ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុណ្យទក្ខិណានុប្បទាន​គ្រប់​ខួប៤ឆ្នាំ​សព​លោក កែម ឡី មិនមាន​ភាពកកកុញ និង​រក្សាគម្លាត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បុណ្យ​ទក្ខិណានុប្បទាន​គ្រប់​ខួប​៤​ឆ្នាំ​សព​លោក​ កែម ឡី​ មិន​មាន​ភាព​កកកុញ​និង​រក្សា​គម្លាត

ពិធី​បុណ្យ​ទក្ខិណានុប្បទាន​គម្រប់​ខួប៤ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក កែម ឡី ធ្វើ​នៅ​គេហដ្ឋាន​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ ក្រុង​ឡូវែល រដ្ឋមាស្សាជូសេត មាន​អ្នកចូលរួម និង​ចូលបច្ច័យ​ផ្ទាល់​ជាង​១០០នាក់ តែ​មាន​អ្នក​ចូល​បច្ច័យ​ដោយ​ផ្ញើ​តាម​គ្នា តាម​ទូរស័ព្ទ និង​តាម​បណ្តាញ​សង្គម​ផងដែរ។

អ្នក​ចូល​រួម​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​គម្រប់​ខួប​៤ឆ្នាំ​នៃ​សព​លោក​ កែម ឡី​ និយាយ​ថា ពិធី​នេះ​ធ្វើ​ស្រប​តាម​វិធាន​ការ​អនាម័យ​កំណត់​ដោយ​អាជ្ញាធរ​ ដើម្បី​បង្ការ​ការ​ឆ្លង​វីរុសកូរ៉ូណា​ ដែល​បច្ចុប្បន្ន​ស.រ.អា.​មាន​ករណី​ឆ្លង​ប្រមាណ​៣​លាន ​៣​សែន ​និង​ស្លាប់​ជិត​១៣​ម៉ឺន​នាក់។​ ដោយ​ឡែក​នៅ​ទីក្រុង​ឡូវែល​ ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ច្រើន​ ​មាន​ករណី​កូវីដ១៩​ ជាង​២៩០០​នាក់ ​និង​ស្លាប់​១៣៥​នាក់ ​គិត​ត្រឹម​ថ្ងៃ​ទី១០ ​ខែ​កក្កដា ឆ្នាំ២០២០។​

លោក ​នួន វាសនា ​សមាជិក​ក្រុម​ប្រឹក្សា ​និង​ជា​អភិបាល​រង​ក្រុង​ឡូវែល​បាន​សរសើរ​ម្ចាស់​ផ្ទះ ​ដែល​រៀបចំ​ទទួល​កម្ម​វិធី​នេះ។ ​ លោក​បាន​ឲ្យ​ដឹង​ថា​ ​អ្នក​ចូល​រួម​ពិធី​នេះ​មាន​ពាក់​ម៉ាស ​រក្សា​គម្លាត ​មាន​ទឹក​លៀង​ដៃ​ ហើយ​និង​ធ្វើ​នៅ​ទីធ្លា​ គឺ​មិន​ធ្វើ​នៅ​ក្នុង​កន្លែង​បិទ​ជិត​ទេ។ លោក​ក៏​បាន​បន្ថែម​ថា​ ​ទោះ​ជា​ពិធី​នេះ​ផ្តួច​ផ្តើម​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ ​ប៉ុន្តែ​អ្នក​ចូល​រួម​ មិន​មែន​មាន​តែ​សមាជិក​គណបក្ស​នេះ​ទេ ព្រោះ​លោក ​កែម ឡី​ ជា​អ្នក​ស្នេហាជាតិ ​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ដោយ​អយុត្តិធម៌។​ លោក​ថ្លែងថា៖​

