ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កាហ្សាក់ស្ថាន​ថា «ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ត្រូវ​បាន​កម្ទេច


រូបឯកសារ៖ ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokaev ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ដល់​ប្រជាជាតិ បន្ទាប់ពី​ការតវ៉ា​ដែល​បង្ក​ឡើង​ដោយ​ការដំឡើង​ថ្លៃ​ប្រេង​នៅ​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokaev ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ដល់​ប្រជាជាតិ បន្ទាប់ពី​ការតវ៉ា​ដែល​បង្ក​ឡើង​ដោយ​ការដំឡើង​ថ្លៃ​ប្រេង​នៅ​ក្នុង​ក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២២។

ប្រធានាធិបតី​ប្រទេស​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokayev បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​របស់​លោក ​បាន​កម្ទេច​«ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»​មួយ​ក្នុង​អំឡុងពេល​នៃ​អំពើ​ហិង្សា​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ កាលពី​សប្តាហ៍​មុន និង​បាន​បញ្ជាក់​ថា កងទ័ព​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ជួយ​បង្រ្កាប​ភាព​ចលាចល​នេះ នឹង​ត្រូវ​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

នៅ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​តាម​អនឡាញ​របស់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​ស្ថិត​ក្រោម​ចំណុះ​សហភាព​សូវៀត ដែល​មាន​សម្ព័ន្ធភាព​យោធា​ជាមួយ​គ្នា ហើយ​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជាក់​ថា កងទ័ព​ទាំងនោះ​ នឹង​ចាកចេញ​ពី​ប្រទេស​កាហ្សាក់ស្ថាន​វិញ​ នៅ​ពេល​ណា​ដែល​បេសកកម្ម​របស់​ពួកគេ​បាន​បញ្ចប់។

ប្រទេស​កាហ្សាក់ស្ថាន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល​មួយ​នេះ​ បាន​ពើប​ប្រទះ​នូវ​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​ខ្លួន ប៉ុន្តែ​ស្ថានភាព​របស់​ទីក្រុង Almaty ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​ ទំនង​ហាក់ដូចជា​បាន​វិល​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ហើយ​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្របពេល​ដែល​ប្រទេស​នេះ​ កំពុង​កាន់ទុក្ខ​មនុស្ស​រាប់​សិប​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នោះ។

លោក Tokayev បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា៖ «ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់​អាវុធ» បាន​ប្រើប្រាស់​ការ​តវ៉ា​នេះ​ដើម្បី​ព្យាយាម​ដណ្តើម​អំណាច។

លោក Tokayev បាន​បន្ត​ថា៖ «គោលបំណង​របស់​ពួកគេ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​ចង់​ធ្វើ​ឲ្យ​អន្តរាយ​ដល់​របៀប​រៀបរយ​ដែល​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ បំផ្លាញ​ស្ថាប័ន​រដ្ឋាភិបាល និង​ដណ្តើម​គ្រប់គ្រង​អំណាច។ នេះ​ គឺជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ»។

ប្រធានាធិបតី​កាហ្សាក់ស្ថាន​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី បាន​បញ្ជូន​កងទ័ព​ជាង ២.០០០ នាក់ និង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់ ២៥០ គ្រឿង​ចូល​ប្រទេស​កាហ្សាក់ស្ថាន​ដើម្បី​ជួយ​បង្ក្រាប​ភាព​ចលាចល ហើយ​លោក​បាន​សន្យា​ថា ពួកគេ​ នឹង​ចាកចេញ​ទៅវិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

XS
SM
MD
LG