែលគ្មានក្ដីសង្ឃឹមថាតុលាការដែលគ្រប់គ្រងដោយនយោបាយ ក្នុងប្រទេសកម្ពុជា នឹងមិនហានធ្វើអ្វីដើម្បីពិនិត្យមើលសំណុំរឿងរបស់ព្រះរាជអាជ្ញា ដែលមិនគ្រប់ជ្រុងជ្រោយ ឬក៏ដំណើរការអយុត្តិធម៌យ៉ាងច្បាស់ក្រឡែតនេះ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការមុនការបោះឆ្នោត នឹងបង្ហាញខ្លួននៅក្នុងសវនាការតាមការគ្រោងទុក ទោះបីជាលោកត្រូវបានចោទប្រកាន់ថាបានឃុបឃិតជាមួយបរទេសដើម្បីប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនកាលពីចុងឆ្នាំ២០១៧ រួចត្រូវបញ្ជូនខ្លួនទៅឃុំក្នុងគុក ហើយក្រោយមកតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោកកាលពីខែ វិច្ឆិកាឆ្នាំ២០១៩ តែលោកមិនមានសិទ្ធិធ្វើនយោបាយនិងធ្វើដំណើរចេញក្រៅប្រទេសទេ ដោយគ្រាន់តែមានសិទ្ធិជួបជាមួយអ្នកការទូតនិងធ្វើដំណើរក្នុងប្រទេស ក្នុងពេល លោក សម រង្ស៉ី ជាមេដឹកនាំក្រុមជំទាស់១រូបទៀត កំពុងនិរទេសខ្លួននៅក្រៅ ប្រទេស។
លោក Phil Robertson បានព្រមានឲ្យដឹងពីផលប៉ះពាល់ដល់ប្រព័ន្ធអនុគ្រោះពន្ធលើ ទំនិញទាំងអស់លើកលែងតែអាវុធ ហៅថា EBA(Everything But Arms) ទាក់ទងនឹងដំណើរការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលសហភាពអឺរ៉ុបកំពុងតាមឃ្លាំមើលមុនការសម្រេចចុងក្រោយថាត្រូវព្យួរ ឬមិនព្យួរ EBAនេះនៅខែកុម្ភៈខាងមុខនេះ។
«សហភាពអឺរ៉ុបលើកឡើងម្ដងហើយម្តងទៀតអំពីសំណុំរឿងលោក កឹម សុខា នៅក្នុង បរិបទនៃការបន្តត្រួតពិនិត្យមើលអំពីរឿងការអនុគ្រោះពន្ធលើពាណិជ្ជកម្មកម្ពុជា»។
លោកបានអះអាងថារដ្ឋាភិបាលខកខានក្នុងការធ្វើឲ្យប្រសើរឡើងលើបញ្ហាសិទ្ធិ មនុស្សដែលសហភាពអឺរ៉ុបនឹងចាត់វិធានការតឹងរ៉ឹងនៅខែក្រោយនេះ បើកម្ពុជាមិន អនុវត្តន៍តាមមាត្រាស្ដីពីសិទ្ធិមនុស្សក្នុងកិច្ចព្រមព្រៀង EBA។
ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេសនិងមន្ត្រីរាជរដ្ឋាភិបាលបានអះអាងថារដ្ឋាភិបាល បានបញ្ជូនរបាយការណ៍ដល់សហភាពអឺរ៉ុបរួចហើយអំពីការចោទប្រកាន់រឿងរំលោភ សិទ្ធិមនុស្សនិងការស្ដារលទ្ធិប្រជាធិបតេយ្យ ហើយបញ្ជាក់ថារដ្ឋាភិបាលមិនបារម្ភនឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទេ។
លោក Nicholas Bequelin នាយកប្រចាំតំបន់អាស៊ីបូព៌ានៃអង្គការសិទ្ធិមនុស្សAmnesty International ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានហៅការចោទប្រកាន់មេដឹកនាំក្រុមជំទាស់ពីបទក្បត់ជាតិ ថាជាការចោទប្រកាន់មិនពិត ហើយថាបទចោទនេះគួរត្រូវទម្លាក់ចោល។
«បន្ទាប់ពីការឃុំខ្លួនតាមទំនើងចិត្តអស់រយៈពេល២ឆ្នាំ អាជ្ញាធរមិនបានបង្ហាញ ភស្តុតាងដ៏គួរឲ្យជឿជាក់បានមួយផ្នែកណាដើម្បីគាំទ្រការចោទប្រកាន់អំពីអំពើក្បត់ជាតិទេ។ បទល្មើសត្រូវបានប្រឌិតឡើងតាមបែបនយោបាយដើម្បីបន្តកៀបសង្កត់គណបក្សជំទាស់។ តុលាការរាជធានីភ្នំពេញចាំបាច់ត្រូវតែដោះលែងលោក កឹម សុខាឲ្យរួចទោស ហើយបញ្ចប់ប្រព័ន្ធយុត្តិធម៌ដែលរងការចំអកនេះ»។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំងនឹង ពាក្យបណ្ដឹង ក្រោយពីចៅក្រមបានអះអាងថាសំណុំរឿងលោក កឹម សុខា មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅជម្រះទោសនោះ។
ការបើកសវនាការដំបូងលើសំណុំរឿងលោក កឹម សុខា ដើម្បីសម្រេចថាលោកមាន ទោសឬគ្មានទោសនោះ គឺកើតឡើងក្រោយរយៈពេលជាង២ឆ្នាំនៃការឃុំខ្លួនលោក។ សវនាការនេះត្រូវគេរំពឹងថានឹងមានការចូលរួមពីអ្នកឃ្លាំមើលជាច្រើនរួមអ្នកការទូត បរទេសនានា និងអង្គការសង្គមស៊ីវិលផងដែរក្នុងបន្ទប់សវនាការដែលមន្ត្រីតុលាការអះអាងថាអាចដាក់មនុស្សបានតែ៣០នាក់នោះ ក្នុងពេលអាជ្ញាធររៀបចំការពារសន្តិសុខតឹងរ៉ឹងសម្រាប់ការជំនុំជម្រះក្ដីនេះ៕