«បងប្អូន​ដែល​មក​ចូល​រួម​នឹង ​សូម្បី​តែ​មិន​[មែន​សមាជិក​គណបក្ស]​សង្គ្រោះ​ជាតិ​ក៏​មក​ដែរ​ ព្រោះ​គិត​ថា​ ​បណ្ឌិត ​កែម ឡី​ ជា​ខ្មែរ​ម្នាក់​ដែល​ហ៊ាន​តវ៉ា ហ៊ាន​និយាយ​ការណ៍​ពិត ​ហ៊ាន​លះបង់​ជីវិត​ ដើម្បី​ប្រទេស​របស់ខ្លួន​នោះ​ណា៎…កម្រ​មាន​ណាស់!​ ជា​ពិសេស​នៅ​ក្នុង​រដ្ឋយើង​នីមួយៗ​អត់​មាន​ហាមឃាត់​ទេ ​ គ្រាន់​តែ​ថា​ ដោយ​សាកូវីដនេះ ​យើង​ត្រូវ​តែ​មាន​គម្លាត ​ឬ​ ក៏​ពាក់​ម៉ាស​អី​អ៊ីចឹង​ទៅ។​ មិនមែន​ដូចស្រុក​យើង​ទេ! ដូច​ព្រះអង្គ​មាន​សង្ឃ​ដីកា​អ៊ីចឹង!​ ទៅ​ចូលរួម​ធ្វើ​បុណ្យ​មិន​បាន​ផង»។

លោក ​នួន ​វាសនា ​ក៏ដូច​ជា​អ្នក​ចូល​រួម​ជាច្រើន​បាន​និយាយ​ថា ​ការចាត់​ចែង​បច្ច័យ​ក្នុង​ពិធី​បុណ្យ​នេះ​មាន​តម្លាភាព ​ ហើយ​មិន​ដែល​មាន​បញ្ហា​បាត់​បច្ច័យ​ទេ​ក្នុង​ការ​អង្កាស​ប្រាក់​ជួយ​អ្នក​ក្រ​នៅ​ស្រុក​ខ្មែរ​ និង​សកម្មជន​ជា​ច្រើនកន្លង​មក។​

ព្រះ​តេជគុណ ​ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃឯករាជ្យ​ ដែល​រង​ការ​ចោទ​ប្រកាន់​រឿង​បាត់​លុយ​បុណ្យ​សព​លោក​ កែម​ ឡី កាល​ពី​បួនឆ្នាំ​មុន​នោះ យល់​ស្រប​ថា​ ​ពិធី​បុណ្យ​នៅ​ទីក្រុង​ឡូវែល​នេះ ​មាន​វិធានការ​អនាម័យ​ត្រឹម​ត្រូវ​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ហើយ​បច្ច័យ​មាន​តម្លាភាព។

