ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កាហ្សាក់ស្ថាន អនុញ្ញាត​ឲ្យ«បាញ់​សម្លាប់​ដោយ​គ្មាន​ការព្រមាន»


ប៉ូលិស​កុប្បកម្ម​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​រារាំង​បាតុករ​អំឡុង​ពេល​ការ​តវ៉ា​នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (AP)
ប៉ូលិស​កុប្បកម្ម​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​រារាំង​បាតុករ​អំឡុង​ពេល​ការ​តវ៉ា​នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (AP)

ប្រធានាធិបតី​កាហ្សាក់ស្ថាន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​សន្តិសុខ​របស់​កាហ្សាក់ស្ថាន«បាញ់​សម្លាប់​ដោយ​គ្មាន​ការព្រមាន»​ខណៈ​ដែល​លោក​ស្វះស្វែង​បញ្ចប់​ការ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

ប្រធានាធិបតី Kassym-Jomart Tokayev បាន​និយាយ​ថា វា​ជា«ការឆ្កួតលីលា»ដើម្បី​ចរចា ជាមួយ​ពួក​បាតុករ​ដែល​លោក​បាន​ពណ៌នា​ថា​ជា«ឧក្រិដ្ឋជន​និង​ឃាតករ»។

មេដឹកនាំ​កាហ្សាក់ស្ថាន​រូប​នេះ បាន​និយាយ​ថា កងទ័ព​រក្សា​សន្តិភាព​រុស្ស៊ី​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​តាម​សំណើ​របស់​លោក​ឲ្យ​ស្ថិតនៅ​បណ្តោះ​អាសន្ន​ដើម្បី​ធានា​សន្តិសុខ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​ប្រធានាធិបតី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា របៀប​រៀបរយ​ភាគច្រើន​ត្រូវ​បាន​ស្តាឡើង​វិញ​ហើយ បន្ទាប់ពី​មានចលាចល​អស់​មួយ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​នេះ។

សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី បាន​បញ្ជាក់​ថា «អាជ្ញាធរ​មូលដ្ឋាន កំពុងក្តាប់​ស្ថានការណ៍។ ក៏ប៉ុន្តែ ពួក​ភេរវជន នៅ​កំពុង​ប្រើប្រាស់​អាវុធ​និង​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ សម្បត្តិ​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ ចំណាត់ការ​ប្រឆាំង​ភេរវកម្ម ត្រូវតែ​បន្ត​រហូតទាល់តែ​ពួក​ជន​សកម្មប្រយុទ្ធ ត្រូវ​បាន​កំចាត់ចោល​ទាំង​ស្រុង»។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅ​មានឮស្នូរ​កាំភ្លើង​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​នៅ​ក្នុង​ទីក្រុង Almaty ដែល​ជាទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស។

ក្រសួង​មហាផ្ទៃ​កាហ្សាក់ស្ថាន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា «ឧក្រិដ្ឋជន​ប្រដាប់​អាវុធ​ចំនួន២៦នាក់»បាន​ត្រូវ​កំទេច ហើយ​មនុស្ស​ជាង៣ពាន់​នាក់​បាន​ត្រូវ​ឃុំខ្លួន។ ក្រសួង​នោះ ក៏​បាន​និយាយ​ដែរ​ថា ប៉ូលិស​និង​សមាជិក​ឆ្មាំការពារ​ជាតិ១៨​នាក់​បាន​ស្លាប់​ចាប់តាំង​ពី​ការតវ៉ា​ប្រឆាំង បាន​ចាប់ផ្តើម។

បាតុកម្ម​បាន​ចាប់ផ្តើម​កាលពី​ចុងសប្តាហ៍​មុន​នៅ​ផ្នែក​ភាគ​ខាង​លិច​នៃ​ប្រទេស​កាហ្សាក់ ស្ថាន​ដើម្បី​តវ៉ា​ចំពោះ​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ទ្វេដង៕

ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agence France-Presse និង Reuters។

XS
SM
MD
LG