ព្រះ​អង្គមាន​សង្ឃដីកា​ថា​ ​គណៈ​កម្មការ​បុណ្យ​សពលោក​ កែម ​ឡី​ កាលពី​បួនឆ្នាំ​មុន​បាន​រង​ការ​ចោទ​នេះ​ ​ពីព្រោះ​អ្នក​រិះគន់​មាន​គំនិត​នយោបាយ​អាក្រក់​ប្រឆាំង​អ្នក​ល្បី ​ដែល​ការពារ​ប្រយោជន៍​រួម។ ​ ទោះ​ជាយ៉ាងណា ​ព្រះ​អង្គ​ពន្យល់​ថា​ ការ​គ្រប់​គ្រង​បច្ច័យ​នោះ ​មាន​ចំណុច​ខ្សោយ​ គឺ​គណៈ​កម្មការ​ ដែល​រួម​មាន​ព្រះអង្គ​ដែរ​នោះ មិន​បាន​កាន់​លុយ​បច្ច័យ​ទេ​ ព្រោះ​តាម​ទម្លាប់ ​គឺ​គ្រួសារ​ជា​អ្នក​គ្រប់គ្រង។​ ប៉ុន្តែ​ពិធី​បុណ្យ​សព​លោក ​កែម ឡី ​នោះ​ធំ ​ដែល​អ្នកស្រី ​បូ៊ រចនា​ ភរិយា​លោក​ កែម ឡី ​មិន​អាច​ផ្ទៀង​ផ្ទាត់​បច្ច័យ​បាន​ ​ខណៈ​អ្នកស្រី​កំពុង​កើត​ទុក្ខ​ធំ​ ហើយ​មិន​បាន​ទៅ​កន្លែង​ប្រមូល​បច្ច័យ​ផង។​ ទាំង​គណៈ​កម្មការ ​ទាំង​ភរិយា​លោក​ កែម ឡី​ គិត​តែ​ខ្វល់ខ្វាយ​រក​យុត្តិធ៌ម​សម្រាប់​លោក ​កែម ឡី​ និង​សោកស្តាយ​ ហើយមិន​បាន​ប្រយ័ត្ន​ប្រយែង​អំពី​បច្ច័យ។ ព្រះ​អង្គ​បន្ត​ថា ​ សូម្បីតែ​ការ​ចាក់ថ្នាំ​រក្សា​សព​ ក៏​ធ្វើ​មិន​បាន​ល្អ​ គឺ​ចាញ់​បោក​សាលាក្រុង​ដែល​ថា ​សពស្អុយ។​ ព្រះ​អង្គ​បន្ត​ថា ​ ព្រះអង្គ​មិន​ទោមស្ស​នឹង​អ្នក​រិះគន់​ទេ ​ព្រោះ​បទ​ពិសោធន៍​នេះ​ នាំ​ឲ្យ​ព្រះ​អង្គ​ដឹង​ថា​ ​ពិធីបុណ្យ​សព​ធំៗ​កម្រិត​ជាតិ​បែប​នេះ​ ​ទៅ​អនាគត​ត្រូវ​ឲ្យ​គណៈកម្មការគ្រប់​គ្រង​បច្ច័យ​ ​រីឯ​បុណ្យសព​ធម្មតា​ទុក​ឲ្យ​គ្រួសារ​គ្រប់​គ្រង​តាម​ទម្លាប់​ចុះ។​

ខណៈ​ចេតីយ៍​លោក ​កែម ឡី ​នៅ​មិន​ទាន់​ធ្វើ​ចប់​សព្វគ្រប់​ឡើយ​នោះ​ ​ព្រះអង្គ​មាន​សង្ឃដីកា​ថា៖​ «កម្ពុជា​យើង​ បេសក​កម្ម​ជាតិ​ជាទូទៅ​មេម៉ាយ។​ ​បេសក​កម្មនយោបាយ​ ​គណបក្ស​នយោបាយ​ក៏​មេម៉ាយ​ ​បេសក​កម្ម​ជួយ​ផ្តល់​តម្លៃ​ឲ្យ​វីរជន​ក៏​មេម៉ាយ​ ដោយសារ​សម្ពាធ​នយោបាយ។​ ដូច្នេះ ​បើ​របត់​នយោបាយ​ហ្នឹង​អត់ដូរ ​ព្រះ​ចេតិយ​នៅ​តែ​មេម៉ាយ​ដដែល។​ ដើម្បី​ឲ្យ​ព្រះចេតិយ​ហ្នឹង​រួច​ ត្រូវ​ធ្វើ​រឿង​ទីមួយ​មុន​គេ ​រក​យុត្តិធម៌​សិន»។​

លោក ​ឡុង រី ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គោះជាតិ ​ដែល​តុលាការ​កំពូល​រំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​នោះ​ ​បាន​យល់​ស្រប​ថា​ ​ត្រូវ​មាន​ការ​ផ្លាស់ប្តូរ​ដើម្បី​មាន​យុត្តិធម៌សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ។ ឆ្លៀត​ឱកាស​ក្នុង​បុណ្យ​ទក្ខិណានុប្បទាន​នេះ​ ​លោក​ប្រកាស​ផែន​ការ​ថ្មី​របស់​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​«យុទ្ធនា​ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា»។​

ក្នុង​ពិធី​នេះ ​លោក​បាន​អំពាវនាវ​រក​ការ​គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នេះ។ លោក​និយាយ​ថា​ នៅ​កម្ពុជា អ្នក​ទាមទារ​រក​យុត្តិធម៌​ត្រូវគេ​ចាត់​ទុកជាខ្មាំង​ ជា​អ្នក​ប្រឆាំង ​ហើយ​ត្រូវ​ចាប់​ដាក់​គុក។ ក្នុង​វប្បធម៌​និទណ្ឌភាព​នេះ​ អ្នក​ស្លាប់​ត្រូវ​រងគ្រោះ​ដោយ​អយុត្តិធម៌​ ហើយ​«ខណៈ​ពេល​ដែល​អ្នក​នៅ​រស់​ទាមទារ​យុត្តិធម៌​នោះ ឃាតក​បែរ​ជា​រួច​ខ្លួន»។​

«អ៊ីចឹង​ហើយ​បាន​យើង​អត់មាន​ជំនឿ​ជាមួយ​តុលាការ​ស្រុក​ខ្មែរ​ទេ។ ​យើង​ត្រូវតែ​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រងគ្រោះ។ អ៊ីចឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ណា​មួយ​ ឱ្យ​តែ​លោក​ឯករាជ្យ​ យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​ដូច​ប្រទេស​ជឿនលឿន​ដទៃ​អ៊ីចឹង​ ​សម្រាប់​យុត្តិធម៌​ជូន​ស្រុក​ខ្មែរ​យើង»។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រតិកម្ម​ប្រាប់​វីអូអេ​ថា ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែលៗ​ ដូចជា​ ធ្វើ​សម្ព័ន្ធភាព​អ្នក​ប្រជា​ធិបតេយ្យ​ដើម្បី​ការ​ផ្លាស់ប្តូរ​ជាដើម តែសុទ្ធតែ​មិន​បានការ។​ លោក​ឆ្លើយ​តប​ថា៖​

«យក​ទណ្ឌិត​ សម រង្ស៊ី ​មក​ជាប់គុក​ស្រុក​ខ្មែរ​សិន ​អាហ្នឹង​បាន​អត់​មាន​និទណ្ឌ​ភាព​ បាទ​ ពី​ព្រោះគាត់​មាន​ដីកា​តុលាការ​ស្ថាពរ​រួច​ហើយ ​ត្រូវ​ជាប់​គុក»។

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​លោក​បណ្ឌិត ​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ ស្តុបបូកគោ ​ទីក្រុង​ភ្នំពេញ។

ឃាតកម្ម​នេះ​ កើត​ឡើង​ក្រោយ​ពី​លោក​ធ្វើ​សេចក្តី​អធិប្បាយ​អំពី​របាយ​ការណ៍​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ សមត្ថកិច្ច​បាន​ចាប់​លោក​អឿត​អាង​ដែល​មតិជាច្រើន​យល់​ថា ​ជា​ឃាតក​សិប្ប​និមិត្ត​ សូម្បី​តែ​ឈ្មោះ​ ជួប សម្លាប់ ​ក៏​មិន​អាច​យក​ជាការ​បាន​ផង។​ ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ បែ៉ន សុខផល ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រដ្ឋ​ម៉ាស្សាជូសេត​ឲ្យ​ដឹង​ថា​ បច្ច័យ​ប្រមាណ​៣ពាន់ ​ដុល្លារ ​បាន​ពី​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​នេះ​ គឺ​បញ្ចូល​ក្នុង​មូលនិធិ​កែម ឡី​ សម្រាប់​បេសក​កម្ម​អ្នក​ស្នេហាជាតិ ​ជួយ​ជន​រងគ្រោះ​នៃ​អំពើ​អយុត្តិធម៌៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG